
មហោស្រពភាពយន្តនេះបានចាក់បញ្ចាំងខ្សែភាពយន្តចំនួន 39 មកពី 22 ប្រទេស និងបញ្ចាំងចាប់ពីម៉ោង 6 ល្ងាចរហូតដល់ម៉ោង 10 យប់ ថ្ងៃទី 20, 21 និង 22 ខែតុលា ឆ្នាំ 2023។
លោក Scott Hiller ជាស្ថាបនិក និង ប្រធានរបស់ AAIFF / UCU បានលើកឡើងថា "ពួកយើងជឿថា ពួកយើងកំពុងបង្ហាញខ្សែភាពយន្តឯករាជ្យដ៏ល្អបំផុតរបស់ពិភពលោក"។ "ខ្សែភាពយន្តឯករាជ្យដែលមានព្រលឹង។ ខ្សែភាពយន្តទាំងនោះប្រៀបបានដូចជាសៀវភៅដ៏ល្អមួយក្បាល ដែលអ្នកអានមិនអាចដាក់ចុះ ហើយនៅពេលអ្នកដាក់វាចុះ អ្នកប្រាកដជាគិតអំពីវា។ ”
AAIFF ក៏បានរៀបចំកម្មវិធីសិក្ខាសាលាជំនាញ ចំនួនបី ក្នុងអំឡុងពេលមហោស្រពភាពយន្តនេះផងដែរ សិក្ខាសាលានីមួយៗគឺចាប់ពីម៉ោង 13:00 ដល់ 17:00 ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ប្រធានបទគឺនិយាយអំពី ការថតភាពយន្ត ការដឹកនាំភាពយន្ត និងការទីផ្សារភាពយន្ត ហើយចំពោះតម្លៃសំបុត្រគឺ 25 ដុល្លារសម្រាប់មនុស្សម្នាក់ 40 ដុល្លារសម្រាប់មនុស្សពីរនាក់ ឬ 50 ដុល្លារសម្រាប់មនុស្សបីនាក់។ សម្រាប់អ្នកដែលចង់ចូលរួមសិក្ខាសាលាខាងលើអាចចូលទៅកាន់គេហទំព័រ https://beacons.ai/aaifilmfestival
នាយកគ្រប់គ្រងរបស់ រោងភាពយន្ត លេជេន លោក រស់ ទេវនាថ បានលើកឡើងថា ‘’ ពួកយើងចង់ពង្រីកទីផ្សារខ្សែ និង ភាពយន្តខ្មែរ ឲ្យលើសព្រំដែនកម្ពុជា។ ជាពិសេសយើងចង់ទទួលបានការទទួលស្គាល់នៅជុំវិញអាស៊ីអាគ្នេយ៍។ ក្នុងឆ្នាំ2023នេះ មានខ្សែភាពយន្តប្រមាណ20រឿង បានផលិតដោយផលិតកររបស់ប្រទេសកម្ពុជា។ ប្រសិនបើយើង ប្រៀបធៀបទៅនឹងឆ្នាំ 2019 មុនការរាតត្បាតមេរោគកូវីដ19 វាបង្ហាញពីការរីកចម្រើនដ៏ល្អនៅក្នុងទីផ្សារនៅក្នុងលក្ខខណ្ឌនៃបរិមាណ និងគុណភាពរបស់ភាពយន្តយើង។‘’
នៅពេលសួរថា តើផលិតកម្មភាពយន្តអន្តរជាតិ ជ្រើសរើសប្រទេសកម្ពុជាជាទីតាំងថតបានជះឥទ្ធិពលដល់សេដ្ឋកិច្ចក្នុងស្រុកដោយរបៀបណា? លោក រស់ ទេវនាថ បានឆ្លើយតបវិញថា គឺជួយ ដោយការបង្កើននូវកំណើននៃវិស័យទេសចរណ៍។ លោកបានបន្តរទៀតថា“វាជាឱកាសដ៏ល្អសម្រាប់ប្រទេសកម្ពុជាក្នុងការបង្ហាញខ្លួនទៅកាន់ពិភពលោក។ យើងមានកន្លែងល្អៗ និងវប្បធម៌ដ៏អស្ចារ្យដើម្បីផ្សព្វផ្សាយដល់ពិភពលោក។
ក្នុងនាមជារោងយន្ត ដែលបង្កើត និង គ្រប់គ្រងដោយជនជាតិខ្មែរ យើងពិតជាមានឆន្ទៈ ចូលរួមចំណែកដល់វិស័យមួយនេះ។ តាមរយៈការរៀបចំមហោស្រពភាពយន្តឯករាជ្យអាស៊ី និងមហោស្រពភាពយន្តឯករាជ្យអឺរ៉ុប ដោយផ្តល់ការបញ្ចាំងជូនសាធារណៈជនដោយមិនគិតថ្លៃ វាជាការលើកទឹកចិត្តដល់ផលិតករ ដែលបានដាក់បញ្ចាំងភាពយន្តខ្លួនក្នុងរោងភាពយន្ត ឱ្យផលិតភាពយន្តបន្ថែមទៀត។ ហើយយើងក៏ចង់ឱ្យទស្សនិកជនបានទស្សនាខ្សែភាពយន្តកាន់តែច្រើនរសជាតិ”។
នាយកប្រតិបត្តិនៃគណៈកម្មការភាពយន្តកម្ពុជា លោក ចៀប សុវិជ្ជា លើកឡើងថា មានការចាប់អារម្មណ៍ខ្លាំង នៅពេលលោកបង្ហោះសារលើគណនី Facebook ថា "ខ្ញុំបានចែករំលែកព័ត៌មានទៅកាន់ផលិតករភាពយន្តក្នុងស្រុករបស់យើង ហើយពួកគាត់បានសួរសំណួរជាច្រើន"។
លោក មួង រិទ្ធី ផលិតករភាពយន្តក្នុងស្រុកបានសម្តែងចំណាប់អារម្មណ៍ថា ភាពយន្តដែលមាននៅក្នុងមហោស្រព គឺជារឿងដែលប្រជាជនកម្ពុជាកម្របានឃើញណាស់។ ”វាក៏បានផ្តល់នូវឱកាសសម្រាប់បណ្តាញទំនាក់ទំនងឲ្យអ្នកផលិតខ្សែភាពយន្តផងដែរ។ ហើយវាពិតជារឿងដ៏ល្អណាស់ដែលពួកយើងអាចភ្ជាប់ទំនាក់ទំនងគ្នាបានបន្ទាប់ពី ការរាតត្បាតមេរោគកូវីដ19។ សិក្ខាសាលាគឺជាឱកាសដ៏ល្អមួយសម្រាប់ពួកយើង ដើម្បីរៀនសូត្រពីផលិតករភាពយន្តដែលទទួលបានពានរង្វាន់ និងចែករំលែកចំណេះដឹងរបស់ពួកគាត់។ វាជាពេលវេលាមាសប្រាក់សម្រាប់យើងក្នុងការចាប់យកបទពិសោធន៍របស់ពួកគាត់”។
លោក រស់ ទេវនាថ បានបន្ថែមទៀតថា “ក្នុងភាពជាដៃគូជាមួយ AAIFF គោលដៅ និងទស្សនៈវិស័យរវាងយើងទាំងពីរគឺដូចគ្នា ដែលជាការនាំមកនូវការរីកចម្រើនជាបន្តបន្ទាប់ដល់ឧស្សាហកម្មភាពយន្តនៅកម្ពុជា ក៏ដូចជាការលើកស្ទួយ និងគាំទ្រផលិតករភាពយន្តឯករាជ្យ”។
បេសកកម្មរបស់ រោងភាពយន្ត លេជេន ត្រូវបានកំណត់លក្ខណៈដោយការប្តេជ្ញាចិត្តជាប់លាប់ក្នុងការច្នៃប្រឌិតបច្ចេកវិទ្យាឈានមុខគេ។ ក្រុមហ៊ុនបាននាំយកនូវបច្ចេកវិទ្យាភាពយន្តបែប 3D មកប្រទេសកម្ពុជា ដែលជាសក្ខីភាពនៃការខិតខំប្រឹងប្រែងរបស់ពួកយើងក្នុងការបង្កើនបទពិសោធន៍នៃការទស្សនាភាពយន្តក្នុងស្រុក។ ការនាំយកមកនូវបច្ចេកវិទ្យាបែបទំនើបដូចជា Dolby Atmos និង Giant Screen កាន់តែពង្រឹងជំហរដល់ក្រុមហ៊ុនក្នុងមុខតំណែងជាអ្នកនាំមុខគេក្នុងវិស័យមួយនេះ។ លើនេះទៅទៀត សាល Diamond Class របស់ រោងភាពយន្ត លេជេន ដែលផ្តល់ជូននូវបទពិសោធន៍នៃការទស្សនាភាពយន្តប្រកបទៅដោយប្រណិតភាព ដែលបង្ហាញពីការយកចិត្តទុកដាក់របស់ម៉ាកយីហោ រោងភាពយន្ត លេជេន ទៅលើសេវាកម្មដែលផ្ដល់ឲ្យអតិថិជនលំដាប់ខ្ពស់ និងការផ្តល់ជូនការកម្សាន្តតែមួយគ្មានពី។



