អាជ្ញាធរជប៉ុន បានបង្ហើបនូវគម្រោងដ៏មានមហិច្ឆតាពាក់ព័ន្ធនឹងសក្តានុពលនៃវិស័យអាកាសចរណ៍របស់ជប៉ុន ដែលមានតម្លៃគិតជាទឹកប្រាក់ប្រមាណជា៣៣ពាន់លានដុល្លារ។ ពាក់ព័ន្ធនឹងគម្រោងនេះ សារព័ត៌មានធំៗបានរាយការណ៍ថា ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន កំពុងប្រមូលផ្តុំក្រុមហ៊ុនផលិតក្នុងស្រុក និងបរទេស ក៏ដូចជាក្រុមហ៊ុនអាកាសចរណ៍ ដើម្បីប្រមូលនូវធាតុចូល ក្នុងគោលដៅផលិតយន្តហោះពាណិជ្ជកម្មថ្មីឲ្យបានសម្រេចនៅឆ្នាំ២០៣៥ ខាងមុខ។
ការលើកឡើងបែបនេះកើតឡើងមួយឆ្នាំបន្ទាប់ពីក្រុមហ៊ុន Mitsubishi Heavy Industries បានលុបចោលគម្រោងការអភិវឌ្ឍន៍យន្តហោះក្នុងតំបន់ បន្ទាប់ពីបានខិតខំអស់រយៈពេល១៥ ឆ្នាំរួចមក។
ផែនការខាងលើត្រូវបានគូសបញ្ជាក់នៅក្នុងយុទ្ធសាស្ត្រឧស្សាហកម្មយន្តហោះរបស់រដ្ឋាភិបាលជប៉ុន ដែលត្រូវបានអនុម័តកាលពីសប្តាហ៍មុន ស្របពេលដែលរដ្ឋាភិបាលជប៉ុន បានស្វែងរកលទ្ធភាពផលិតយន្តហោះដឹកអ្នកដំណើរ ដែលផលិតក្នុងស្រុកជាយូរមកហើយ។ ពាក់ព័ន្ធនឹងការប៉ុនប៉ងចុងក្រោយនេះ ក្រសួងនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាមួយកញ្ចប់ថវិកា៣៣ពាន់លានដុល្លារ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ដើម្បីផលិតយន្តហោះជំនាន់ក្រោយដែលប្រើថាមពលអ៊ីដ្រូសែន ឬប្រភពថាមពលជំនួស។ ការប្រកាសនេះធ្វើឡើងស្របពេលដែលក្រុមហ៊ុន Boeing ព្យាយាមស្ដារទំនុកចិត្តលើយន្តហោះរបស់ខ្លួន។
បើយោងតាមក្រសួងពាណិជ្ជកម្មជប៉ុន តម្រូវការអ្នកដំណើរតាមផ្លូវអាកាសសកលត្រូវបានព្យាករណ៍ថា នឹងកើនឡើងទ្វេដងក្នុងរយៈពេល២០ឆ្នាំ ហើយការវិនិយោគដ៏ខ្លាំងក្លានៅក្នុងឧស្សាហកម្មយន្តហោះរបស់ប្រទេសជប៉ុន នឹងនាំឱ្យមានកំណើនប្រចាំឆ្នាំ ដែលមានតម្លៃ ច្រើនជាង៥ដងបើធៀបនឹងកម្រិតបច្ចុប្បន្ន។
គួរបញ្ជាក់ថា ក្រុមហ៊ុន Mitsubishi Heavy, Kawasaki Heavy Industries និងក្រុមហ៊ុនផលិតផ្សេងទៀតរបស់ជប៉ុន គឺជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ដល់ក្រុមហ៊ុន Boeing និងក្រុមហ៊ុនផលិតយន្តហោះផ្សេងទៀត រួមទាំងក្រុមហ៊ុន Airbus ផងដែរ៕
ដោយៈ សរ សុជាតិ