
លោក Nicolas Miesch នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍ ប៉ាស៊ីហ្វិក និងជាអ្នកជំនាញប្រឹក្សាអន្តរជាតិនៃក្រុមហ៊ុន EFESO Management Consultants លាតត្រដាងនូវយុទ្ធសាស្ត្រខ្លឹមៗមួយចំនួន ដែលក្រុមហ៊ុនធំៗលំដាប់ពិភពលោកតែងតែប្រើប្រាស់ ដើម្បីបណ្ដុះនូវវប្បធម៌នៃការធ្វើឱ្យប្រសើរឡើងឥតឈប់ឈរ ក៏ដូចជាប្រតិបត្តិការល្អឥតខ្ចោះ នៅក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។

អ្នកជំនាញរូបនេះ បានគូសបញ្ជាក់ថា ក្រុមហ៊ុនដែលមានបំណងចាប់យកការអនុវត្តប្រតិបត្តិការដ៏ល្អឥតខ្ចោះ គឺចាំបាច់ត្រូវមានការអនុវត្តនូវកិច្ចការជាច្រើន ដើម្បីឈានទៅសម្រេចបាននូវភាពប្រសើរឡើងប្រកបដោយចីរភាព។ ទី១ គឺការក្រសោបយកផ្នែកបច្ចេកវិទ្យាទំនើប ស្របតាមស្ដង់ដារពិភពលោក។ ពិភពលោកមានការប្រែប្រួលយ៉ាងឆាប់រហ័សដូច្នេះ ក្រុមហ៊ុនដែលចង់បានខ្សែច្រវាក់ផលិតកម្មលំដាប់ពិភពលោក ត្រូវស្វះស្វែងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗចុងក្រោយ សម្រាប់ការងារប្រតិបត្តិការ និងផលិតកម្មរបស់ខ្លួន។ ទី២ គឺការគ្រប់គ្រង ត្រូវធានាឲ្យបានថា ការទំនាក់ទំនងការងារតាំងពីថ្នាក់កំពូលរហូតមកថ្នាក់ក្រោម គឺមានភាពរលូន និងច្បាស់លាស់។

ជុំវិញការរីកចម្រើនក្រុមហ៊ុនប្រកបដោយចីរភាព ត្រូវបានអ្នកជំនាញអះអាងថា គឺមានការរួមចំណែកយ៉ាងសំខាន់ពីការអនុវត្តការគ្រប់គ្រងខ្សែច្រវាក់ផលិតកម្មលំដាប់ពិភពលោក, ការគ្រប់គ្រងលើបរិស្ថាន សង្គម និងការគិតគូរផ្នែកសេដ្ឋកិច្ច ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានឱ្យមាននៅក្នុងកម្រិតតិចតួចបំផុត។

បច្ចុប្បន្ន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈធំជាងគេមួយនៅកម្ពុជា បាននិងកំពុងអនុវត្តបានយ៉ាងខ្ទាប់ខ្ជួននូវការគ្រប់គ្រងខ្សែច្រវាក់ផលិតកម្មលំដាប់ពិភពលោក ដោយទទួលបានការប្រឹក្សា និងវាយតម្លៃដោយផ្ទាល់ពីអ្នកជំនាញរបស់ក្រុមហ៊ុនលំដាប់ពិភពលោក EFESO Management Consultants ។

បើតាម លោក Nicolas Miesch ចាប់តាំងពីការចាប់ផ្ដើមដំបូង រហូតដល់ការពង្រីករោងចក្រក្នុងដំណាក់កាលទី៤នេះ ក្រុមហ៊ុន EFESO បានជួយគាំទ្រដល់ក្រុមហ៊ុន ខ្មែរ ប៊ើវើរីជីស ក្នុងការអនុវត្តការគ្រប់គ្រងខ្សែច្រវាក់ផលិតកម្មលំដាប់ ពិភពលោក។ លោកបន្ថែមថា ក្រុមហ៊ុនប្រឹក្សា និងវាយតម្លៃរបស់បារាំងមួយនេះ បានជួយពង្រឹងសមត្ថភាពដល់បុគ្គលិកគ្រប់ផ្នែកទាំងអស់ ដើម្បីសម្រេចឲ្យបាននូវគុណភាពកម្រិតស្ដង់ដារពិភពលោក ធ្វើការកែលម្អឲ្យកាន់តែប្រសើរឡើង, បង្កើនគុណភាពផ្នែកភស្ដុភារកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារជាដើម។

EFESO Management Consultants គឺជាក្រុមហ៊ុនបារាំង ដែលមានបទពិសោធន៍ជាង ៤ទសវត្សរ៍មកហើយ លើការងារគ្រប់គ្រងប្រឹក្សាយោបល់ផ្នែកប្រតិបត្តិការ យុទ្ធសាស្ត្រ និងការអនុវត្តការងារឱ្យកាន់តែមានភាពប្រសើរឡើង។ យ៉ាងណាមិញ នៅកម្ពុជា បច្ចុប្បន្ន មានតែក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មួយប៉ុណ្ណោះ ដែលបានយកសេវាកម្មពីក្រុមហ៊ុនអន្តរជាតិមួយនេះ សម្រាប់ផ្ដល់ការប្រឹក្សាយោបល់ ទាក់ទងនឹងការគ្រប់គ្រងខ្សែច្រវាក់ផលិតកម្មលំដាប់ពិភពលោក៕



