
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC បានគូសបញ្ជាក់ថា វិស័យធនាគារនៅកម្ពុជា បានបង្ហាញភាពធន់ និងសម្របខ្លួនបានគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំកន្លងមកនេះ ហើយលោករំពឹងថា លទ្ធផលវិជ្ជមាននេះនឹងបន្តកើតមានសម្រាប់ឆ្នាំ២០២៥នេះ។ សម្រាប់អ្នកជំនាញរូបនេះ ការព្យាកររបស់ធនាគារជាតិនៃកម្ពុជា លើកំណើនឥណទានក្នុងរង្វង់៦% ក្នុងប្រព័ន្ធធនាគារកម្ពុជា នៅឆ្នាំនេះ គឺស្របទៅតាមបរិបទសេដ្ឋកិច្ចនៅក្នុងប្រទេស និងសេដ្ឋកិច្ចសកលផងដែរ។
អ្នកជំនាញរូបនេះយល់ឃើញថា វិស័យធនាគារនៅឆ្នាំនេះ អាចមានទាំងឱកាស និងបញ្ហាប្រឈម ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចសកលកំពុងមានភាពមិនប្រាកដប្រជា។ ឱកាស គឺដោយសារកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពរបស់កម្ពុជា ដែលត្រូវបានក្រសួងសេដ្ឋកិច្ចព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់៦,៣% នៅឆ្នាំនេះ។ ហើយតាមរយៈកំណើននេះ ជាពិសេសកំណើនក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ ការនាំចេញ និងសហគ្រាសធុនតូច និងមធ្យម វានឹងជួយជំរុញតម្រូវការសេវាហិរញ្ញវត្ថុ។ ម្យ៉ាងទៀត ការកើនឡើងនៃបរិយាបន្នហិរញ្ញវត្ថុ និងសេវាឌីជីថល ជាមួយនឹងការសម្របខ្លួនយ៉ាងឆាប់រហ័សទៅនឹងបច្ចេកវិទ្យាធនាគារឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏បានធ្វើឱ្យសេវាហិរញ្ញវត្ថុនៅកម្ពុជា កាន់តែមានភាពងាយស្រួល និងល្អប្រសើរជាងមុន ជាពិសេសនៅតំបន់ជនបទ។
សម្រាប់លោក សុខ វឿន វិស័យធនាគារកម្ពុជា នៅឆ្នាំនេះ ក៏អាចជួបបញ្ហាប្រឈមមួយចំនួនដែរ ដូចជាភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ដែលអាចរំខានដល់លំហពាណិជ្ជកម្ម និងការវិនិយោគពីបរទេសនៅកម្ពុជា ក៏ដូចជាភាពមិនច្បាស់លាស់នៃវិស័យសំណង់ និងអចលនទ្រព្យកម្ពុជា នាពេលបច្ចុប្បន្ន។ ហើយដើម្បីគ្រប់គ្រងហានិភ័យឥណទាន ស្ថាប័នហិរញ្ញវត្ថុត្រូវពង្រឹងលើការគ្រប់គ្រងហានិភ័យឥណទានមិនដំណើរការ និងការពឹងផ្អែកកាន់តែខ្លាំងឡើងលើដំណោះស្រាយធនាគារឌីជីថល តម្រូវឱ្យមានការវិនិយោគជាបន្តបន្ទាប់ទៅលើប្រព័ន្ធសន្តិសុខអ៊ីនធើណែត និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីការពារប្រឆាំងនឹងការគំរាមកំហែងតាមអ៊ីនធើណែត និងការក្លែងបន្លំជាដើម។
ជាមួយគ្នានេះ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី ជឿជាក់ថា ការផ្តល់ឥណទានរបស់វិស័យធនាគារនៅកម្ពុជា ឆ្នាំនេះ នឹងមានភាពល្អប្រសើរជាងឆ្នាំមុន។ ជាក់ស្តែង សម្រាប់ធនាគារ អេស៊ីលីដា ផ្ទាល់ នៅក្នុងឆ្នាំ២០២៥ នេះ ទទួលបានការរីកលូតលាស់ប្រកបដោយគុណភាពដោយនៅប៉ុន្មានខែដំបូងដើមឆ្នាំនេះ ការផ្តល់ឥណទានថ្មីរបស់ធនាគារ អេស៊ីលីដា មានកំណើនខ្ពស់គួរឱ្យកត់សម្គាល់។ ហើយឥណទានទាំងនោះទៀតសោត សុទ្ធសឹងជាឥណទានអាជីវកម្មដែលមានគុណភាពល្អ ដោយសារតែរាជរដ្ឋាភិបាលបានរៀបចំការលើកទឹកចិត្តដល់វិស័យមួយចំនួន ដែលវាបានជះផលល្អដល់ធនាគារ អេស៊ីលីដា ក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនដល់អតិថិជន។
ធនាគារជាតិនៃកម្ពុជា បានវាយតម្លៃថា ប្រព័ន្ធធនាគារនៅកម្ពុជា ក្នុងឆ្នាំ២០២៤ កន្លងទៅ បន្តរក្សាបានវឌ្ឍនភាព និងមានស្ថិរភាព ដែលបានរួមចំណែកគាំទ្រពីការងើបឡើងនៃសេដ្ឋកិច្ច ខណៈទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន៧% ដែលស្មើនឹងប្រមាណជាង៩១ពាន់លានដុល្លា។ ជាមួយគ្នានេះ ឥណទានរបស់ប្រព័ន្ធធនាគារបន្តមានកំណើនទាបត្រឹម៣% ដែលស្មើនឹងប្រមាណជិត៦០ពាន់លានដុល្លារ ស្របពេលដែលប្រាក់បញ្ញើបានកើនឡើងជាង១៦% ស្មើនឹងប្រមាណ៥៧ពាន់លានដុល្លារ។ ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ជឿជាក់ថា នៅឆ្នាំ២០២៥នេះ ប្រព័ន្ធធនាគារនៅកម្ពុជានឹងបន្តរក្សាបានភាពរឹងមាំ និងដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច តាមរយៈការផ្តល់ឥណទានទៅកាន់វិស័យឯកជន ដែលរំពឹងថា នឹងកើនឡើងក្នុងអត្រាមធ្យម៦% ដែលជួយបង្កើនការវិនិយោគ និងការប្រើប្រាស់៕