គ្រាន់តែនិយាយពាក្យ«មិនដែលទិញអង្ករ»

គ្រាន់តែនិយាយពាក្យ«មិនដែលទិញអង្ករ»ធ្វើឱ្យរដ្ឋមន្ត្រីកសិកម្មរបស់ជប៉ុនបាត់តំណែង


រដ្ឋមន្ត្រីកសិកម្មជប៉ុនលោក តាគូ អេតូ (Taku Eto) បានលាលែងពីតំណែងនៅថ្ងៃពុធ សប្តាហ៍នេះក្រោយលោកបានធ្លោយមាត់និយាយថា លោកមិនដែលទិញអង្ករនោះទេ ដែលបានបង្កឱ្យមានការរិះគន់ពីក្រុមអ្នកបោះឆ្នោត និងសមាជិកសភា។ បញ្ហានេះបានក្លាយជាបញ្ហាប្រឈមថ្មីមួយទៀតសម្រាប់រដ្ឋាភិបាលជប៉ុន ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីហ្គេរូ អ៊ីស៊ីបា ដែលកំពុងមានបញ្ហាស្រាប់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
គ្រាន់តែនិយាយពាក្យ«មិនដែលទិញអង្ករ»
ដោយ

លោក តាគូ អេតូ រដ្ឋមន្ត្រីកសិកម្មជប៉ុនបានរងសម្ពាធ និងការរិះគន់យ៉ាងខ្លាំងពីមហាជន និងសមាជិកសភាមកពីគណបក្សប្រឆាំង ក្រោយសារព័ត៌មានបានរាយការណ៍ពីអ្វី ដែលលោកបាននិយាយនៅក្នុងពិធីរៃអង្គាសថវិកានយោបាយកាលពីចុងសប្តាហ៍មុនថា លោកមិនដែលទិញអង្ករឡើយ ព្រោះអ្នកគាំទ្របានផ្ដល់អង្ករឱ្យលោកហូបមិនអស់។ ពាក្យពេជន៍ប៉ុន្មានម៉ាត់នេះបានបន្ថែមភ្លើងកំហឹងដល់ក្រុមអ្នកបោះឆ្នោត ដែលបានខឹងសម្បារស្រាប់ហើយអំពីការកើនឡើងតម្លៃអាហារសំខាន់ៗដោយសារទិន្នផលធ្លាក់ចុះ គួបផ្សំការកើនឡើងតម្រូវការប្រើប្រាស់ពីវិស័យទេសចរណ៍។

លោក អេតូ បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីបានប្រគល់លិខិតលាលែងពីតំណែងរបស់លោកនៅការិយាល័យនាយករដ្ឋមន្ត្រីថា លោកបានថ្លែងសុន្ទរកថាមិនសមរម្យមួយចំពេលពលរដ្ឋកំពុងរងគ្រោះដោយការឡើងថ្លៃអង្ករ។

ក្រោយការលាលែងភ្លាមៗ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីហ្គេរូ អ៊ីស៊ីបា បានតែងតាំងអតីតរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក ស៊ីនជីរ៉ូ កយហ្ស៊ូមី (Shinjiro Koizumi) ឱ្យដឹកនាំក្រសួងកសិកម្មជំនួសលោក អេតូ។ បើតាមការអះអាងរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក កយហ្ស៊ូមី ជាអ្នកមានបទពិសោធ មានចំណេះដឹងខ្ពស់ និងមានចំណង់ចំណូលចិត្តសម្រាប់វិស័យកសិកម្ម និងនេសាទ។

សូមរំលឹកថា ការកើនឡើងតម្លៃអង្ករទ្វេដងនៅឆ្នាំនេះធៀបនឹងឆ្នាំមុនបានក្លាយជាកង្វល់ដ៏ចម្បងមួយសម្រាប់អ្នកបោះឆ្នោតនៅប្រទេសជប៉ុន ដែលធ្លាប់តែមានអប្បផរណា និងធ្លាប់តែមានការកែសម្រួលប្រាក់ឈ្នួលតម្រូវតាមការធ្លាក់ចុះអតិផរណាជាយូរឆ្នាំមកហើយ៕
ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


កម្ពុជាចាប់ដៃជាមួយក្រុមហូលីវូដផលិតភាពយន្តនៅកម្ពុជា ដើម្បីយកទៅចាក់ផ្សាយនៅតាមរោងកុនល្បីៗនៅលើពិភពលោក

វាជាការបោះជំហានមួយដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់វិស័យភាពយន្តរបស់កម្ពុជា បន្ទាប់ពីកម្ពុជាបានចាប់ដៃគ្នាជាមួយក្រុមហ៊ុនផលិតកម្មភាពយន្តដ៏ល្បីល្បាញល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ