
សូមជម្រាបជូនថា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញបំពេញទស្សនកិច្ច និងអញ្ជើញថ្លែងសុន្ទរកថាពិសេស ក្រោមប្រធានបទ៖ «មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និងវិបុលភាពក្នុងអាស៊ាន» ក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី 25 នៅប្រទេសកូរ៉េខាងត្បូង។
ក្នុងជំនួបសម្តែងការគួរសមនេះ លោក Yang Jong-hee បានជម្រាបជូនសម្តេចតេជោ ពីស្ថានភាពអាជីកម្មរបស់ធនាគារ ខេប៊ីប្រាសាក់ ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ គូកមីន ក្នុងការបន្តផ្ដល់សេវាហិរញ្ញវត្ថុដែលសម្បូរបែបប្រកបដោយបរិយាប័ន្ន និងនវានុវត្តន៍ ព្រមទាំងចូលរួមក្នុងសកម្មភាពការងារសង្គមជាច្រើនដូចជា ការឧបត្ថម្ភកញ្ចប់ថវិកាជូនដល់មូលនិធិអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន, ការជួយសង្គ្រោះកុមារកម្ពុជាតាមរយៈការផ្តល់ការវះកាត់ដល់កុមារដែលមានជំងឺបេះដូង, ការសាងសង់អគារបណ្ណាល័យនិងបន្ទប់រៀនដោយមានបំពាក់សម្ភារៈសិក្សាតាមបទដ្ឋានដែលមាន។

បន្ថែមលើសពីនេះផងដែរ លោកបានថ្លែងបន្តថា KB Financial Group បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយធនាគារជាតិនៃកម្ពុជាក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ខណៈដែលសម្តេចធិបតីបំពេញទស្សនកិច្ចមកកាន់ប្រទេសកូរ៉េកាលពីខែឧសភា ឆ្នាំ 2024 កន្លងទៅនេះ ដើម្បីបង្កើតប្រព័ន្ធទូទាត់ឆ្លងដែនឃ្យូអរកូតរវាងប្រទេសទាំងពីរ ក្នុងគោលបំណងសម្រួលការចាយវាយរបស់ភ្ញៀវទេសចរ និងការទូទាត់ពាណិជ្ជកម្មនានា។ លោកក៏បានជម្រាបបន្ថែមដែរថា ធនាគារ ខេប៊ីប្រាសាក់ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយក្រសួងការងារកម្ពុជា ដើម្បីផ្តល់កម្ចីក្នុងអត្រាការប្រាក់សមរម្យដល់ពលករកម្ពុជាដែលត្រូវទៅធ្វើការនៅក្រៅប្រទេសដូចជាប្រទេសកូរ៉េខាងត្បូង ជប៉ុន និងប្រទេសដទៃទៀត។

ជាចុងបញ្ចប់នៃជំនួប លោក Yang Jong-hee បានបន្ថែមថា ធនាគារ ខេប៊ីប្រាសាក់ នឹងអនុវត្តសារាចរណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ស្តីពីការរៀបចំឥណទានឡើងវិញ ក្នុងគោលបំណងជួយសម្រាលបន្ទុកចំណាយ ប្រចាំគ្រារបស់អតិថិជន ដែលត្រូវបំពេញកាតព្វកិច្ចសងត្រលប់ឥណទាន និងជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើនលំហូរសាច់ប្រាក់។ លោក ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោក និងក្រុមការងារបានជួបសម្តែងការគួរសមក្នុងឱកាសដែលសម្តេចមានដំណើរទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ និងសូមគោរពជូនពរសម្តេច ព្រមទាំងគណៈប្រតិភូអមដំណើរទទួលបាននូវសេចក្តីសុខ ជោគជ័យគ្រប់ភារកិច្ច និងរីកចម្រើនជានិរន្តរ៍។

សូមបញ្ជាក់ថា KB Financial Group គឺក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុឈានមុខគេរបស់ប្រទេសកូរ៉េ ដែលផ្តល់ជូននូវផលិតផល និងសេវាហិរញ្ញវត្ថុដ៏សម្បូរបែប។ KBFG ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2008 ដើម្បីបម្រើអតិថិជនឱ្យកាន់តែប្រសើរឡើង ជំរុញកំណើន និងផ្តល់នូវគុណតម្លៃនៅក្នុងបរិយាកាសហិរញ្ញវត្ថុដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ចំណុចខ្លាំងស្នូលគឺជំនាញ ចំនួនអតិថិជនច្រើន បណ្តាញចែកចាយធំទូលាយ និងនាមករណ៍រឹងមាំ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 11 ។ សម្រាប់ព័ត៌មានបន្ថែម៖ www.kbfg.com

