
ប្រទេសចិន បានទប់ស្កាត់ការនាំចេញរ៉ែកម្ររបស់ខ្លួនចំនួន៧មុខ និងបញ្ឈប់ការទិញឧស្ម័នរាវធម្មជាតិ (LNG) ពីសហរដ្ឋអាម៉េរិក កាលពីខែមេសា ដើម្បីសងសឹកចំពោះការដំឡើងពន្ធឥតឈប់ឈររបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ហើយក្នុងចំណោមរ៉ែកម្រទាំងនេះក៏មានរ៉ែកម្រពីរប្រភេទ ដែលគេត្រូវការខ្លាំងសម្រាប់ផលិតមេដែកដ៏មានប្រសិទ្ធភាព សម្រាប់រថយន្តអគ្គិសនីផងដែរ។
លោក រីអូសេ អាកាហ្សាវ៉ា (Ryosei Akazawa) អ្នកចរចាពាណិជ្ជកម្មកំពូលរបស់ប្រទេសជប៉ុន បានចេញដំណើរទៅកាន់សហរដ្ឋអាម៉េរិក កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ការចរចាបន្ទាប់ ដែលលោកគ្រោងនឹងស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងអាម៉េរិក ដើម្បីដោះស្រាយបញ្ហារបស់ចិន ខាងលើនេះ។
ប្រទេសជប៉ុន សង្ឃឹមទទួលបានការសម្បទានពន្ធខ្លះពីសហរដ្ឋអាម៉េរិក តាមរយៈការបំពេញចន្លោះប្រហោងទាំងអស់នេះ និងការផ្តោតលើប្រទេសចិន ដែលលោក ត្រាំ បានកំណត់គោលដៅធំបំផុតនៃការដំឡើងពន្ធគយរបស់លោក។
ប្រទេសជប៉ុន បានស្នើឱ្យអាម៉េរិក ពិនិត្យមើលឡើងវិញនូវពន្ធបន្ថែមដែលលោក ត្រាំ បានដាក់លើប្រទេសនេះ តាមរយៈកិច្ចប្រជុំចំនួនបួនលើក ហើយអ្នកចរចាជប៉ុនម្នាក់បាននិយាយថា ជប៉ុនអាចនឹងទទួលយកតាមការទាមទារភាគច្រើនរបស់អាម៉េរិក នៅត្រឹមកិច្ចចរចាលើកទី៤៕
ដោយ៖ សុខ មង្គល