
វៀតណាម កំពុងរីករាយជាមួយនឹងការកើបលុយពីដំណាំកាហ្វេ ក្រោយបញ្ហាការប្រែប្រួលអាកាសធាតុធ្វើឱ្យនាំផលិត និងនាំចេញកាហ្វេរបស់ប្រទេសធំៗមួយចំនួនដូចជាប្រទេស កូឡុំប៊ី និងឥណ្ឌូនេស៊ី ជាដើម មានការថយចុះ។ ជាក់ស្តែងនៅពេញមួយខែកក្កដា កន្លងទៅប្រទេសក្បែរខាងកម្ពុជា មួយនេះ អាចកើបលុយបានរហូតដល់៥៦០លានដុល្លារពីការនាំចេញកាហ្វេ ហើយបើគិតក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៥ ប្រទេសនេះរកចំណូលបានរហូតដល់៣,៦ពាន់លានដុល្លារ។
វៀតណាម ជាប្រទេសនាំចេញកាហ្វេ Robusta ធំជាងគេលើពិភពលោក ដោយបានគ្របដណ្តប់រហូត៤០% នៃចំណែកទីផ្សារពិភពលោក ខណៈបច្ចុប្បន្នប្រទេសនេះកំពុងស្វែងរកការចាប់យកឱកាស ដើម្បីពង្រីកចំណែកទីផ្សារបន្ថែមទៀត។
លោក ឃ្វៀន ណាម ហៃ (Nguyễn Nam Hải) ប្រធានសមាគមកាហ្វេវៀតណាម បានអះអាងថា កន្លងមកទីផ្សារកាហ្វេអន្តរជាតិ មិនដែលអំណោយផលដូចឆ្នាំនេះនោះទេ ពោលគឺទាំងតម្លៃ និងតម្រូវការមានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់នៅឆ្នាំនេះ ហើយគួបផ្សំការផ្គត់ផ្គង់កាហ្វេរបស់វៀតណាម មានស្ថិរភាពផងនោះ បានធ្វើឱ្យឧស្សាហកម្មកាហ្វេមានភាពអំណោយផលខ្ពស់ក្នុងការជួយគាំទ្រសេដ្ឋកិច្ចវៀតណាម។
ការសិក្សាថ្មីមួយរបស់អង្គការស្បៀងអាហារ និងកសិកម្ម បានបង្ហាញថា តម្លៃកាហ្វេបានកើនឡើងជាសកលប្រហែល៤០% ក្នុងឆ្នាំ២០២៤ ដែលជំរុញជាចម្បងដោយសារតែលក្ខខណ្ឌអាកាសធាតុមិនអំណោយផល ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ៕
ដោយៈ សរ សុជាតិ