Advertisement
អាមេរិក-កម្ពុជា

អតីត​មន្រ្តី​ការពារ​ជាតិ​អាមេរិក៖ បើ​សិន​ជា​មាន​វត្តមាន​មូលដ្ឋាន​យោធា​បរទេស​មែន វា​ជា​អស្ថិរភាព​សម្រាប់​កម្ពុជា​និង​តំបន់


អតីត​មន្រ្តី​ក្រសួង​ការពារ​ជាតិ​អាមេរិក លោកស្រី Lindsey Ford បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា បើ​សិន​ជា​មាន​វត្តមាន​មូលដ្ឋាន​យោធា​បរទេស​នៅ​កម្ពុជា​មែន​នោះ វា​នឹង​ធ្វើ​ឱ្យ​អស្ថិរភាព​សម្រាប់​ប្រទេស​នេះ​ផង និង​សម្រាប់​តំបន់​ទាំង​មូល​ផង។
លោក Lindsey Ford ជា​នាយិកា​រង​នៃ​វិទ្យាស្ថាន​គោល​នយោបាយ​សង្គម​អាស៊ី (ASPI) ប្រចាំ​រដ្ឋធានី​វ៉ាស៊ីងតោន និង​ជា​អតីត​ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ឧបការី​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​សម្រាប់​កិច្ចការ​សន្តិសុខ​នៅ​អាស៊ី​និង​ប៉ាស៊ីហ្វិក។
ដោយ
Advertisement

លោកស្រី Lindsey Ford ជា​នាយិកា​​កិច្ចការ​នយោបាយ សន្តិសុខ និង​ជា​នាយិកា​រង​នៃ​វិទ្យាស្ថាន​គោល​នយោបាយ​សង្គម​អាស៊ី (ASPI) ប្រចាំ​រដ្ឋធានី​វ៉ាស៊ីងតោន។ កាល​ពី​ជំនាន់​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា លោកស្រី Lindsey Ford គឺ​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ឧបការី​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​សម្រាប់​កិច្ចការ​សន្តិសុខ​នៅ​អាស៊ី​និង​ប៉ាស៊ីហ្វិក។

លោកស្រី Lindsey Ford បាន​ជួប​ជាមួយ​អ្នក​សារព័ត៌មាន​កម្ពុជា​ជា​ច្រើន​នាក់ កាលពី​ថ្ងៃ​អង្គារ ទី១២ ខែ​មិថុនា ដែល​នៅ​ពេល​នោះ លោកស្រី​បាន​និយាយ​ជាទូទៅ អំពី​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​ជាមួយ​កម្ពុជា ក៏ដូចជា​ជាមួយ​អាស៊ាន​ទាំង​មូល​ផងដែរ។

ឆ្លើយតប​ទៅ​នឹង​សំណួរ​ថា តើ​លោកស្រី​យល់​យ៉ាងម៉េច​ដែរ ប្រសិន​ជា​មាន​មូលដ្ឋាន​ទ័ព​បរទេស​នៅ​កម្ពុជា​មែន​នោះ លោកស្រី Lindsey Ford បាន​និយាយ​ថា វា​នឹង​បង្ក​អស្ថិរភាព​សម្រាប់​កម្ពុជា ក៏​ដូចជា​តំបន់​អាស៊ាន​ទាំង​មូល​ផងដែរ។

លោកស្រី Lindsey Ford បាន​និយាយ​ដូច្នេះ​ថា ៖ «សំណួរ​សួរ​ថា តើ​ហេតុអ្វី? អ្វី​ទៅ​ជា​គោលបំណង? ពី​ព្រោះ​ថា ចំពោះ​ខ្ញុំ វា​ហាក់​ដូចជា នេះ​ជា​អស្ថិរភាព មិនមែន​តែ​សម្រាប់​ប្រទេស​កម្ពុជា​ទេ ប៉ុន្តែ​សម្រាប់​តំបន់​ទាំងមូល ដូច្នេះ វា​ពិបាក​សម្រាប់​ខ្ញុំ​ក្នុង​ការ​យល់​ បើ​មាន​ករណី​នេះ​កើត​ឡើង​មែន។»

លោកស្រី Lindsey Ford បាន​បន្ត​ដូច្នេះ​ថា ៖ «វា​ពិបាក​សម្រាប់​ខ្ញុំ ក្នុង​ការ​យល់​ថា តើ​រដ្ឋាភិបាល​កម្ពុជា​ឬ​រដ្ឋាភិបាល​ចិន នឹង​លើក​ឡើង​មូលហេតុ​អ្វី​ដែល​ល្អ​សម្រាប់​ស្ថិរភាព​ក្នុង​តំបន់។»

លោកស្រី Lindsey Ford បាន​និយាយ​ផងដែរ​ថា ក្តី​បារម្ភ​ជា​ចម្បង​នោះ​គឺ​រដ្ឋធម្មនុញ្ញ​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​ទ័ព​បរទេស​ទេ ដូច្នេះ វា​មិន​មែន​ជា​បញ្ហា​ឬ​ក៏​ជា​ការ​គំរាម​កំហែង​ដល់​សហរដ្ឋ​អាមេរិក​នោះ​ទេ។

ការលើក​ឡើង​របស់​លោកស្រី  Lindsey Ford មិន​ឆ្លុះ​បញ្ចាំង​ពី​ជំហរ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នោះ​ទេ នេះ​បើ​យោងតាម​មន្រ្តី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ភ្នំពេញ។

អនុប្រធានាធិបតី​អាមេរិក លោក Mike Pence ធ្លាប់​បាន​សម្តែង​ការព្រួយ​បារម្ភ​ បន្ទាប់​ពី​មាន​របាយការណ៍៍​ថា នឹង​មាន​មូលដ្ឋាន​ទ័ព​ចិន​នៅ​កម្ពុជា កាលពី​ខែ​មករា កន្លង​ទៅ។

កន្លងមក អាជ្ញាធរ​កម្ពុជា រួមទាំង​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង ធ្លាប់​បាន​បដិសេធ​រួច​មក​ហើយ​ថា មិន​មាន​វត្តមាន​មូលដ្ឋាន​ទ័ព​ចិន​នៅ​កម្ពុជា​ទេ ហើយ​ក៏​នឹង​មិន​មាន​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​ឲ្យ​មាន​វត្តមាន​យោធា​ចិន​នោះ​ដែរ។

សារព័ត៌មាន អេស៊ា ថែមស៍ បាន​សរសេរ​ដោយ​យោង​ប្រភព​ការទូត​មិន​បញ្ចេញ​ឈ្មោះ ថា ចិន​ចង់​មាន​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​នៅ​ខេត្ត​កោះកុង នៃ​ប្រទេស​កម្ពុជា។

អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ធ្លាប់​បាន​ហៅ​ការ​ចោទ​ប្រកាន់​ថា​មាន​​មូលដ្ឋាន​យោធា​ចិន​នៅ​កម្ពុជា ជា​ការ​គួរ​ឲ្យ​អស់​សំណើច ហើយ​បាន​វាយ​បក​ទៅ​វិញ​ថា ចុះ​ប្រទេស​ខ្លះ មាន​មូលដ្ឋាន​ទ័ព​នៅ​ច្រើន​កន្លែង នៅ​គ្រប់​ជ្រុង​នៃ​ពិភពលោក ហេតុ​ម្ដេច​មិន​ចោទ​សួរ​ផង៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថាបនិកធនាគារអេស៊ីលីដា ចែករំលែកគន្លឹះសំខាន់ដើម្បីដឹកនាំស្ថាប័នជោគជ័យ

ព័ត៌មាន
ស្ថាបនិកធនាគារអេស៊ីលីដា លោកបណ្ឌិត អ៊ិន ចាន់នី បានចែករំលែកគន្លឹះសំខាន់ៗ ក្នុងការគ្រប់គ្រង និងដឹកនាំស្ថាប័ន ឲ្យទទួលបានជោគជ័យ ដោយផ្អែក...

Huawei ធ្លាក់ចុះ ការលក់ ៤០ ភាគរយ ក្នុងទីផ្សារក្រៅប្រទេសបន្ទាប់ពីមានរឿងជាមួយអាមេរិក

ព័ត៌មាន
ស្ថាបនិកក្រុមហ៊ុន Huawei បាននិយាយកាលពីពេលថ្មីនេះ ប្រាប់អ្នកសារព័ត៌មាននៅទីក្រុងស៊ិនជិន ប្រទេសចិនថា ក្រុមហ៊ុនខ្លួនបានធ្លាក់ចុះការលក់ប្រ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ