វិស័យការងារ

តើកម្ពុជា អាចធានាផលប៉ះពាល់ការងាររបស់ពលករខ្មែរធ្វើការនៅថៃ ដែលត្រឡប់មកកម្ពុជាវិញយ៉ាងណាដែរ?


ក្រោយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ កាន់តែកើនឡើងកម្តៅសម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សកាន់អំណាច បានអំពាវនាវដល់ពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ឱ្យត្រឡប់មកកម្ពុជាវិញ មុនពេលថៃ បណ្តេញចេញ ដ្បិតថា ពេលនេះ ពួកគេកំពុងទទួលរងការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន។ តើអ្នកជំនាញមានការយល់ឃើញបែបណា ចំពោះបញ្ហានេះ ហើយរាជរដ្ឋាភិបាល គួរមានវិធានការបែបណាខ្លះក្នុងការធានាស្វែងរកការងារជូនដល់ពលករខ្មែរដែលបានត្រឡប់មកវិញ?
វិស័យការងារ
ដោយ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច បានអំពាវនាវឱ្យពលករខ្មែរដែលកំពុងធ្វើការក្នុងប្រទេសថៃ គួរត្រលប់មកកម្ពុជាវិញ មុនពេលថៃ បណ្តេញចេញ ដ្បិតថា នៅពេលនេះ ពលករខ្មែរកំពុងទទួលរងការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួនពីសំណាក់ភាគីថៃ។ ការអំពាវបែបនេះរបស់ សម្តេចតេជោ គឺដើម្បីឆ្លើយតបនឹងភាគីថៃ ក្នុងករណីភាគីថៃ មិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគីឡើងវិញ។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានណែនាំដល់រាជរដ្ឋាភិបាលកម្ពុជា ត្រូវត្រៀមទទួលយក និងដោះស្រាយការងារជូនពលករខ្មែរដែលនឹងវិលត្រឡប់មកពីប្រទេសថៃ ស្របពេលបច្ចុប្បន្នកម្ពុជា កំពុងខ្វះកម្លាំងពលកម្មរាប់សិបម៉ឺនកន្លែង ទាំងក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងសំណង់។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បានឈានទៅរកភាពតានតឹងកាន់តែខ្លាំងហើយនាពេលនេះ និងបានជំរុញឱ្យពលករខ្មែរធ្វើការក្នុងប្រទេសថៃ ប្រឈមមុខនឹងការរើសអើងពីសំណាក់ជនជាតិថៃ ជ្រុលនិយមមួយចំនួន។ សម្រាប់អ្នកជំនាញរូបនេះ ក្នុងកាលៈទេសៈនេះ ពលករខ្មែរគួរតែវិលត្រឡប់មកប្រទេសកំណើតវិញ បើទោះបីជាលោកដឹងថា វិធានការនេះអាចធ្វើឱ្យកម្ពុជា និងថៃ រងផលប៉ះពាល់ដូចគ្នាក៏ដោយ ដ្បិតថា ថៃ ពឹងផ្អែកខ្លាំងលើកម្លាំងពលកម្មកម្ពុជា ដែលនឹងប៉ះពាល់ទៅដល់ខ្សែរច្រវាក់ផលិតកម្មក្នុងប្រទេសខ្លួន ខណៈកម្ពុជា ត្រូវទទួលប្រជាជនខ្លួនមកវិញភ្លាមៗក្នុងចំនួនដ៏ច្រើន ដែលអាចមានបញ្ហាប្រឈមមួយចំនួនមិនអាចដោះស្រាយបានក្នុងពេលភ្លាមៗ ទោះកម្ពុជា កំពុងខ្វះខាតកម្លាំងពលកម្មជាច្រើននាក់ក៏ដោយ។

​ជុំវិញបញ្ហានេះ លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) យល់ឃើញថា ការអំពាវនាវរបស់ថ្នាក់ដឹកនាំកម្ពុជា ឱ្យពលករខ្មែរត្រឡប់មកប្រទេសវិញទំនងគ្រាន់តែជាយុទ្ធសាស្ត្រក្នុងការដាក់សម្ពាធដល់ភាគីថៃ មុនពេលចរចា​ប៉ុណ្ណោះ ប៉ុន្តែចំណុចខ្លះមិនងាយនឹងសម្រេចបានឡើយ ដ្បិតខាងថៃ ក៏អាចនឹងវិភាគលើចំណុចខ្លាំង និងចំនុចខ្សោយរបស់កម្ពុជា ក្រៅពីវិភាគលើបញ្ហារបស់ខ្លួនដោយសារសេដ្ឋកិច្ច ថៃ ពឹងលើកំលាំងពលកម្មរបស់ពលករបរទេសខ្លាំង។ សម្រាប់អ្នកជំនាញរូបនេះ ភាគីទាំងសងខាងសុទ្ធតែមានចំនុចខ្លាំង និងខ្សោយរៀងខ្លួនលើបញ្ហាជម្លោះនេះ ប៉ុន្តែអ្នកដែលប៉ះពាល់ខ្លាំងគឺពលករខ្មែរនៅក្នុងប្រទេសថៃ ពិសេសពលករខ្មែរដែលគ្មានឯកសារស្របច្បាប់ ក្នុងករណីវិធានការក្តៅ ដែលកើតចេញពីការបណ្តេញចេញដោយបង្ខំ។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ក្រុមការងាររបស់ក្រសួង បានតាមដានជាប់ជាប្រចាំក្នុងការជួយសម្របសម្រួលជូនពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ដែលវិលត្រឡប់មកកាន់ប្រទេសកម្ពុជា វិញ។ ជាមួយគ្នានេះ ក្រសួងការងារ ក៏បានដាក់ទីតាំងនៅច្រកព្រំដែន ដើម្បីឱ្យពួកគេអាចស្វែងរកឱកាសការងារធ្វើភ្លាមៗនៅទីតាំងនោះផ្ទាល់ផងដែរ ហើយក្នុងករណីពួកគេចង់ពង្រឹងសមត្ថភាពបន្ថែមមុននឹងស្វែងរកការងារធ្វើក្រសួងក៏មានរៀបចំការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់ពួកគេ ពោលគឺក្រសួងការងារមិនទុកពលករខ្មែរចោលដោយគ្មានការទទួលខុសត្រូវឡើយ។ ទន្ទឹមនេះ អ្នកនាំពាក្យរូបនេះ ក៏បានអំពាវនាវដល់ពលករខ្មែរ និងក្រុមគ្រួសាររបស់ពលករទាំងអស់ត្រូវជឿជាក់លើក្រសួងការងារ និងជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះ។

​បើតាមការបញ្ជាក់របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បច្ចុប្បន្នមានពលករកម្ពុជា កំពុងធ្វើការនៅក្នុងប្រទេសថៃ ជាង១លាន២សែននាក់ ដោយពួកគេបានផ្ញើថវិកាត្រឡប់មកប្រទេសកម្ពុជាវិញជាមធ្យមប្រមាណ២ពាន់១រយលានដុល្លារក្នុង១ឆ្នាំ៕




អត្ថបទបន្ទាប់


តម្លៃប្រេងឆៅហក់ឡើងថ្លៃជាង៩% ក្រោយអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់

ប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានហក់ឡើងស្រឺតៗរហូតដល់ទៅជាង៩%ឯណោះនៅថ្ងៃទី១៣ ខែមិថុនា ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនខែម…

ថៃ កំពុងខិតខំបង្កើនការទាក់ទាញភ្ញៀវទេសចរ ក្រោយភ្ញៀវទេសចរចិន ធ្លាក់ចុះខ្លាំង

រដ្ឋាភិបាលរបស់លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ កំពុងព្យាយាមបង្កភាពងាយស្រួល ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ