អឺរ៉ុប-ចិន

គណៈកម្មការអឺរ៉ុបស្នើច្បាប់ហាមឃាត់ការនាំចូលទំនិញ ដែលផលិតដោយប្រើកម្លាំងពលកម្មដោយបង្ខំពីតំបន់ស៊ីនជាំងប្រទេសចិន


ដោយព្រួយបារម្ភពីស្ថានភាពសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង ប្រទេសចិន គណៈកម្មការអឺរ៉ុបកាលពីថ្ងៃទី១៤កញ្ញា បានស្នើឱ្យមានការហាមឃាត់លើការនាំចូលទំនិញទាំងអស់ ដែលផលិតដោយប្រើកម្លាំងពលកម្មដោយបង្ខំពីប្រទេសចិន។
អឺរ៉ុបស្នើច្បាប់ហាមឃាត់ការនាំចូលទំនិញពីតំបន់ស៊ីនជាំងប្រទេសចិន!

សេចក្តីស្នើច្បាប់ពីគណៈកម្មការអឺរ៉ុប ចែងថាការហាមឃាត់ នឹងត្រូវអនុវត្តចំពោះគ្រប់ផលិតផលទាំងអស់ដែលរួមចំណែកកើតចេញពី កម្លាំងពលកម្មដោយបង្ខំនៅគ្រប់ដំណាក់កាលផលិតទាំងអស់រាប់ចាប់ពី ការផលិត ការប្រមូលផលវត្ថុធាតុដើម និងការចម្រាញ់យកវត្ថុធាតុដើម រួមទាំងការងារ ឬដំណើរការផ្សេងទៀតឱ្យតែស្ថិតក្នុងខ្សែចង្វាក់ផលិតកម្ម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានជប៉ុន Nikkei។

សភាអឺរ៉ុប និងរដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំងអស់ នឹងពិភាក្សាអំពីសំណើនេះ ដែលវានឹងអាចចូលជាធរមាននៅរយៈពេលពីរឆ្នាំបន្ទាប់ពីត្រូវបានអនុម័ត។ ប៉ុន្តែសមាជិកសភាមួយចំនួននៅក្នុងសភាអឺរ៉ុប មិនសូវជឿជាក់ថា ច្បាប់នេះល្អគ្រប់គ្រាន់នៅឡើយ ដោយពួកគេបាន អំពាវនាវឱ្យមានការដាក់បម្រាម ស្រដៀងទៅនឹងច្បាប់ដែលទើបដាក់ចេញដោយសហរដ្ឋអាមេរិក។

ជាក់ស្តែង សហរដ្ឋអាមេរិកបានអនុវត្តយ៉ាងមានប្រសិទ្ធភាពរួចហើយ លើការហាមឃាត់ការនាំចូលទំនិញពីតំបន់ស៊ីនជាំងចាប់តាំងពីឆ្នាំមុន។ ជាមួយគ្នានេះ វ៉ាស៊ីនតោនថែមទាំងបានអនុម័តច្បាប់ ការពារលើការងារដោយបង្ខំនៃជនជាតិអ៊ុយហ្គ័រថែមទៀត ដែលនេះសបញ្ជាក់ពីវិធានការតឹងរ៉ឹង ជាងសំណើច្បាប់របស់សហភាពអឺរ៉ុបបច្ចុប្បន្ន។

អាមេរិកបានចាត់ទុករាល់ទំនិញទាំងអស់ ដែលមានប្រភពពីតំបន់ស៊ីនជាំង គឺសន្មត់ថា ផលិតឡើងដោយប្រើកម្លាំងពលកម្មដោយបង្ខំតែម្តង ពុំមានលើកលែងទំនិញណាមួយនោះទេ។ ផ្ទុយទៅវិញ ច្បាប់របស់អឺរ៉ុប ត្រូវទាមទារឱ្យមានការស៊ើបអង្កេតលើក្រុមហ៊ុនផលិត និងក្រុមហ៊ុននៅក្នុងវិស័យ ឬតំបន់នោះជាមុនសិន ថាតើមានការប្រើកម្លាំងដោយបង្ខំឬទេ មុននឹងចាត់វិធានការហាមឃាត់ការនាំចូល។ សរុបមក សំណើច្បាប់របស់អឺរ៉ុប គឺមានលក្ខណៈធូររលុង ជាងច្បាប់ដែលកំពុងអនុវត្តដោយសហរដ្ឋអាមេរិក។

សូមរំឭកថា របាយការណ៍សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនាពេលថ្មីៗនេះបានអំពាវនាវឱ្យប្រទេសចិន ស៊ើបអង្កេតការចោទប្រកាន់ពីការធ្វើទារុណកម្ម អំពើហិង្សាផ្លូវភេទ ខ្វះការព្យាបាលជំងឺ ក៏ដូចជាពលកម្មដោយបង្ខំ និងរបាយការណ៍អំពីការស្លាប់អំឡុងពេលឃុំឃាំងផងដែរ។

ទីក្រុងប៉េកាំងជានិច្ចជាកាលបានចេញមកបដិសេធ ដោយលើកឡើងថា សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនៃក្រុមជនជាតិភាគតិចទាំងអស់នៅក្នុងតំបន់ស៊ីនជាំង ត្រូវបានការពារដោយច្បាប់ ហើយក៏គ្មានដែរពាក្យថាពលកម្មដោយបង្ខំ។

គួរជម្រាបថា តំបន់ស៊ីនជាំងគឺជាកន្លែងផលិតកប្បាសដ៏សំខាន់ ហើយថែមទាំងបានផ្គត់ផ្គង់សម្ភារៈវត្ថុធាតុដើមជាច្រើនទៀតរបស់ពិភពលោក រួមមានបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យផងដែរ៕




អត្ថបទបន្ទាប់


អត្រាការប្រាក់កម្ចីទិញផ្ទះនៅអាមេរិកកើនលើស ៦%ជាលើកដំបូង ក្នុងរយៈពេលជាង១ទសវត្សរ៍មកនេះ

ព័ត៌មាន
អត្រាការប្រាក់ជាមធ្យមចំពោះកម្ចីទិញផ្ទះដ៏ពេញនិយមនៅសហរដ្ឋអាមេរិកនោះ បានហក់ឡើងលើស ៦% ជាលើកដំបូង បើរាប់តាំងពីឆ្នាំ២០០៨មក ហើយអត្រាការប្រាក…

WHO ថា ពិភពលោកកំពុងមើលឃើញពន្លឺនៃការបញ្ចប់ជំងឺរាតត្បាតកូវីដ១៩ហើយ

ព័ត៌មាន
អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃពុធថា ពិភពលោកកំពុងតែមើលឃើញពន្លឺនៃការបញ្ចប់ជំងឺរាតត្បាតកូវីដ១៩ហើយ ខណៈដែលចំនួនករណីឆ្លងថ្មីនៃជំងឺ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ