អតិផរណាពិភពលោក

សង្គ្រាមនៅមជ្ឈឹមបូព៌ាជះផលប៉ះពាល់ពាណិជ្ជកម្មឥណ្ឌា-អ៊ីស្រាអែល និងទីផ្សារហិរញ្ញវត្ថុ


សេដ្ឋកិច្ចពិភពលោកដែលកំពុងរង្គោះរង្គើរួចទៅហើយដោយអតិផរណាកើនខ្ពស់នោះ ឥឡូវនេះកំពុងតែប្រឈមមុខនឹងវិបត្តិភូមិសាស្ត្រនយោបាយមួយទៀត នៅមជ្ឈិមបូព៌ា បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាសលើប្រទេសអ៊ីស្រាអែល និងការប្រកាសសង្រ្គាមជាបន្តបន្ទាប់របស់អ៊ីស្រាអែល ដើម្បីវាយបកទៅកាន់ក្រុមនេះ។
អតិផរណាពិភពលោក
ដោយ

ផលប៉ះពាល់នៃសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ទៅលើសេដ្ឋកិច្ចពិភពលោកភ្លាមៗនេះ មិនទាន់លេចជារូបភាពច្បាស់លាស់នៅឡើយទេ ព្រោះវានឹងត្រូវការពេលវេលាយូរទៅមុខទៀត។ ទោះជាយ៉ាងណា ផលប៉ះពាល់នឹងមានកាន់តែខ្លាំងប្រសិនបើជម្លោះនេះបានបន្តរីករាលដាលដល់តំបន់ផ្សេងទៀតនៃមជ្ឈិមបូព៌ាជាពិសេសដល់ប្រទេសអ៊ីរ៉ង់ ដែលជាអ្នកផលិតប្រេងដ៏សំខាន់ និងជាអ្នកគាំទ្រក្រុមហាម៉ាស់មួយផងដែរ។

លោក កានីកា ផាស្រីចា (Kanika Pasricha) ជាសេដ្ឋវិទូនៅធនាគារ Standard Chartered បាននិយាយថា បណ្តាញដ៏សំខាន់មួយនៃផលប៉ះពាល់ទៅលើសេដ្ឋកិច្ចពិភពលោក គឺតាមរយៈតម្លៃប្រេង ដែលបានឡើងជិតដល់កម្រិត៩០ដុល្លាររួចទៅហើយនាពេលនេះ។

ការរាលដាលជម្លោះនេះទៅដល់បណ្ដាប្រទេសផលិតប្រេងសំខាន់ៗផ្សេងទៀតនៅមជ្ឈិមបូព៌ា បានបង្កការគំរាមកំហែងកាន់តែខ្លាំង និងត្រូវការឃ្លាំមើលយ៉ាងជិតស្និទ្ធដោយហេតុតែសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នកំពុងតែប្រឈមមុខនឹងសេណារីយ៉ូអត្រាការប្រាក់កាន់តែខ្ពស់សម្រាប់រយៈពេលកាន់តែយូរ។

តម្លៃប្រេងឆៅបានហក់ឡើងយ៉ាងខ្លាំងកាលពីថ្ងៃចន្ទ ខណៈដែលភាពតានតឹងបានកើនឡើងនៅមជ្ឈិមបូព៌ា ដែលជាកន្លែងផ្គត់ផ្គងប្រេងជិតមួយភាគបីនៃការផ្គត់ផ្គង់ប្រេងពិភពលោក។

សន្ទស្សន៍ប្រេងឆៅនៅអង់គ្លេស បានកើនឡើងជាង ៣% គឺឡើងដល់ជាង៨៧ដុល្លារ ក្នុងមួយបារ៉ែលកាលពីថ្ងៃចន្ទ ខណៈដែលសន្ទស្សន៍ប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើងជិត៤% ដល់ជិត៨៦ដុល្លារ ក្នុងមួយធុងបារ៉ែល។

នៅពេលតម្លៃប្រេងឆៅកើនឡើងបែបនេះ វាងាយនឹងជំរុញកម្រិតអតិផរណាឱ្យកើនខ្ពស់ថែមទៀតជាហេតុធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកម្តងទៀត។ សហរដ្ឋអាមេរិក ឥណ្ឌា ចិន និងប្រទេសសេដ្ឋកិច្ចធំៗផ្សេងទៀត គឺជាអ្នកនាំចូលប្រេងធំជាងគេបំផុតនៅក្នុងពិភពលោក ហើយពួកគេអាចឃើញអតិផរណានាំចូលកើនខ្ពស់ប្រសិនបើតម្លៃប្រេងនៅតែបន្តកើនឡើង។

ពាក់ព័ន្ធនឹងទំនាក់ទំនងពាណិជ្ជកម្មរវាងឥណ្ឌា និងអ៊ីស្រាអែលវិញ ក្រុមអ្នកវិភាគមើលឃើញថា ភ្លាមៗនេះមិនទាន់មានផលប៉ះពាល់ ដោយសារជម្លោះនេះទេ ប៉ុន្តែវាអាចបង្កើតបញ្ហាផ្នែកផ្គត់ផ្គង់ប្រសិនបើជម្លោះបន្តកើនឡើង។

ការនាំចេញរបស់ឥណ្ឌាទៅកាន់អ៊ីស្រាអែល មានចំនួនជិត២% នៃការនាំចេញទំនិញសរុបរបស់ឥណ្ឌា ក្នុងនោះផលិតផលប្រេង គឺជាទំនិញអាទិភាព។ អ៊ីស្រាអែល បានទិញផលិតផលប្រេងចម្រាញ់ពីឥណ្ឌាប្រហែលជាង៥ ទៅ៦ពាន់លានដុល្លារ ហើយក្នុងឆ្នាំសារពើពន្ធ២០២៣ ការនាំចេញសរុបរបស់ឥណ្ឌាទៅកាន់អ៊ីស្រាអែល មានចំនួនជាង ៨ពាន់លានដុល្លារ ខណៈដែលអ៊ីស្រាអែល បាននាំចេញទៅឥណ្ឌាក្នុងទឹកប្រាក់ជាង២ពាន់លានដុល្លារ។

សង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានធ្វើឱ្យទីផ្សារភាគហ៊ុនភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយអ្នកវិនិយោគកំពុងសញ្ជឹងគិតពីទ្រព្យសម្បត្តិដែលមានសុវត្ថិភាពរបស់ពួកគេ។ វិនិយោគិននៅតែមានការប្រយ័ត្នប្រយែង និងតាមឃ្លាំមើលព្រឹត្តិការណ៍ពិភពលោកយ៉ាងដិតដល់ដើម្បីស្វែងរកទីផ្សារ ដែលគេចផុតពីហានិភ័យ។

លោក វីខេ វីចាយ៉ាគូម៉ា (VK Vijayakumar) ប្រធានអ្នកយុទ្ធសាស្រ្តវិនិយោគនៅសេវាកម្មហិរញ្ញវត្ថុ ជីអូជីត (Geojit) បាននិយាយថា នេះគឺជាពេលវេលាដែលត្រូវប្រុងប្រយ័ត្នសម្រាប់វិនិយោគិន ដើម្បីអាចគេចផុតពីហានិភ័យដ៏ធំមួយនេះ ហើយរង់ចាំមើលស្ថានការវិវត្តច្បាស់លាស់ជាមុនសិន។ វិនិយោគិនរយៈពេលវែងអាចប្រមូលទិញភាគហ៊ុនបន្តិចម្តងៗនៅពេលមានតម្លៃធ្លាក់ចុះ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារកណ្ដាលអ៊ីស្រាអែល នឹងលក់រូបិយបណ្ណបរទេស ៣០ពាន់លានដុល្លារដើម្បីរក្សាស្ថិរភាពរូបិយបណ្ណក្នុងស្រុក

ព័ត៌មាន
ធនាគារកណ្តាលអុីស្រាអែល បាននិយាយពីថ្ងៃចន្ទថា ធនាគារនេះនឹងលក់រូបិយបណ្ណបរទេសរហូតដល់ចំនួន ៣០ពាន់លានដុល្លារ នៅក្នុងទីផ្សារបើកចំហ ហើយនេះគឺ…

តើវិស័យទេសចរណ៍កម្ពុជាអាចរងផលប៉ះពាល់ពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសដែរឬទេ?

ព័ត៌មាន
ការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន កំពុងបង្កក្ដីបារម្ភកាន់តែខ្លាំងពីការបាត់បង់អាយុជីវិត និងវិនាសក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ