រដ្ឋធានីនូសានតារ៉ាទទួលចំណាប់អារម្មណ៍ពីក្រុមហ៊ុនក្នុងស្រុក

ក្រុមហ៊ុនឥណ្ឌូនេស៊ីក្នុងស្រុកចង់វិនិយោគនៅរដ្ឋធានីថ្មី តែក្រុមហ៊ុនបរទេសហាក់នៅស្ទាក់ស្ទើរ


ធុរជនឥណ្ឌូណេស៊ីកាន់តែច្រើនបានប្រកាសពីគំនិតផ្តួចផ្តើមក្នុងការវិនិយោគនៅក្នុងរដ្ឋធានីថ្មី ដែលមានដើមទុនរាប់ពាន់លានដុល្លារដ៏មានមហិច្ឆតារបស់ប្រទេសនេះ ខណៈដែលការចាប់ផ្តើមនៃការផ្លាស់ប្តូររដ្ឋធានីត្រូវបានគ្រោងទុកនៅឆ្នាំក្រោយកាន់តែខិតជិតមកដល់។ ប៉ុន្តែក្រុមហ៊ុនបរទេសនៅតែស្ទាក់ស្ទើរ ហើយពួកគេនៅតែរង់ចាំពិនិត្យស្ថានភាពឱ្យប្រាកដប្រជាបន្ថែមទៀតអំពីផែនការវិនិយោគនៅនូសានតារ៉ា (Nusantara) ដែលជារដ្ឋធានីថ្មី។
រដ្ឋធានីនូសានតារ៉ាទទួលចំណាប់អារម្មណ៍ពីក្រុមហ៊ុនក្នុងស្រុក

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ ដែលនឹងត្រូវចុះចេញពីតំណែងបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី កំពុងតែដាក់ចេញនូវផែនការនៅក្នុងការផ្ទេរស្ថាប័នរដ្ឋាភិបាលមួយចំនួនទៅកាន់រដ្ឋធានីថ្មីនៅខែសីហា ឆ្នាំ២០២៤ ខាងមុខ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Nikkei។
ចំពោះគម្រោងនេះក្រុមហ៊ុននៅក្នុងស្រុកកាន់តែមានចំណាប់អារម្មណ៍នឹងរដ្ឋធានីថ្មីដែលកំពុងស្ថិតក្នុងដំណើរអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននៅឡើយ ប៉ុន្តែអ្នកវិនិយោគបរទេសហាក់មានការប្រុងប្រយ័ត្នចំពោះផែនការនេះ។ កាលពីដើមខែសីហា លោក សាលីយាឌី សាពុតត្រា ( Salyadi Saputra) នាយកផ្នែកយុទ្ធសាស្រ្ត និងការអភិវឌ្ឍន៍អាជីវកម្មសម្រាប់ក្រុមហ៊ុនប្រេង និងឧស្ម័នរដ្ឋបាននិយាយថា ក្រុមហ៊ុនមើលឃើញឱកាសនៅនូសានតារ៉ា។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ការអភិវឌ្ឍន៍តំបន់រួមបញ្ចូលគ្នានៅក្នុង រដ្ឋធានីថ្មី ដោយប្រើទស្សនៈទីក្រុងឆ្លាតវៃ ស្របតាមការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការធ្វើអាជីវកម្មជាមួយនឹងការអនុវត្តបរិស្ថាន សង្គម និងអភិបាលកិច្ចនៅគ្រប់បន្ទាត់អាជីវកម្ម និងប្រតិបត្តិការទាំងអស់។

ដោយមើលឃើញថា នូសានតារ៉ា ជា"ទីក្រុងពិភពលោកបៃតង និងឆ្លាតវៃ" គម្រោងធំនេះគឺជាចំណុចកណ្តាលនៃចក្ខុវិស័យរបស់លោក វីដូដូ ក្នុងការជំរុញប្រទេសឥណ្ឌូនេស៊ីទៅក្នុងចំណាត់ថ្នាក់នៃប្រទេសអភិវឌ្ឍន៍ និងឈានឆ្ពោះទៅសម្រេចតាមការសន្យារបស់ប្រទេសក្នុងការកាត់បន្ថយការបំភាយកាបូនឲ្យស្ថិតក្នុងកម្រិតទាបនៅឆ្នាំ២០៦០។

ក្រុមហ៊ុនឯកជន Ciputra Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតមួយរបស់ប្រទេសឥណ្ឌូនេស៊ីកាលពីខែកក្កដាបាននិយាយថា ខ្លួននឹងសាងសង់តំបន់រួមបញ្ចូលគ្នាដែលមានលំនៅដ្ឋាន សណ្ឋាគារ សួនរុក្ខសាស្ត្រ និងទីលានវាយកូនហ្គោល។
ការចាប់អារម្មណ៍លើការវិនិយោគដោយក្រុមហ៊ុនក្នុងស្រុកកើតឡើងនៅពេលដែល លោក វីដូដូ បានប្រកាសធានាដល់អ្នកវិនិយោគថាគម្រោងនេះកំពុងដំណើរការ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ្នកវិនិយោគបរទេសភាគច្រើនហាក់នៅស្ទាក់ស្ទើរ ចំពេលមានការព្រួយបារម្ភថា ប្រធានាធិបតីបន្ទាប់របស់ប្រទេសឥណ្ឌូនេស៊ីអាចនឹងលុបចោលគម្រោងនេះ។
គិតត្រឹមខែកក្កដា រដ្ឋាភិបាលបាននិយាយថា ប្រទេសឥណ្ឌូណេស៊ីបានទទួលចំណាប់អារម្មណ៍ពីក្រុមហ៊ុនប្រហែល៣០០ ដែលក្នុងនោះមានប្រហែល៣០ កំពុងរៀបចំផែនការ វិនិយោគ ប៉ុន្តែក្រុមហ៊ុនបរទេសមកពីប្រទេសចិន កូរ៉េខាងត្បូង សិង្ហបុរី និងជប៉ុនបានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមដែរ ប៉ុន្តែរហូតមកទល់ពេលនេះ មិនទាន់មានការសន្យាធំៗណាមួយបានសម្រេចនៅឡើយទេ។ គម្រោងការផ្លាស់ប្តូរដ្ឋធានីរបស់ឥណ្ឌូនេស៊ីពីហ្សាកាតា ទៅនូសានតារ៉ា ត្រូវបានគេដឹងថា មានតម្លៃសរុប៣០ពាន់លានដុល្លារ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អ្នកវិភាគប្រដូចទំនាក់ទំនងរវាងរុស្ស៊ី និងកូរ៉េខាងជើងជា«សម្ព័ន្ធភាពសង្គ្រាមត្រជាក់»នៅអាស៊ីបូព៌ា

ព័ត៌មាន
ដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន ទៅកាន់ប្រទេសរុស្ស៊ី ដែលជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងចាប់តាំងពីជំងឺរាតត្បាត…

តើរថយន្តយីហោណាខ្លះដែលលក់ដាច់ជាងគេនៅក្នុងឆមាសទី១ឆ្នាំ២០២៣?

ព័ត៌មាន
នៅឆមាសទី១ឆ្នាំ២០២៣ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនបានក្លាយជាក្រុមហ៊ុនលក់រថយន្តដាច់ជាងគេលើពិភពលោកក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តរបស់ប្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ