ក្រុមហ៊ុន LG Group បានបង្ហាញផែនការវិនិយោគសម្រាប់រយៈពេល៥ឆ្នាំខាងមុខ ជាមួយទុនវិនិយោគជាង៧៤ពាន់លានដុល្លារអាម៉េរិក ក្នុងប្រទេសកូរ៉េ នៅឆ្នាំ២០២៨ ដើម្បីធានាការប្រកួតប្រជែងក្នុងវិស័យ ដែលកំពុងមានការរីកចម្រើនដូចជាបញ្ញាសិប្បនិមិត្ត (AI) បច្ចេកវិទ្យាជីវសាស្ត្រ ថ្ម-អាគុយ និងគ្រឿងបន្លាស់រថយន្តអគ្គិសនី។ ការវិនិយោគដ៏ធំសម្បើមនេះបានតំណាងឱ្យ៦៥% នៃការវិនិយោគសកលសរុបរបស់ក្រុមហ៊ុននេះ។
ប្រធានក្រុមហ៊ុន LG Group លោក កូ ក្វាងម៉ូ (Koo Kwang-mo) បាននិយាយនៅក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុននេះថា ក្រុមហ៊ុន LG មានបំណងពង្រឹងការប្រកួតប្រជែងស្នូលនៅក្នុងឧស្សាហកម្ម ដែលកំពុងរីកចម្រើនសំខាន់ៗ និងចង់ប្រែក្លាយវាឱ្យក្លាយជាកត្តាជំរុញកំណើនដ៏ចម្បងរបស់ក្រុមហ៊ុននាពេលអនាគត។ ប្រធានក្រុមហ៊ុន LG រូបនេះ ក៏បានគូសបញ្ជាក់អំពីផែនការក្នុងការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យា AI បច្ចេកវិទ្យាជីវសាស្រ្ត និងបច្ចេកវិទ្យាស្អាតផងដែរ ហើយលោកនឹងប្រែក្លាយវិស័យទាំងនេះឱ្យទៅជាសសរស្ដម្ភដ៏សំខាន់ នៃផលប័ត្រអាជីវកម្មបន្ទាប់ទៀតរបស់ក្រុមហ៊ុននេះ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនរថយន្ត Hyundai Motor ក៏បានបង្ហាញផែនការរបស់ខ្លួនពីការវិនិយោគក្នុងទឹកប្រាក់ជាង៥០ពាន់លានដុល្លារនៅឆ្នាំ២០២៦ ខណៈដែលក្រុមហ៊ុននេះកំពុងបង្កើតការងារក្នុងស្រុកដោយផ្ទាល់ចំនួន៨ម៉ឺនកន្លែង។ គោលបំណងនៃការបណ្ដាក់ទុនរបស់ក្រុមហ៊ុនរថយន្តនេះ គឺដើម្បីបង្កើនការបោះជំហានទៅមុខជាសកលរបស់ខ្លួនក្នុងវិស័យរថយន្តនាពេលអនាគត តាមរយៈការវិនិយោគដ៏ខ្លាំងក្លានៅក្នុងវិស័យមួយចំនួនដូចជាយានយន្តអគ្គិសនី យានយន្តបើកបរដោយស្វ័យភាព និងមនុស្សយន្តរ៉ូបូតជាដើម។
ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតទីបី ក្នុងពិភពលោកមួយនេះ នឹងបែងចែកទុនវិនិយោគរបស់ខ្លួនប្រហែលជាង២៦ពាន់លានដុល្លារ ដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវទាំងស្រុង និងពង្រីករោងចក្រផលិតរថយន្តអគ្គិសនី (EV)។ ក្រុមហ៊ុននេះ ក៏បានគ្រោងចំណាយប្រាក់ចំនួនជាង ២៣ពាន់លានដុល្លារ ដើម្បីពង្រឹងការប្រកួតប្រជែងនៅក្នុងវិស័យរីកចម្រើនសំខាន់ៗរួមមានរថយន្តអគ្គិសនី និងបច្ចេកវិទ្យាថ្មអាគុយផងដែរ៕
អត្ថបទ៖ សុខ ជា