លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា វាយតម្លៃថា ខេត្តកោះកុង នឹងក្លាយជាគោលដៅទេសចរណ៍ដ៏មានសក្ដានុពលមួយក្នុងចំណោមខេត្តជាប់មាត់សមុទ្រទាំង៤របស់កម្ពុជា នាពេលអនាគត។ ការហ៊ានវាយតម្លៃបែបនេះ ក៏ដោយសារអ្នកជំនាញរូបនេះសង្កេតឃើញថា ខេត្តស្ថិតនៅភាគនិរតីមួយនេះសម្បូរដោយធនធានធម្មជាតិ ជីវៈចម្រុះ និងមានឆ្នេរខ្សាច់វែងជាងគេបើធៀបនឹងជាប់មាត់សមុទ្រផ្សេងៗទៀត ដូចជាខេត្តព្រះសីហនុ កែប និងកំពត។ ទោះបីសម្លឹងឃើញខេត្តកោះកុង អាចនឹងក្លាយជាខេត្តគោលដៅទេសចរណ៍នាំមុខនាពេលអនាគតក៏ដោយ តែអ្នកជំនាញរូបនេះហាក់សម្ដែងការព្រួយបារម្ភចំពោះការកាប់ទន្រ្ទានព្រៃលិចទឹក និងព្រៃកោងកាងក្នុងតំបន់មួយចំនួននៅក្នុងខេត្តនេះ ដែលអាចបង្កហានីភ័យដល់គោលដៅទេសចរណ៍។ បើតាមលោក ធួន ស៊ីណាន ឆ្នេរសមុទ្រដែលស្អាត គឺមាននៅតំបន់តារាសាគរ និងនៅតំបន់កោះកុងក្រៅ។
ទន្ទឹមនឹងវិស័យទេសចរណ៍កម្ពុជា ចាប់ផ្ដើមមានភាពវិជ្ជមានបណ្ដើរៗ តែបញ្ហាតម្លៃសេវាកម្មក៏ជាបញ្ហារួមផ្សំនៃឧបសគ្គសម្រាប់អ្នកទេសចរផងដែរ។ បញ្ហានេះ ត្រូវបានប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា អះអាងថា សេវាកម្មទេសចរណ៍របស់កម្ពុជា មានតម្លៃថ្លៃជាងប្រទេសជិតខាង ដោយសារតែវត្ថុធាតុដើមភាគច្រើនត្រូវបាននាំចូល ដែលករណីនេះទាមទារឱ្យមានការគិតគូរ និងពិចារណាបន្ថែមទៀត។
គួរបញ្ជាក់ថា វិស័យទេសចរណ៍ជាវិស័យមួយដែលរងផលប៉ះពាល់ខ្លាំងគេនៅក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយសារអំឡុងពេលនេះមានការបិទខ្ទប់តំបន់មួយចំនួន និងបិទការហោះហើរពីតំបន់មួយទៅតំបន់មួយជាដើម។ ប៉ុន្តែបច្ចុប្បន្នវិស័យហាក់វិលមកប្រក្រតីភាពឡើងវិញជាបណ្តើរៗហើយ។ ជាក់ស្តែងនៅក្នុងរយៈពេល៣ខែកន្លងមកនេះ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុបជាង១លាន៥សែននាក់៕
អត្ថបទ៖ បូ ដូឡា