រូបិយបណ្ណសាគែល (shakel) របស់អ៊ីស្រាអែល បានធ្លាក់ចុះជិត ៣% បើធៀបនឹងប្រាក់ដុល្លារដោយក្នុង១ដុល្លារប្ដូរបានជិត ៤សាកែល ហើយនេះគឺជាកម្រិតធ្លាក់ចុះទាបបំផុតមិនធ្លាប់មានចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៦។
លោក ហ្គោឡេន បេនីតា (Golan Benita) ប្រធានផ្នែកទីផ្សាររបស់ធនាគារអ៊ីស្រាអែលនេះបានប្រាប់សន្និសីទសារព័ត៌មានថា ពួកគេស្ថិតនៅក្នុងស្ថានភាពសន្តិសុខដ៏មិននឹកស្មានដល់ ហើយពួកគេបានប៉ាន់ប្រមាណថា ទីផ្សារអាចឈានដល់ស្ថានភាពនៃការប្រែប្រួលជាមិនខានបើសិនជាគ្មានការប្រកាសជាមុនពីអន្តរាគមន៍របស់ពួកគេបែបនេះទេ។
រូបិយប័ណ្ណសាកែលបានធ្លាក់ចុះ១០%រួចទៅហើយតាំងពីដើមឆ្នាំ២០២៣មកដល់ពេលនេះជា មួយអត្រាប្ដូរប្រាក់ជិត៤សាកែលក្នុងមួយដុល្លារ ដោយសារភាពចលាចលនយោបាយ និងអ្វីដែលគេរំពឹងថា នឹងមានសង្រ្គាមដ៏យូរជាមួយក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាដែលអាចធ្វើឱ្យប្រាក់សាកែលនឹងធ្លាក់ចុះកាន់តែខ្លាំង។
លោក បេនីតា បាននិយាយថា មុនពេលបើកការជួញដូរ អត្រាប្តូរប្រាក់បានកើនឡើងដល់ទៅជាង៤សាកែលក្នុងមួយដុល្លារភ្លាមៗនៅតំបន់អាស៊ី ដូច្នេះហើយនៅមុនពេលបើកការជួញដូរនៅក្នុងទីផ្សារក្នុងស្រុក ធនាគារអ៊ីស្រាអែល ចាំបាច់ត្រូវតែបង្កើន ភាពប្រាកដប្រជានៅក្នុងទីផ្សារនេះ ដើម្បីជួយសម្រួលឱ្យអស់លទ្ធភាពដើម្បីធានាសកម្មភាពទៀងទាត់នៅទីផ្សារនេះ។
លោក បេនីតា បាននិយាយថា ដូច្នេះហើយពេលនេះធនាគារកណ្ដាលអ៊ីស្រាអែល បានសម្រេចលក់រូបិយប័ណ្ណបរទេស ចំនួន៣០ពាន់លានដុល្លារ ហើយក៏គ្មានផែនការលក់រូបិយបណ្ណបរទេសឱ្យលើសពីកម្រិតនេះដែរ ដើម្បីគាំទ្រសេដ្ឋកិច្ចក្នុងគ្រាមានអាសន្នបែបនេះ។
លោក មូរ៉ាត តូប្រាក់ (Murat Toprak) អ្នកយុទ្ធសាស្រ្តនៅធនាគារ HSBC បាននិយាយថា នៅពេលបច្ចុប្បន្ន អាទិភាពរបស់ធនាគារកណ្តាលអ៊ីស្រាអែល គឺគ្រាន់តែធានាឱ្យមានដំណើរការធម្មតានៃទីផ្សារតែប៉ុណ្ណោះ។
ធនាគារកណ្តាលនេះ ក៏បាននិយាយដែរថា ធនាគារនឹងផ្តល់សាច់ប្រាក់ងាយស្រួលរហូតដល់ចំនួន១៥ពាន់លានដុល្លារតាមរយៈយន្តការដោះដូរនៅក្នុងទីផ្សារ ហើយថា ធនាគាររបស់អ៊ីស្រាអែលនេះ នឹងបន្តតាមដានព្រឹត្តិការណ៍វិវឌ្ឍន៍ថ្មីៗ តាមដានទីផ្សារទាំងអស់ និងធ្វើសកម្មភាពតាមការចាំបាច់ជាមួយនឹងយន្ដការដែលមានស្រាប់ហើយ៕