បើតាមឯកសារផ្លូវការដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុឡាវ កាលពីថ្ងៃទី២៨ ខែមិថុនា បានបង្ហាញថា ដើម្បីគ្រប់គ្រងបំណុល ប្រទេសឡាវ បានពន្យារការទូទាត់សងបំណុលចំនួន៦៧០លានដុល្លារក្នុងឆ្នាំ២០២៣ បន្ថែមពីលើចំនួន១,២ពាន់លានដុល្លារ ដែលបានពន្យារពេលរួចហើយចាប់តាំងពីឆ្នាំ២០២០។ បច្ចុប្បន្នរដ្ឋាភិបាលឡាវកំពុងស្វែងរកការចរចាជាមួយនឹងម្ចាស់បំណុល ដូចជាចិនជាដើម ដើម្បីសុំពន្យារពេលក្នុងការទូទាត់សងបំណុលបន្តទៀត និងសុំកែសម្រួលសាច់ប្រាក់ផងដែរ។
ប្រទេសឡាវ មានបំណុលសាធារណៈសរុបចំនួនជិត១៤ពាន់លានដុល្លារ ដែលស្មើនឹង១០៨%នៃផលិតផលក្នុងស្រុកសរុប(GDP) របស់ប្រទេសនេះ ហើយក្នុងចំណោមបំណុលទាំងនេះ គឺប្រហែល១០,៥ពាន់លានដុល្លារបានជំពាក់ប្រទេសចិន។ រដ្ឋាភិបាលឡាវ គ្រោងនឹងកាត់បន្ថយអនុបាតបំណុលធៀបនឹងផលិតផលក្នុងស្រុកសរុបនៅត្រឹមឆ្នាំ២០២៥ ទោះបីជាគេរំពឹងថានឹងមានការទូទាត់បំណុលប្រចាំឆ្នាំខ្ពស់ប្រហែលជាង១ពាន់លានដុល្លារពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ក៏ដោយ៕
អត្ថបទ៖ សុខ មង្គល