បច្ចេកវិទ្យារថយន្តអគ្គិសនី

មហាយក្សចិនទម្លាយផែនការច្រានចិនចេញពីខ្សែច្រវាក់ផ្គត់ផ្គង់ថ្មរបស់សហរដ្ឋអាម៉េរិក គឺជាការបំពានច្បាប់អង្គការ WTO


ប្រទេសចិន បានអះអាងថា រដ្ឋបាលរបស់លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក គ្រោងនឹងដាក់កម្រិតក្រុមហ៊ុនរបស់ចិន នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ថ្មអាគុយដែលមានសិទ្ធិទទួលបានឥណទានពន្ធរថយន្តអគ្គិសនី ចាប់ពីឆ្នាំក្រោយនេះតទៅ។ ចិនបានហៅទង្វើនេះថា ជាការបំពានបទដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំជាច្រើន។
បច្ចេកវិទ្យារថយន្តអគ្គិសនី
ដោយ

ផែនការដាក់កំហិតនេះនឹងធ្វើឱ្យវិនិយោគិននៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់រថយន្តអគ្គិសនីរបស់អាម៉េរិកគ្មានសិទ្ធិទទួលបានឥណទានពន្ធប្រសិនបើពួកគេប្រើកាន់តែច្រើននូវសម្ភារសំខាន់ៗមកពីប្រទេសចិន ឬប្រទេសផ្សេងទៀតដែលអាម៉េរិក ចាត់ទុកថាជា«អង្គភាពគួរឱ្យព្រួយបារម្ភ»។

លោក ហេ យ៉ាតុង (He Yadong) អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ការកំណត់គោលដៅលើសហគ្រាសចិនតាមរយៈការដកផលិតផលរបស់ពួកគេចេញពីវិសាលភាពនៃការឧបត្ថម្ភធននេះ គឺជាគោលនយោបាយតម្រង់ទិសមិនមែនទីផ្សារដ៏សំខាន់។

អ្នកនាំពាក្យរូបនេះបាននិយាយថា សមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO)ជាច្រើនរួមទាំងប្រទេសចិន បានសម្តែងការព្រួយបារម្ភពីគោលនយោបាយរើសអើងរបស់សហរដ្ឋអាម៉េរិក ដែលបានបំពានលើគោលការណ៍ជាមូលដ្ឋានរបស់អង្គការ WTO។

ទីតាំងដ៏លេចធ្លោរបស់ចិន នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ថ្មអាគុយជាសាកលបានជំរុញឱ្យមន្ត្រីសហរដ្ឋអាម៉េរិក និងអឺរ៉ុបចាត់វិធានការទប់ស្កាត់ជាមុនដោយសារតែពួកគេភ័យខ្លាចថារថយន្ត EV ដែលមានតម្លៃថោករបស់ចិនអាចជន់ជោរនៅទីផ្សាររបស់ពួកគេ។

គណៈកម្មការអឺរ៉ុបបច្ចុប្បន្នកំពុងស៊ើបអង្កេត ថាតើក្រុមហ៊ុនរថយន្តរបស់ចិនទទួលបានអត្ថប្រយោជន៍ពីការឧបត្ថម្ភធនរបស់រដ្ឋដ៏អយុត្តិធម៌ដែរឬយ៉ាងណា។

ទីក្រុងវ៉ាស៊ីនតោន បានអនុម័តច្បាប់ចំនួនពីររួចហើយដោយមិនឱ្យវិនិយោគិនទទួលបានអត្ថប្រយោជន៍ពីការបែងចែកឥណទានពន្ធចំនួន ៦ពាន់លានដុល្លារសម្រាប់ថ្មអាគុយរថយន្ត និងសារធាតុរ៉ែសំខាន់ៗនិងប្រាក់ឧបត្ថម្ភធនចំនួន ៧ពាន់៥០០ដុល្លារសម្រាប់រថយន្តថាមពលថ្មីដែលផលិតហើយបើសិនពួកគេមានពាក់ព័ន្ធនឹង «អង្គភាពគួរឱ្យព្រួយបារម្ភ» នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេ។

ក្រុមអ្នកវិភាគបានចោទជាសំណួរថាតើជំហររបស់ចិនក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ថ្មអាគុយសាកលនឹងអាចទប់ទល់នឹងការវាយប្រហារពាក្យសម្ដីរបស់សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ជុំវិញហានិភ័យដែលអាចកើតមានឡើងដែរឬយ៉ាងណា។

លោក ដាន ម៉ាក (Dan Marks) អ្នកស្រាវជ្រាវផ្នែកសន្តិសុខថាមពលនៅក្រុមអ្នកវិភាគ Royal United Services បាននិយាយថា មានការវាយប្រហារពាក្យសម្ដីជាច្រើនជុំវិញបញ្ហានេះ ហើយលោកមិនប្រាកដថា តើវិធានការដែលសហភាពអឺរ៉ុបនិង សហរដ្ឋអាម៉េរិកកំពុងពិចារណានេះត្រូវគ្នានឹងទំហំហានិភ័យនោះឬយ៉ាងណានោះទេ។

លោក ម៉ាក បានបន្ថែមថា អ្វីដែលលោកគួរនិយាយនៅពេលនេះគឺថាយុទ្ធសាស្ត្រនៅអឺរ៉ុប និងអាម៉េរិកគឺពិតជាយុទ្ធសាស្ត្រឧស្សាហកម្ម ពោលគឺពួកគេគ្រាន់តែចង់ឱ្យឧស្សាហកម្មដែលមានការប្រកួតប្រជែងអាចបន្តរស់រានទៅមុខទៀតតែប៉ុណ្ណោះ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថៃ បានបង្ហាញយុទ្ធសាស្ត្រថ្មីចំនួន៣សំខាន់ៗ ក្នុងការជំរុញបង្កើនទីផ្សារមូលធន

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃ លោក ស្រ៊ីថា ថាវីស៊ីន បានបង្ហាញយុទ្ធសាស្ត្រ ៣ចំណុចសំខាន់ៗក្នុងការជំរុញបង្កើនទីផ្សារមូលធនរបស់ថៃ ដែលនៅក្រោមរដ្ឋាភិបាលដែលដឹ…

រុស្ស៊ី និងអារ៉ាប៊ីសាអូឌីត ជំរុញឱ្យប្រទេស OPEC+ ចូលរួមកាត់បន្ថយទិន្នផលប្រេងរួមគ្នា

ព័ត៌មាន
អារ៉ាប៊ីសាអូឌីត និងរុស្ស៊ី ដែលជាប្រទេសនាំចេញប្រេងធំជាងគេបំផុតរបស់ពិភពលោក បានអំពាវនាវឱ្យសមាជិកអង្គការ OPEC+ ទាំងអស់ចូលរួមកិច្ចព្រមព្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ