
ទោះបីជាមានការប៉ះទង្គិចតាមព្រំដែននាពេលថ្មីៗនេះ សាខាប៉ោយប៉ែតនៅតែបន្តប្រតិបត្តិការរបស់ខ្លួន ដើម្បីបម្រើសេវាហិរញ្ញវត្ថុជូនអតិថិជន និងសាធារណជនដែលបាននិងកំពុងស្ថិតក្រោមស្ថានភាពដ៏លំបាក។ ដំណើរទស្សនកិច្ចនេះ សបង្ហាញពីការយកចិត្តទុកដាក់អំពីសុខទុក្ខ សុខសុវត្ថិភាព និងសុខុមាលភាពរបស់បុគ្គលិក ដែលនៅតែជាអាទិភាពខ្ពស់បំផុតរបស់ធនាគារ ខេប៊ីប្រាសាក់ និងការគិតគូររបស់ក្រុមប្រឹក្សាភិបាល ក៏ដូចជាថ្នាក់ដឹកនាំធនាគារផងដែរ។

បន្ទាប់ពីដំណើរសាកសួរសុខទុក្ខបុគ្គលិកនៅតាមសាខាមួយចំនួនរួចហើយ ក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំ ធនាគារ ខេប៊ីប្រាសាក់ បានធ្វើដំណើរទៅកាន់ជំរុំជនភៀសសឹកក្នុងស្រុកអូរជ្រៅ ដើម្បីផ្ដល់អំណោយដល់អាជ្ញាធរដែនដី និងក្រុមគ្រួសារដែលផ្លាស់ទីលំនៅ។ នៅក្នុងការជួបសម្តែងការគួរសម និងចូលរួមជាមួយអាជ្ញាធរ និងតំណាងប្រជាជនជាជនភៀសសឹក លោកប្រធានក្រុមប្រឹក្សាភិបាលបានលើកឡើងពីការប្តេជ្ញាចិត្តយូរអង្វែងរបស់ធនាគារ ខេប៊ីប្រាសាក់ ក្នុងការគាំទ្រប្រជាជនកម្ពុជា ពិសេសអតិថិជន ធនាគារ ខេប៊ីប្រាសាក់ក្នុងគ្រាមានវិបត្តិភ័យនានា។ លោកសង្ឃឹមថា ការរួមចំណែកទាំងនេះ អាចជួយសម្រាលបន្ទុក និងគាំទ្រដល់ប្រជាជនក្នុងជំរុំជនភៀសសឹកជាបណ្តោះអាសន្ន ហើយធនាគារ ខេប៊ីប្រាសាក់ បន្តប្តេជ្ញាថានឹងជួយប្រជាជន និងអតិថិជនឱ្យទទួលបានភាពរីកចម្រើនឡើងវិញ តាមរយៈកម្មវិធីផ្ដល់ជំនួយទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ។

ធនាគារ ខេប៊ីប្រាសាក់ ប្រកាន់ខ្ជាប់នូវគុណតម្លៃ «រីកចម្រើនជាមួយសហគមន៍ និងជាអ្នកដំបូងគេក្នុងការជួយសហគមន៍វិញក្នុងគ្រាដែលអតិថិជននិងសហគមន៍ត្រូវការបំផុត» ដោយមានសហការសាមគ្គីជាមួយថ្នាក់គ្រប់គ្រង បុគ្គលិកធនាគារខេប៊ីប្រាសាក់ និងសហគមន៍ នៅក្នុងគ្រាមានអាសន្ន។
សូមជម្រាបជូនផងដែរថា ធនាគារ ខេប៊ីប្រាសាក់ បានចូលរួមបរិច្ចាគជូនរាជរដ្ឋាភិបាលកម្ពុជានូវទឹកប្រាក់ចំនួន500,000 ដុល្លារអាមេរិក ក្នុងគោលបំណងចូលរួមជួយដល់ជនភៀសសឹក និងស្តារនិងអភិវឌ្ឍតំបន់ព្រំដែនឡើងវិញ។

ខេប៊ីប្រាសាក់ ក៏បាននិងកំពុងអនុវត្តតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជាដោយសម្រាលបន្ទុកដល់គ្រួសារយោធិន តាមរយៈការលុបចោលបំណុលទាំងស្រុងជូនអតិថិជន និងអ្នករួមខ្ចី ជាយោធិនពលី និងសម្រួលការទូទាត់សងដល់យោធិនដែលរងរបួស ជនភៀសសឹក ការផ្តល់អាហារូបករណ៍ 100% សម្រាប់ថ្នាក់បរិញ្ញាបត្ររយៈពេល 4 ឆ្នាំជូនដល់កូនៗរបស់វីរជនពលីជីវិតដែលជាអតិថិជន ឬ អ្នករួមខ្ចី របស់ខេប៊ីប្រាសាក់ និងការផ្តល់ឱកាសការងារជូនដល់កូនៗយោធិនទៀតផង។ ក្រៅពីនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃ ធនាគារ ខេប៊ីប្រាសាក់ បាននាំយកអង្ករដែលជាអំណោយរបស់មូលនិធិបុគ្គលិកធនាគារខេប៊ីប្រាសាក់ ប្រគល់ជូនរដ្ឋបាលខេត្តចំនួន៧ដែលស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដើម្បីឧបត្ថមគាំទ្រដល់ប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិ និងចូលរួមគោរពវិញ្ញាណក្ខន្ធវីរជនពលី និងឧបត្ថម្ភថវិកាផងដែរ។

