គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

តើការទិញភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពីសំណាក់ធនាគារបរទេសវាជារឿងល្អ ឬអាក្រក់សម្រាប់វិស័យហិរញ្ញវត្ថុកម្ពុជា?


នៅប៉ុន្មានឆ្នាំចុងក្រោយនេះមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មួយចំនួន បានលក់ភាគហ៊ុនរបស់ខ្លួនទៅឱ្យធនាគារបរទេស និងមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លះបានរួមបញ្ជូលគ្នាជាធនាគារបរទេស ហើយបានវិវត្តិខ្លួនទៅជាធនាគារពាណិជ្ជ ដើម្បីពង្រីកវិសាលភាពក្នុងការផ្តល់សេវាកម្មជូនអតិថិជនឱ្យកាន់តែល្អប្រសើរ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ដោយ

ការលក់ភាគហ៊ុន និងការរួមបញ្ជូលគ្នារបស់គ្រឹះស្ថានធនាគារក្នុងស្រុកជាមួយធនាគារបរទេសនេះ ក៏បានធ្វើឱ្យមានការបញ្ជេញមតិ និងបង្ហាញក្តីបារម្ភក្នុងស្រទាប់មហាជនជុំវិញបញ្ហានេះផងដែរ។ តើការទិញភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពីសំណាក់ធនាគារបរទេសវាជារឿងល្អ ឬអាក្រក់សម្រាប់វិស័យហិរញ្ញវត្ថុកម្ពុជា?

ក្រុមអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ច បានចាត់ទុកការទិញលក់ភាគហ៊ុនរវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងស្រុកជាមួយធនាគារ ឬក្រុមហ៊ុនបរទេសវានិន្នាការទូទៅ ដែលតែងតែកើតមានឡើងនៅតាមបណ្តាប្រទេសនីមួយៗនៅលើពិភពលោក ពោលគឺបញ្ហានេះមិនមែនកើតមានតែនៅកម្ពុជា នោះទេ។ ការអះអាងបែបនេះរបស់ក្រុមអ្នកជំនាញធ្វើឡើងក្រោយមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗមួយចំនួនបានលក់ភាគហ៊ុនរបស់ខ្លួនទៅឱ្យធនាគារបរទេស ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ លក់ភាគហ៊ុន១០០% ឱ្យធនាគារកូរ៉េខាងត្បូង គូកមីន ហើយកាលពីថ្មីៗធនាគារ Sinopac របស់តៃវ៉ាន់ បានប្រកាសទិញយកភាគហ៊ុន១០០% របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត។ តើការទិញភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពីសំណាក់ធនាគារបរទេសវាជារឿងល្អ ឬអាក្រក់សម្រាប់វិស័យហិរញ្ញវត្ថុកម្ពុជា?

ឆ្លើយតបទៅនឹងសំណួរនេះទាំងលោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុ, ទាំងលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា និងលោក ង៉ែត ជូ ដែលគេស្គាល់ថា ជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុមួយរូបនៅកម្ពុជា សុទ្ធតែបានអះអាងដូចគ្នាថា ការចូលរួមវិនិយោគរបស់ធនាគារបរទេសតាមរយៈការទិញភាគហ៊ុន១០០%របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងស្រុក គឺជារឿងល្អមួយសម្រាប់វិស័យហិរញ្ញវត្ថុរបស់កម្ពុជា។ ជារឿងល្អ ក៏ដោយសារតាមរយៈវត្តមានរបស់ធនាគារទាំងនេះ វាមិនត្រឹមតែជួយពាំនាំទុនវិនិយោគពីបរទេសមកកាន់កម្ពុជា ប៉ុណ្ណោះទេ ថែមទាំងនាំមកនូវបច្ចេកវិទ្យាថ្មីៗសម្រាប់អភិវឌ្ឍន៍វិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើនថែមទៀតផងដែរ។ ជាពិសេសវានឹងជួយធ្វើឱ្យការផ្តល់សេវាកម្មក្នុងវិស័យនេះកាន់តែមានភាពប្រកួតប្រជែង និងទទួលបានដើមទុនជាមួយអត្រាការប្រាក់ទាបជាងមុនផងដែរ។

​ពាក់ព័ន្ធនឹងការទិញលក់ភាគហ៊ុនរវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងស្រុកជាមួយធនាគារ ឬក្រុមហ៊ុនបរទេស ត្រូវបានក្រុមអ្នកជំនាញហិរញ្ញវត្ថុ និងសេដ្ឋកិច្ចខាងលើអះអាងស្រដៀងគ្នាថា កត្តាដែលជំរុញឱ្យគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនសម្រេចលក់ភាគហ៊ុនទៅឱ្យធនាគារបរទេស គឺដោយសារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ភាគច្រើន មានម្ចាស់ភាគហ៊ុនជាជនជាតិបរទេស ក្រោយវិវត្តខ្លួនពីអង្គការ គ្រឹះស្ថានខ្លះចង់អភិវឌ្ឍន៍ផលិតផលខ្លួនឱ្យកាន់មានភាពល្អប្រសើរ និងខ្លះទៀតខ្វះសមត្ថភាពពាក់ព័ន្ធនឹងចំណេះដឹងធនាគារ ដែលធ្វើការផ្តល់សេវាកម្មរបស់ពួកគេមិនអាចប្រកួតប្រជែងជាមួយគ្រឹះស្ថានធនាគារ។ ម្យ៉ាងទៀតធនាគារបរទេសដែលមកទិញយកភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ភាគច្រើនជាម្ចាស់បំណុលរបស់គ្រឹះស្ថានទាំងនោះ ស្របពេលដែលពួកគេមើលឃើញពីសក្តានុពលវិនិយោគក្នុងវិស័យនេះនៅកម្ពុជា ក្រោយអត្រាការប្រាក់នៅបរទេសមានការកើនឡើង។

​ជាមួយគ្នានេះកាលពីពេលកន្លងទៅថ្មីៗលោកជំទាវ ជា សិរី អគ្គទេសាភិបាលធនគារជាតិនៃកម្ពុជា លើកទឹកចិត្តឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងស្រុករួមបញ្ជូលគ្នាជាមួយគ្រឹះស្ថានធនាគារក្នុងស្រុក និងក្រៅស្រុក ដើម្បីបង្កើតជាធនាគារថ្មីសម្រាប់ផ្តល់សេវា និងផលិតផលជូនអតិថិជន។ ការលើកទឹកចិត្តបែបនេះ ក៏ដោយសារលោកជំទាវយល់ឃើញថា ការរួមបញ្ចូលគ្នារវាងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ នឹងជួយពង្រឹងស្ថិរភាព និងភាពធន់របស់គ្រឹះស្ថាន តាមរយៈការកើនឡើងនូវទ្រព្យសកម្ម និងប្រាក់បញ្ញើ ការបង្កើនលទ្ធភាពទទួលបានប្រភពហិរញ្ញវត្ថុ ដែលមានភាពងាយស្រួលនិងចម្រុះជាងមុន ការកាត់បន្ថយចំណាយ ការពង្រីកទីផ្សារ និងពិពិធកម្មផលិតផល និងសេវាកាន់តែសម្បូរបែបសម្រាប់អតិថិជន ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលការណ៍នេះនឹងគាំទ្រដល់កំណើនបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាផងដែរ។

លើសពីនេះ ការរួមបញ្ចូលនៃធុរកិច្ចក្នុងវិស័យធនាគារ នឹងផ្ដល់លទ្ធភាពប្រមូលផ្ដុំនូវធនធានមនុស្សដែលមានជំនាញកាន់តែប្រសើរ និងពង្រីកធនធានហិរញ្ញវត្ថុកាន់តែធំ និងរឹងមាំ ព្រមទាំងបង្កើននូវប្រសិទ្ធភាព និងប្រសិទ្ធផលការងារ ដែលជាគ្រឹះសម្រាប់ពង្រឹងភាពធន់របស់គ្រឹះស្ថាន។ ក្នុងន័យនេះ ថ្នាក់ដឹកនាំធានាគារជាតិនៃកម្ពុជា ក៏បានលើកទឹកចិត្តឲ្យមានការរួមបញ្ចូលគ្នានូវធុរកិច្ចក្នុងវិស័យធនាគារឲ្យបានកាន់ច្រើនថែមទៀតផង។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗធនាគារតៃវ៉ាន់ Sinopac បានប្រកាសទិញយកភាគហ៊ុន១០០% របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ក្នុងតម្លៃប្រមាណ៥៤៣លានដុល្លារអាម៉េរិក។ ការទិញយកភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹតនេះ ត្រូវបានក្រុមហ៊ុន SinoPac Holdings អះអាងថា នឹងធ្វើឡើងជាបីដំណាក់កាលដោយដំណាក់កាលទីមួយក្រុមហ៊ុននឹងទិញយក ៨០% ក្នុងតម្លៃប្រហែល៤៣៥ លានដុល្លារ ហើយបន្ទាប់មកនឹងទិញយក១០% ទៀតនៅចុងឆ្នាំទី១ ហើយ១០% ទៀតនឹងទិញយកនៅចុងឆ្នាំទី២៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញជឿថា កោះកុងនឹងក្លាយជាខេត្តគោលដៅទេសចរណ៍ឈានមុខគេក្នុងចំណោមខេត្តជាប់មាត់សមុទ្រទាំង៤នាពេលអនាគត

ព័ត៌មាន
ខេត្តកោះកុង គឺជាខេត្តមួយស្ថិតក្នុងចំណោមខេត្តជាប់សមុទ្រទាំង៤ របស់កម្ពុជា ដែលសម្បូរធនធានធម្មជាតិ និងជីវចម្រុះជាច្រើន និងមានឆ្នេរសមុទ្រសរុបដ…

តើហេតុអ្វីបានជាអារ៉ាប់ប៊ីសាអូឌីត នឹងដកខ្លួនចេញពីចិន លើគម្រោងវិនិយោគបច្ចេកវិទ្យាតម្លៃ១០០ពាន់លានដុល្លារ?

ព័ត៌មាន
ប្រធានមូលនិធិវិនិយោគថ្មីរបស់ប្រទេសអារ៉ាប៊ីសាអូឌីត វិនិយោគលើបច្ចេកវិទ្យា បានប្រកាសអះអាង យ៉ាងភ្ញាក់ផ្អើកថា អារ៉ាប់ប៊ីសាអូឌីតនឹងដកខ្លួនច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ