រដ្ឋាភិបាលឡាវ កំពុងសម្លឹងមើលតួនាទីជាមហាអំណាចផ្គត់ផ្គង់រ៉ែប៉ូតាស្យូមមួយនៅតំបន់អាស៊ី ខណៈដែលទុនបម្រុងរ៉ែប្រភេទនេះនៅក្នុងដែនធម្មជាតិរបស់ប្រទេសនេះ ត្រូវបានគេរំពឹងថា មានរហូតដល់ទៅជិត១៣៤ពាន់លានតោនឯណោះ។ ប្រសិនបើឡាវ អាចទាញយកសក្តានុពលនៃធនធានរ៉ែប៉ូតាស្យូមនៅក្នុងបរិមាណនេះ ឡាវនឹងក្លាយជាប្រទេសនាំចេញប៉ូតាស្យូមធំលំដាប់ទី៣នៅលើពិភពលោក បន្ទាប់ពីរុស្ស៊ី និងកាណាដា។
ជាមួយគ្នានេះ ប្រទេសឡាវ បានបង្ហាញពីផែនការអភិវឌ្ឍន៍របស់ខ្លួន ដើម្បីប្រែក្លាយប្រទេសទៅជាអ្នកផ្គត់ផ្គង់រ៉ែប៉ូតាស្យូមឈានមុខគេមួយនៅតំបន់អាស៊ី តាមរយៈការកសាងកន្លែងផលិតថ្មី ពង្រីកប្រតិបត្តិការរុករករ៉ែ និងប្រើប្រាស់ការតភ្ជាប់ផ្លូវដែកដោយផ្ទាល់ទៅកាន់ប្រទេសចិន។
អនុរដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែ លោក ចាន់សាវេង ប៉ូងណុង (Chansaveng Boungnong) បានបង្ហាញផែនការនេះនៅក្នុងសន្និសីទអភិវឌ្ឍន៍ខ្សែច្រវាក់ឧស្សាហកម្មរ៉ែប៉ូតាស្យូម កាលពីពេលថ្មីៗនេះថា នៅពេលនេះរដ្ឋាភិបាលថៃ មានបំណងបង្កើតរោងចក្រជី NPK ចំនួន៣កន្លែង ដែលមួយនៅក្រុងវៀងចន្ទន៍ និងពីរនៅខេត្តខាំមួន។ ផែនការនេះ ក៏រួមបញ្ចូលផងដែរនូវការសាងសង់រោងចក្រអំបិលរ៉ែយ៉ាងតិចចំនួនពីរ ដើម្បីធ្វើពិពិធកម្មបន្ថែមទៀតនូវសមត្ថភាពកែច្នៃរ៉ែរបស់ប្រទេសឡាវ។
ដើម្បីគាំទ្រគំនិតផ្តួចផ្តើមទាំងនេះ រដ្ឋាភិបាលឡាវ បានផ្តល់សិទ្ធិរុករករ៉ែ និងដំណើរការដល់ក្រុមហ៊ុនចំនួន ១៨នៅទូទាំងតំបន់ ដែលមានផ្ទៃដីសរុបជាង១៦ម៉ឺនហិកតានៅក្នុងតំបន់សំខាន់ៗ រួមមានទីក្រុងវៀងចន្ទន៍ ខេត្តវៀងចន្ទន៍ ខេត្តខាំមួល និងសុវណ្ណាខេត។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣កន្លងទៅ ប្រទេសចិន បានប្រើប្រាស់ជីប៉ូតាស្យូមជិត២លានតោន ដែលភាគច្រើនបានមកពីការនាំចូល ដោយសារតែផលិតកម្មក្នុងស្រុកមានកម្រិត ស្របពេលដែលទីផ្សារជីប៉ូតាស្យូមនៅអាស៊ី ត្រូវបានគេដឹងថា អាចមានចន្លោះពី៦០ទៅ៧០លានតោន ដែលបង្កើតទីផ្សារដ៏រឹងមាំសម្រាប់អ្នកផ្គត់ផ្គង់ប៉ូតាស្យូម៕
ដោយៈ សរ សុជាតិ