របាយការណ៍ត្រួតពិនិត្យសេដ្ឋកិច្ចប្រទេសឡាវសម្រាប់ខែតុលាឆ្នាំ២០២២របស់ធនាគារពិភពលោក ស្ដីពី ការដោះស្រាយបញ្ហាម៉ាក្រូសេដ្ឋកិច្ចដែលងាយរងគ្រោះ ដែលបានចេញផ្សាយនៅថ្ងៃទី ២១ ខែវិច្ឆិកា បានគូសបញ្ជាក់ពីកំណែទម្រង់ពោរពេញដោយមហិច្ឆតា ដែលអាចជួយឲ្យប្រទេសជិតខាងកម្ពុជាមួយនេះ អាចស្ដារបានឡើងវិញនូវស្ថិរភាពសេដ្ឋកិច្ច និងកំណើនចីរភាព។
របាយការណ៍នេះ បានកត់សម្គាល់ឃើញថា ប្រាក់គីបរបស់ឡាវ បានធ្លាក់ចុះតម្លៃប្រមាណ ៦៨% ធៀបនឹងប្រាក់ដុល្លារអាមេរិក បើគិតតាំងពីដើមឆ្នាំមកទល់ខែតុលាឆ្នាំ២០២២ ហើយបញ្ហានេះបានធ្វើឲ្យដំណើរការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចឡាវត្រូវដើរថយក្រោយ និងជំរុញឲ្យមានការកើនឡើងអតិផរណាខ្ពស់ផងដែរ។ ប្រការនេះ បានធ្វើឲ្យមានការដាក់សម្ពាធទៅលើការចំណាយប្រើប្រាស់ និងការវិនិយោគ។ ទន្ទឹមគ្នានេះ បំណុលសាធារណៈ និងសេវាធានាបំណុលសាធារណៈរបស់ប្រទេសឡាវ ត្រូវបានព្យាករថា នឹងមានលើស១០០% នៃផលិតផលក្នុងស្រុកសរុបនៅត្រឹមចុងឆ្នាំ២០២២នេះ ខណៈដែលធនាគារពិភពលោក ក៏បានបន្ទាប់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះមកនៅត្រឹម ២,៥%ប៉ុណ្ណោះ នៅឆ្នាំ២០២២ ខណៈពីមុនធ្លាប់ព្យាករថា នឹងមានដល់ ៣,៨%។
ទោះបីជា ភាពមានការងារធ្វើបានកើនឡើងនៅពាក់កណ្ដាលឆ្នាំ២០២២ក្ដី ប៉ុន្ដែប្រាក់ចំណូលរបស់ប្រជាជនឡាវគឺកើនឡើងមិនទាន់នឹងកម្រិតអត្រាអតិផរណានោះទេ។ អតិផរណាតម្លៃទំនិញប្រើប្រាស់ពីមួយឆ្នាំទៅមួយឆ្នាំបានកើនឡើង ៣៧% បើគិតត្រឹមខែតុលាឆ្នាំ២០២២ ជាមួយនឹងអតិផរណាតម្លៃម្ហូបអាហារបានកើនឡើងជិត៣៩%។ ទាំងនេះ គឺជាផលប៉ះពាល់ដល់ប្រជាជនក្រីក្ររស់នៅក្នុងទីក្រុង ដោយគ្រួសារមួយចំនួនត្រូវបង្ខំចិត្តកាត់បន្ថយការចំណាយនានា។
សម្រាប់ស្ថានភាពរបស់ប្រទេសឡាវនាពេលនេះ ធនាគារពិភពលោក រួមជាមួយនឹងដៃគូអភិវឌ្ឍបានពិភាក្សាគ្នាជាមួយនឹងរដ្ឋាភិបាល អំពីផែនទីបង្ហាញផ្លូវនៃកំណែទម្រង់ដែលអាចធ្វើឲ្យស្ថានការវិលមករកភាពល្អប្រសើរឡើងវិញ។ ក្នុងនោះ មានកំណែទម្រង់សំខាន់ៗចំនួន៥ ត្រូវបានស្នើឡើងដូចជា ទី១ ការកាត់បន្ថយការលើកលែងពន្ធដែលមានតម្លៃខ្ពស់ ដើម្បីបង្កើនចំណូលសាធារណៈ និងគាំពារការចំណាយសង្គម។ ទី២ កែលម្អអភិបាលកិច្ចនៃការវិនិយោគសាធារណៈ និងការវិនិយោគរវាងសាធារណៈ និងវិស័យឯកជន និងសហគ្រាសគ្រប់គ្រងដោយរដ្ឋ។ ទី៣ រៀបចំរចនាសម្ព័ន្ធបំណុលសាធារណៈឡើងវិញ តាមរយៈការចរចាដែលកំពុងបន្ដ។ ទី៤ ការពង្រឹងនូវស្ថិរភាពផ្នែកហិរញ្ញវត្ថុ តាមរយៈយន្ដការច្បាប់ និងបទប្បញ្ញត្តិ។ និងទី៥ កែលម្អបរិយាកាសធុរកិច្ច និងលើកកម្ពស់ការនាំចេញ តាមរយៈកំណែទម្រង់បទប្បញ្ញត្តិប្រកបដោយប្រសិទ្ធភាព។
សូមបញ្ជាក់ថា របាយការណ៍របស់ធនាគារពិភពលោកនេះ ក៏បានផ្ដល់នូវទស្សនវិស័យរយៈពេលមធ្យម ចំពោះការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសឡាវផងដែរ ដែលត្រូវបានជំរុញដោយវិស័យទេសចរណ៍ និងការនាំចេញ ទោះបីជាវាអាស្រ័យលើការចរចាបំណុលដោយជោគជ័យជាមួយនឹងម្ចាស់បំណុលទ្វេភាគីក៏ដោយ។ បន្ថែមពីនេះ ទស្សនវិស័យសេដ្ឋកិច្ចនេះ ក៏នឹងត្រូវមានប្រឈមនឹងហានិភ័យខាងក្រៅជាច្រើនផងដែរ ដូចជា គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចសាកលកាន់តែតឹងរ៉ឹង និងផលប៉ះពាល់យូរអង្វែងនៃសង្គ្រាមនៅអ៊ុយក្រែនជាដើម៕