នៅក្នុងអំឡុងពេលស្នាក់នៅទីក្រុងហ្សាកាតា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ លោក យូស៊ីម៉ាសា ហាយ៉ាស៊ី (Yoshimasa Hayashi)រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន បានដាក់ការផ្តួចផ្តើមឲ្យសមភាគីរបស់លោកនៅក្នុងប្លុកអាស៊ាន គិតគូអំពីបញ្ហា សន្តិសុខសេដ្ឋកិច្ច ដោយសម្លឹងរកមើលការពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់សម្ភារៈសំខាន់ៗ និងបង្កើតការឆ្លើយតបរួមគ្នា ចំពោះសម្ពាធដោយប្រទេសនានា ជាពិសេសគឺចិន។
ប្រភពព័ត៌មានដដែលបានអះអាងថា លោក យូស៊ីម៉ាសា មានបំណងចង់និយាយលម្អិតទាក់ទងនឹងការពង្រីកកិច្ចសហប្រតិបត្តិរបស់ទីក្រុងតូក្យូជាមួយអាស៊ាននៅមុនកិច្ចប្រជុំកំពូលដែលគ្រោងនឹងធ្វើក្នុងខែកញ្ញា និង ខែធ្នូ។
មកដល់ពេលនេះ ជប៉ុនមានទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយនឹង អារ៉ាប់រួម និងប្រទេសថៃ និង ហើយក៏ជាដៃគូយុទ្ធសាស្រ្តជាមួយអាស៊ាន សហភាពអឺរ៉ុប អ៊ីតាលី និងប្រទេសដទៃទៀតដែរ។ នៅពេលនេះសម្រាប់អាស៊ាន ជប៉ុនចង់បង្កើតកិច្ចប្រជុំពិគ្រោះយោបល់កម្រិតការងារជាទៀងទាត់ស្តីពីសន្តិសុខសេដ្ឋកិច្ច។
គំនិតផ្តួចផ្តើមនេះ កើតឡើងចំពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងរបស់ទីក្រុងតូក្យូក្រោយពេលដែល ទីក្រុងប៉េកាំងបានប្រកាសនៅខែកក្កដានេះថា ខ្លួននឹងដាក់កម្រិតលើការនាំចេញហ្គាលីយ៉ូម ដែលជាសមាសធាតុនៃរ៉ែប៉ុកស៊ីត ដើម្បីប្រពឹត្តិកម្មបង្កើតអាលុយមីញ៉ូមសម្រាប់ប្រើនៅក្នុងឧស្សាហកម្មផ្សេងៗ ដោយរួមទាំងការផលិតកម្មបន្ទះគ្រឿងបង្គុំអេឡិចត្រូនិចជាដើម។
ជប៉ុនសង្ឃឹមថា កិច្ចពិភាក្សាថ្មីជាមួយអាស៊ាននឹងអនុញ្ញាតឱ្យភាគីទាំងពីរសហការគ្នាយ៉ាងឆាប់រហ័សក្នុងការឆ្លើយតបទៅនឹងសម្ពាធពីប្រទេសចិនលើបញ្ហានេះ។
មកដល់ពេលនេះគេដឹងថា អាស៊ានគឺជាឃ្លាំងនៃសមាសធាតុនីកែល និង រ៉ែម្យ៉ាងដែលគេហៅថា cobalt ដែលជាសមាសធាតុសំខាន់សម្រាប់ឧស្សាហកម្មអាគុយរថយន្តអគ្គិសនី និងបច្ចេកវិទ្យាដែលទាក់ទងនឹងការការពារជាតិ ក្រៅពីនេះ អាស៊ានក៏ជាតួអង្គសំខាន់សម្រាប់ធានាការផ្គត់ផ្គងសមាសធាតុ សម្រាប់ផលិតកម្មឱសថ និងវិស័យផ្សេងទៀត ដែលជប៉ុនពឹងផ្អែកខ្លាំងលើចិន។
ពាក់ព័ន្ធនឹងបញ្ហាកិច្ចសហប្រតិបត្តិការខ្សែចង្វាក់ផ្គត់ផ្គង់នេះ ក្រៅពីអាស៊ាន ជប៉ុនក៏បានដាក់ចេញនូវផែនការនេះ ហើយកំពុងតែធ្វើការជាមួយនឹងក្រុមប្រទេស ដែលមានឧស្សាហកម្មរីកចម្រើនទំាង ៧ និងបណ្តាដៃគូអភិវឌ្ឍន៍ផ្សេងៗទៀតផងដែរ ៕
ដោយៈ សរ សុជាតិ