យោងតាមប្រភពជាច្រើនបានឱ្យដឹងថា អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោកស្រី កាម៉ាឡា ហារីស កំពុងទទួលបានការគាំទ្រពីតំណាងភាគច្រើនដែលនឹងគ្រោងចូលរួមសមាជរបស់អ្នកប្រជាធិបតេយ្យ នៅខែក្រោយនេះ។ សារព័ត៌មានធំៗ បានឲ្យដឹងថា នៅក្នុងចំណោមអ្នកតំណាងសំខាន់ៗ លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិកក្នុងអណត្តិ គឺជាអ្នកដែលនឹងបោះឆ្នោតគាំទ្រលោកស្រី ហារីស មុនគេ ពីព្រោះលោកបានប្រកាសជាចំហររួចហើយ ក្រោយលោកប្រកាសដកបេក្ខភាពដោយសារតែបញ្ហាអាយុ និង សុខភាព។
ពាក់ព័ន្ធនឹងបេក្ខភាពរបស់លោកស្រី ហារីសនេះ ការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មាន Associated Press បានបង្ហាញថា នៅក្នុងចំណោមអ្នកតំណាងអ្នកប្រជាធិបតេយ្យសរុបចំនួន២,៥៣៨រូប អ្នកគាំទ្រលោកស្រី ហារីស មានចំនួន១,៩៧៦រូបឯណោះ។ នេះគឺជាលទ្ធផលនៃការស្ទង់មតិ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បេក្ខភាពលោកស្រី ហារីស នៅក្នុងការក្លាយខ្លួនជាបេក្ខនារីពេញសិទ្ធិរបស់បក្ស ដើម្បីតទល់ជាមួយនឹងលោក ដូណាល់ ត្រាំ គេនឹងដឹងច្បាស់ក្រោយការសម្រេចរបស់បក្សនៅថ្ងៃទី៧ ខែសីហា ខាងមុខ។
ក្រោយពេលលោក បៃដិន ប្រកាសគាំទ្របេក្ខភាពភ្លាមៗ លោកស្រីបានធ្វើយុទ្ធនាការបង្ហាញមុខដំបូង ដើម្បីបញ្ជាក់ពីការទទួលយកបេក្ខភាពដែលផ្តួចផ្តើមដោយលោក បៃដិន។ ក្រៅពីទទួលការគាំទ្រពីលោក បៃដិន ដែលនឹងបន្តដឹកនាំសេតវិមានដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោកស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) អតីតប្រធានសភា និងជាអ្នកដែលមានឥទ្ធិពលមួយរូបនៅក្នុងចំណោមអ្នកប្រជាធិបតេយ្យក៏បានសម្តែងការគាំទ្រសម្រាប់បេក្ខភាពលោកស្រី ហារីស ផងដែរ។
នៅក្រោយការប្រកាសទទួលយកនូវការស្នើបេក្ខភាពនេះ អ្នកធ្វើយុទ្ធនាការស្វែងរកការគាំទ្រផ្នែកមូលនិធិដើម្បីឃោសនាបោះឆ្នោតនៅខែវិច្ឆិកា បានអះអាងថា ត្រឹមតែរយៈពេល២៤ម៉ោងប៉ុណ្ណោះ លោកស្រី ហារីស អាចរកមូលនិធិបានប្រមាណជា៨១លានដុល្លារ។ មកដល់ពេលនេះអ្នកតំណាងគណបក្សប្រជាធិបតេយ្យ បានបង្ហាញនូវក្តីរំពឹងថា លោកស្រី ហារីស ដែលជាកូនស្រីរបស់ ជនជាតិអាម៉េរិកាំងស្បែកខ្មៅកាត់ជនជាតិអាស៊ីនឹងបង្ហាញភាពស្វាហាប់ថ្មីទាំងស្រុងដើម្បីតទល់ជាមួយនឹងលោក ត្រាំ ដែលមានវ័យ៧៨ឆ្នាំ៕
ដោយៈ សរ សុជាតិ