ជុំវិញនឹងបញ្ហានេះ ឯកឧត្តម ជៀប សួរ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រេងកាត បានអះអាងខេមបូណូមីសតាមប្រព័ន្ធតេឡេក្រាមថា ខាងអាជ្ញាធរកំពុងរង់ចាំមើលការជូនដំណឹងលាយលក្ខណ៍អក្សរពីខាងក្រុមហ៊ុនទាក់ទងនឹងរឿងនេះ និង ទុកពេលឲ្យក្រុមហ៊ុនរហូតដល់ខែឧសភា ហើយបើសិនការបញ្ជាក់ហេតុផលពីក្រុមហ៊ុនមិនសមស្រប ឬ មិនអាចទទួលយកបានទេ អាជ្ញាធរនឹងជូនដំណឹងទៅក្រុមហ៊ុនវិញ ហើយបើមិនមានការផ្លាស់ប្ដូរទៅតាមខាងអាជ្ញាធរណែនាំទេ នោះក្រុមហ៊ុនរុករកប្រេងនេះ អាចនឹងត្រូវប្រឈមនឹងការពិន័យ ឬអាចឈានដល់ការដកហូតអាជ្ញាបណ្ណជាដើម។ ទោះយ៉ាងណា ឯកឧត្តម ជៀប សួរ បញ្ជាក់ថា កម្ពុជាមិនចង់ឃើញមានការពិន័យ ឬឈានទៅដល់ការដកអាជ្ញាបណ្ណពីក្រុមហ៊ុនបូមប្រេងនោះទេ ហើយក៏សង្ឃឹមថាក្រុមហ៊ុន KrisEnergy នឹងអាចដោះស្រាយបញ្ហាបច្ចេកទេសទាំងអស់នេះបានរួចរាល់ឆាប់ៗនេះ។
តាមការចុះផ្សាយ ដោយសារព័ត៌មានជប៉ុន Nikkei ថ្មីៗនេះបានរាយការណ៍ថារុករក និងផលិតប្រេង ក្រុមហ៊ុន KrisEnergy បានបង្ហាញថា ទិន្នផលប្រេងនៃអណ្តូងអប្សរាក្នុងដែនសមុទ្រកម្ពុជា មានបរិមាណទាបជាងការព្យាការទុករបស់ក្រុមហ៊ុនកាលពីពេលកន្លងមក ។
បើតាមក្រុមហ៊ុន អណ្តូងប្រេងទាំង៥ ដែលគេបានចាប់ផ្តើមបូមយកប្រេងពីចុងខែធ្នូមកដល់ខែកុម្ភៈ បានផ្តល់ទិន្នផលតិចតួច ខុសខ្លាំងពីការព្យាកររបស់ក្រុមហ៊ុន ពោលគឺទិន្នផលទទួលបានត្រឹមតែជិត ២.៩០០ បារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ ខណៈដែលការព្យាករពីមុនថា អណ្តូងប្រេងទាំង៥របស់កម្ពុជា អាចផ្តល់ប្រេងបានដល់ ៧.៥០០បារ៉ែលក្នុងមួយថ្ងៃ។ បញ្ហានេះ ធ្វើឲ្យក្រុមហ៊ុនកំពុងប្រឈមនឹងហានិភ័យ។ ហានិភ័យ គឺប្រឈមនឹងការខាតបង់នេះតែម្ដង ខណៈដែលក្រុមហ៊ុនសិង្ហបុរីមួយនេះ ត្រូវបានគេដឹងថា កន្លងមកមានជាប់ពាក់ព័ន្ធបំណុលជាច្រើនផងដែរ។
ជុំវិញនឹងបញ្ហានេះ ឯកឧត្តម ជៀប សួរ បានគូសបញ្ជាក់ថា បច្ចុប្បន្នខាងអាជ្ញាធរកំពុងរង់ចាំមើលការជូនដំណឹងពីខាងក្រុមហ៊ុន ដើម្បីឲ្យក្រុមហ៊ុនពន្យល់ពីមូលហេតុដែលធ្វើឲ្យការបូមប្រេងបានតិចជាងការគ្រោងទុក និងការដាក់ផែនការបន្ដដែលក្រុមហ៊ុននេះត្រូវធ្វើបន្ដទៀត មុននឹងអាជ្ញាធរត្រូវសម្រេចចេញវិធានការបែបណាបន្ដទៀតចំពោះក្រុមហ៊ុនបូមប្រេងនេះ។
បើតាមឯកឧត្តម ជៀប សួរ បច្ចុប្បន្នក្រុមហ៊ុន KrisEnergy កំពុងធ្វើការងារជាមួយនឹងអ្នកជំនាញការឯករាជ្យរបស់ខ្លួន ដើម្បីសិក្សាពីអ្វីដែលក្រុមហ៊ុនបានសម្រេច និងជួបញ្ហាកន្លងមក ដើម្បីលើកជាផែនការបន្ដ ដែលអាចនឹងជូនដំណឹងមកកាន់ខាងអាជ្ញាធរកម្ពុជានៅខែឧសភាខាងមុខនេះ។
ប្រភពពីសារព័ត៌មានជប៉ុន Nikkei បានផ្សាយថា ភាគីក្រុមហ៊ុន KrisEnergy ធ្លាប់បានអះអាងថា ខ្លួននឹងធ្វើកិច្ចការពិគ្រោះយោបល់ជាមួយអ្នកជំនាញរបស់ក្រុមហ៊ុន ដើម្បីវាយតម្លៃឡើងវិញ ព្រមទាំងព្យាយាមស្តារទិន្នផលប្រេងឡើងវិញផងដែរ ប៉ុន្តែក្រុមហ៊ុននេះ បានទទួលស្គាល់ថា ទោះជាបែបនេះក្ដី ក៏ទិន្នផលប្រេងដែលនឹងទទួលបានលើកក្រោយ នឹងនៅតែមានកំរិតទាបជាងការព្យាករដំបូងដដែល។
យើងនឹងបន្ដតាមដានរឿងបូមប្រេងនេះជាបន្ដទៀត ថាតើវានឹងទៅជាយ៉ាងណា ហើយក្រុមហ៊ុន KrisEnergy របស់សិង្ហបុរីមួយនេះ អាចសម្រេចគោលដៅទាញយកប្រេង តាមការព្យាករបានដែរ ឬទេ ឬមួយក៏ត្រូវរងពិន័យ និងឈានដល់ការដកហូតអាជ្ញាបណ្ណពីរដ្ឋាភិបាល? យើងនឹងចាំមើលបន្ដទៀត!