ការហក់ឡើងតម្លៃប្រេងឥន្ធនៈនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីអាកាសយានដ្ឋានសំខាន់មួយរបស់អារ៉ាប៊ីសាអូឌីត បានរងការវាយប្រហារដោយដ្រូន និងមីស៊ីលពីសំណាក់ក្រុមហ៊ូធី កាលពីថ្ងៃអាទិត្យ ពោលគឺត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការវាយប្រហារមួយផ្សេងទៀតបានសម្លាប់មនុស្សអស់១២នាក់។ ហេតុការណ៍នេះ កំពុងបង្កើនហានិភ័យ នៃជម្លោះក្នុងតំបន់កាន់តែស៊ីជម្រៅ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ផ្គត់ផ្គង់ថាមពល ក៏ដូចជាពាណិជ្ជកម្មសកល។
ភាពតានតឹងផ្នែកយោធានេះ បានជំរុញឱ្យអារ៉ាប៊ីសាអូឌីត បានចេញមុខគាំទ្រប្រតិបត្តិការវាយបកនៅជិតច្រកសមុទ្រ បាប អែលម៉ាន់ដេប (Bab el-Mandeb) ដែលជាទីតាំងយុទ្ធសាស្ត្រដឹកជញ្ជូនតាមផ្លូវសមុទ្រដ៏សំខាន់មួយភ្ជាប់ពាណិជ្ជកម្មរវាងទ្វីបអាស៊ី និងអឺរ៉ុប។
ទន្ទឹមនឹងការហក់ឡើងនៃតម្លៃប្រេងឆៅ តម្លៃប្រាក់ដុល្លារអាម៉េរិក ក៏បានឡើងថ្លៃបន្តិចផងដែរ បើធៀបនឹងរូបិយប័ណ្ណសំខាន់ៗនៅលើពិភពលោក ខណៈដែលប្រាក់ដុល្លារអូស្ត្រាលី ដែលងាយរងផលប៉ះពាល់ពីហានិភ័យទីផ្សារ ស្ថិតក្នុងស្ថានភាពថេរនៅឡើយ។ ដោយឡែកតម្លៃផ្សារហ៊ុននៅលើទីផ្សារ S&P 500 នៅទីក្រុងញូវយ៉ក បានកើនឡើង០,៦%ផងដែរ។
ទន្ទឹមនឹងតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានហក់ឡើង តម្លៃប្រេងឥន្ធនៈលក់រាយនៅក្នុងប្រទេសកម្ពុជា ក៏បានហក់ឡើងដូចគ្នាដែរ ក្នុងនោះតម្លៃប្រេងសាំងធម្មតាបានហក់ឡើងពី៥,១៥០រៀលទៅ៥,៣៥០ រៀលក្នុងមួយលីត្រ ខណៈសាំងស៊ុបពែរ បានឡើងថ្លៃពី៦,២០០រៀលទៅ៦,៤០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត បានធ្លាក់ចុះពី៥,៦៥០រៀលមកត្រឹម៥,៥៥០រៀលក្នុងមួយលីត្រ៕
ដោយៈ សរ សុជាតិ