ឥស្សរជនមួយចំនួននៅក្នុងរង្វង់នយោបាយ និងច្បាប់របស់ជប៉ុន រួមទាំងអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ កេន ណាកាតានី និងសមាជិកសភាតំណាងរាស្ត្រ លោក តាគុ យ៉ាម៉ាហ្សូអេ ផង បានថ្លែងថា មតិបែបនេះមិនគួរត្រូវបានបញ្ចេញមកយ៉ាងងាយស្រួលបែបនេះទេ។ ចំណែកគណបក្សនយោបាយផ្សេងៗ ដូចជាគណបក្សប្រជាធិបតេយ្យសង្គម និងគណបក្សកុម្មុយនីស្តជប៉ុន ក៏បានសម្តែងនូវការប្រឆាំងរបស់ពួកគេចំពោះការនិយាយថា “ប្រទេសជប៉ុនគួរតែមានអាវុធនុយក្លេអ៊ែរ”នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបែបនេះដែរ។ នេះបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Global Times ដែលចេញផ្សាយនៅថ្ងៃទី១៩ធ្នូនេះ។
កាសែត អាសាហ៊ី ស៊ីមប៊ុន បានដកស្រង់សម្ដីរបស់មន្ត្រីម្នាក់ ដែលមិនបានបញ្ចេញឈ្មោះថា ដោយសារស្ថានភាពខាងសន្តិសុខមានភាពធ្ងន់ធ្ងរ លោកជឿថា "ប្រទេសជប៉ុនគួរតែមានអាវុធនុយក្លេអ៊ែរ"។ របាយការណ៍បានបញ្ជាក់ថា មន្ត្រីរូបនោះមានតួនាទីក្នុងការផ្តល់ការប្រឹក្សាដល់លោកស្រី សាណាអេ តាកាអ៊ិឈី នាយករដ្ឋមន្ត្រី លើគោលនយោបាយសន្តិសុខជាតិ និងបញ្ហាពាក់ព័ន្ធ។
តែយ៉ាងណាក្ដី មន្ត្រីរូបនោះក៏បានថ្លែងបន្ថែមទៀតដែរថា នេះមិនមែនមានន័យថា រដ្ឋាភិបាលជប៉ុនកំពុងជំរុញឱ្យមានការពិភាក្សាលើបញ្ហានេះទេ ហើយការសម្រេចគោលដៅនេះ គឺជារឿងមួយពិបាកខ្លាំងណាស់ បើពិចារណាលើកាតព្វកិច្ចរបស់ជប៉ុនក្រោមក្របខ័ណ្ឌសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ឬ NPT។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន ធ្លាប់បាននិយាយកាលពីពាក់កណ្តាលខែវិច្ឆិកាថា ប្រទេសចិនមានការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះសកម្មភាពខាងយោធា និងសន្តិសុខរបស់ជប៉ុននាពេលថ្មីៗនេះ។ លោកបាននិយាយថា ទាំងអស់នេះ វាបង្ហាញយ៉ាងពេញលេញថា ប្រទេសជប៉ុនកំពុងធ្វើការផ្លាស់ប្តូរគោលនយោបាយអវិជ្ជមានដ៏សំខាន់មួយ ដែលបញ្ជូនសញ្ញាគ្រោះថ្នាក់ដល់សហគមន៍អន្តរជាតិ៕