ក្រុមហ៊ុនអ៊ីស្រាអែលនេះ អាចបញ្ជាទិញរហូតដល់១ម៉ឺនតោន ប្រសិនបើទទួលបានជោគជ័យសម្រាប់ការទិញជំហានដំបូងនេះ។ ទោះបីវាជាការទិញសាកល្បង តែមន្រ្តី និងអ្នកជំនាញបានចាត់ទុកការទិញនេះថា គឺជាការសាកល្បងមួយដ៏ល្អ និងសង្ឃឹមថាអ្វីៗនឹងមានភាពប្រសើរនាពេលខាងមុខ។
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ខេមបូណូមីសថា ការបញ្ជាទិញគ្រាប់ស្វាយចន្ទីស្ងួត ចំនួន១០០តោនរបស់ក្រុមហ៊ុនអ៊ីស្រាអែល Floresta គ្រាន់តែជាការសាកល្បងសម្រាប់នាំចេញប៉ុណ្ណោះ ហើយប្រសិនបើការសាកល្បងនេះទទួលបានជោគជ័យ នោះក្រុមហ៊ុននេះអាចនឹងពង្រីកការបញ្ជាទិញរហូតដល់១ម៉ឺនតោននៅក្នុងឆ្នាំ២០២៥ ខាងមុខ។
ជុំវិញការបញ្ជាទិញសាកល្បងរបស់ក្រុមហ៊ុនមកពីប្រទេសអ៊ីស្រាអែលនេះ ត្រូវបានលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ចាត់ទុកថា គឺជាជំហានសាកល្បងមួយដ៏ល្អ ហើយលោកសង្ឃឹមថា វិនិយោគិនអ៊ីស្រាអែលនឹងចាប់អារម្មណ៍មកវិនិយោគលើវិស័យស្វាយចន្ទីនៅកម្ពុជា នាពេលខាងមុខ។
បើតាមឯកឧត្តម ឃឺម ហ្វីណង់ ការបញ្ជាទិញរបស់ក្រុមហ៊ុនអ៊ីស្រាអែលខាងលើ គឺស្ថិតក្នុងគម្រោងសាកល្បងនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា ទៅកាន់ប្រទេសជប៉ុន។ ការបញ្ជាសាកល្បងរបស់ក្រុមហ៊ុនអ៊ីស្រាអែលនេះ គឺជាផ្នែកមួយបង្ហាញពីការទទួលបានអត្ថប្រយោជន៍របស់កសិករក្រោមការចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប។ ក្រៅពី«ទីផ្សារ» សហគមន៍នៅទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត ដូចជាការគាំទ្របច្ចេកទេស និងការគ្រប់គ្រង ការកាត់បន្ថយថ្លៃដើមផលិត ការទទួលបានដើមទុនក្នុងអត្រាការប្រាក់ទាប និងមិនតម្រូវឱ្យដាក់វត្ថុបញ្ចាំ ព្រមទាំងការកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុផងដែរ៕
អត្ថបទ៖ បូ ដូឡា