អំណាចទិញ ឬកម្លាំងនៃការចំណាយរបស់ពលរដ្ឋក្នុងប្រទេសឡាវ កំពុងធ្លាក់ចុះយ៉ាងលឿន ស្របពេលអតិផរណាហក់ឡើងកាន់តែខ្ពស់ រូបិយប័ណ្ណជាតិ ធ្លាក់ថ្លៃយ៉ាងគំហុក ហើយស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកាន់តែយ៉ាប់យ៉ឺនទៅ។ ស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់បែបនេះ ក្រុមអ្នកជំនាញបានព្រមានថា ប្រទេសជាប់ភូមិផងរបងជាមួយកម្ពុជា មួយនេះ ចាំបាច់ត្រូវតែចាត់វិធានការដោះស្រាយជាបន្ទាន់ដូចជាកាត់បន្ថយបំណុលសាធារណៈ ដែលរដ្ឋាភិបាលឡាវជំពាក់បរទេសរួមទាំងប្រទេសចិន ដែលជាម្ចាស់បំណុលធំជាងគេផងដែរ ដើម្បីបញ្ឈប់ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ខ្លួន។
យោងតាមទិន្នន័យផ្លូវការពីការិយាល័យជាតិស្ថិតិឡាវ បានបង្ហាញថា អតិផរណាក្នុងប្រទេសនេះបានស្ថិតក្នុងរង្វង់២៤,៣% គិតត្រឹមខែសីហា កន្លងទៅ ហើយវាមានរយៈពេល២៨ខែមកហើយដែលអតិផរណាបានហក់ឡើងខ្ពស់លើសអត្រា១០%។ ទោះបីជាអតិផរណាបានធ្លាក់ចុះពីកម្រិតខ្ពស់បំផុតមិនធ្លាប់មាន៤១,៣% ដែលត្រូវបានកត់ត្រាក្នុងខែកុម្ភៈឆ្នាំមុនក៏ដោយ ក៏តម្លៃទំនិញបានកើនឡើងលើសទ្វេដងក្នុងរយៈពេល៣ឆ្នាំមកនេះ។
យោងតាមស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ឱ្យដឹងថា ប្រទេសឡាវមានអតិផរណាខ្ពស់ជាងគេបំផុតក្នុងចំណោមប្រទេសទាំង១១ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងអត្រា២៤%ក្នុងឆ្នាំ២០២៣ បើធៀបនឹងអត្រាអតិផរណា២០% ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលរងការហែកហូរដោយសង្គ្រាម ឬខ្ពស់ជាងដូចមេឃដីបើធៀបនឹងអត្រាអតិផរណាជាមធ្យមចន្លោះពី២% ទៅ៣% នៅក្នុងបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទិន្នន័យចុងក្រោយបង្ហាញថា អត្រាអតិផរណាក្នុងប្រទេសឡាវ អាចនឹងនៅតែស្ថិតក្នុងរង្វង់២៤%នៅត្រឹមដំណាច់ឆ្នាំ២០២៤។
កត្តាដ៏ម្បងដែលរុញច្រានឱ្យសេដ្ឋកិច្ចឡាវ ធ្លាក់ចូលក្នុងភាពវឹកវរដូចពេលនេះ គឺការធ្លាក់ថ្លៃនៃលុយគីប (Kip) ដែលជារូបិយប័ណ្ណជាតិរបស់ឡាវ។ យោងតាមធនាគារកណ្តាលឡាវ ឱ្យដឹងថា ហាងឆេងអត្រាប្ដូរប្រាក់គីប នៅលើទីផ្សារធៀបនឹងប្រាក់ដុល្លារ និងលុយបាត របស់ថៃ បានធ្លាក់ចុះរហូតដល់ទៅជាងពាក់កណ្តាលក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។
ទន្ទឹមនេះ ប្រទេសឡាវ ប្រឈមនឹងការទូទាត់សងបំណុលដែលកើនឡើងជិតទ្វេដងឈានដល់៩៥០លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំនៅក្នុងឆ្នាំ២០២៣ កន្លងទៅ។ ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានប៉ាន់ប្រមាណថា បំណុលសាធារណៈសរុបរបស់ប្រទេសឡាវ នៅពេលនេះបានកើនដល់១១៥%នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីប្រទេសសិង្ហបុរី។
ទោះជាយ៉ាងណា ខុសពីសិង្ហបុរី ដែលជាប្រទេសអ្នកមានស្ដុកស្ដម្ភ និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិថ្នាក់តំបន់ដ៏សំខាន់មួយ ប្រទេសឡាវ មានសេដ្ឋកិច្ចតូចជាងគេឆ្ងាយ និងមានទុនបម្រុងអន្តរជាតិតិចតួចត្រឹមតែ១,៨ពាន់លានដុល្លារអាម៉េរិក ដែលល្មមសម្រាប់ការទូទាត់ទំនិញនាំចូលត្រឹមតែ២ខែកន្លះប៉ុណ្ណោះ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក Laotian Times កាលពីខែកក្កដា ឆ្នាំ២០២៤ បង្ហាញថា គិតត្រឹមឆ្នាំ២០២៤ នេះ ប្រទេសឡាវ មានបំណុលសាធារណៈសរុបរហូតដល់ទៅ១៣,៨ពាន់លានដុល្លារអាម៉េរិក ហើយក្នុងនោះគ្រាន់តែជំពាក់ប្រទេសចិន មួយគឺមានទំហំរហូតដល់ទៅប្រមាណ១០,៥ពាន់លានដុល្លារអាម៉េរិកឯណោះ ដែលធ្វើឱ្យប្រទេសចិន ក្លាយជាម្ចាស់បំណុលធំបំផុតរបស់ឡាវ៕
ដោយ: តែម សុខុម