ក្នុងវីដេអូ ដែលផ្សព្វផ្សាយដោយទូរទស្សន៍ NDTV World លោកបានបង្ហាញសកម្មភាពពិភាក្សាការងារយ៉ាងស្និទ្ធស្នាលជាមួយលោក ម៉ាយ ហាខាប៊ី (Mike Huckabee) ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ប្រចាំប្រទេសអ៊ីស្រាអែល។
ក្រោយមានពាក្យចចាមអារ៉ាមថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបាត់បង់ជីវិតដោយសារការវាយប្រហារសងសឹកដោយមីស៊ីលរបស់អ៊ីរ៉ង់ ស្រាប់តែមានការបញ្ចេញវីដេអូឃ្លីបខ្លីមួយ ដោយលោក ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា លោកនៅមានជីវិតនៅឡើយទេ។ ការបញ្ចេញវីដេអូនេះ ត្រូវបានចាត់ទុកថា ជាការឆ្លើយតបទៅនឹងព័ត៌មានបំភាន់ ដែលបានចែកចាយពេញពិភពលោកក្នុងអំឡុងពេលជម្លោះដ៏តានតឹងជាមួយអ៊ីរ៉ង់។
នៅក្នុងវីដេអូនោះ លោក ណេតាន់យ៉ាហ៊ូ បានដើរ និងជជែកលេងសើចយ៉ាងរាក់ទាក់ជាមួយឯកអគ្គរដ្ឋទូតអាម៉េរិក ប្រចាំប្រទេសអ៊ីស្រាអែល លោក ម៉ាយ ហាខាប៊ី (Mike Huckabee)។ យ៉ាងណាមិញសូម្បីតែលោក ណេតាន់យ៉ាហ៊ូ ខ្លួនឯង ក៏បានសើច និងនិយាយលេងថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ទំនងជាបញ្ជូនមន្ត្រីរបស់ខ្លួនមក ដើម្បីពិនិត្យមើលឱ្យច្បាស់ថា តើលោកពិតជានៅមានជីវិតមែនឬយ៉ាងណា។
ចេញតាមវីដេអូមិនអស់ចិត្ត លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក៏បានបង្ហោះសារលើបណ្តាញសង្គម X ដោយបញ្ជាក់ថា លោកមិនមានបញ្ហាអ្វីនោះទេ ហើយលោកកំពុងដឹកនាំកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គសេនាធិការកងទ័ព មេបញ្ជាការទ័ពអាកាស និងមេទ័ពសំខាន់ៗជាច្រើនរូបទៀត។ លោកបានបន្ថែមថា អ៊ីស្រាអែល និងសហរដ្ឋអាម៉េរិក កំពុងបន្តមានប្រៀបនៅលើសមរភូមិ បន្ទាប់ពីបានកម្ចាត់មេដឹកនាំភេរវករកំពូលៗរបស់អ៊ីរ៉ង់ចំនួនពីររូប។
ទោះជាយ៉ាងណាមហាជនមួយចំនួននៅតែបង្ហាញការសង្ស័យចំពោះការរស់រានមានជីវិតរបស់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ។ មតិខ្លះបានលើកឡើងថា វីដេអូនេះអាចត្រូវបានរៀបចំឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយពួកគេបានកត់សម្គាល់ឃើញចំណុចមិនប្រក្រតីមួយចំនួន ដូចជាការមើលឃើញថា លោកមានម្រាមដៃដល់ទៅ៦ជាដើម ដែលនេះ គឺជាសញ្ញាដែលគេតែងជួបប្រទះក្នុងរូបភាពបង្កើតដោយ AI៕