ប៉ុន្តែការចាប់អារម្មណ៍របស់ក្រុមហ៊ុនទាំងនេះ គឺស្ថិតក្នុងដំណាក់កាលដំបូងតែប៉ុណ្ណោះ មិនទាន់មានលទ្ធផលជាក់លាក់ណាមួយនៅឡើយទេ។ ការចាប់អារម្មណ៍របស់ក្រុមហ៊ុនទាំងនេះ ស្របពេលតម្លៃប្រេងឥន្ធនៈសកលកំពុងមានការកើនឡើង ហើយវាក៏បានផ្តល់ក្តីរំពឹងដល់កម្ពុជាមួយកម្រិតទៀត ក្នុងការឈានទៅបន្តប្រតិបត្តិការបូមប្រេងឡើងវិញ ដែលបច្ចុប្បន្នកំពុងជាប់គាំង ។ ដោយឡែក ពាក់ព័ន្ធប្រេងឆៅចំនួ ន ៣០ម៉ឺនបារ៉ែល ដែលត្រូវបានលួចដឹកចេញពីកម្ពុជា និងត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីចាប់ឃាត់ទុកនោះ មកទល់ពេលនេះមិនទាន់មានដំណឹងថា អាចយកមកវិញបាននៅពេលណានោះឡើយ ខណៈបច្ចុប្បន្នមេធាវីរបស់កម្ពុជាកំពុងធ្វើការងារដោះស្រាយលើបញ្ហានេះ។
ឯកឧត្តម ជៀប សួរ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពលបានគូសបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថល ខេមបូណូមីស ថា កាលណាតម្លៃប្រេងឥន្ធនៈហក់ឡើងថ្លៃខ្ពស់ វាជាឱកាសធ្វើឲ្យវិនិយោគិនមានការចាប់អារម្មណ៍លើវិស័យមួយនេះ នៅតាមប្រទេសផ្សេងៗដែលមានប្រភពប្រេង។ ជាក់ស្តែងកម្ពុជា ដែលបរាជ័យក្នុងការបូមប្រេងលើកដំបូងរបស់ខ្លួន ក៏កំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីក្រុមហ៊ុនរុករក និងបូបប្រេងមកពីប្រទេសជាច្រើនផងដែរ។
បើតាមឯកឧត្តម ជៀប សួរ បន្ទាប់ពីក្រុមហ៊ុនរុករក និងបូបប្រេងនៅកម្ពុជា KrisEnergy ប្រកាសក្ស័យធន មកទល់ពេលនេះមានក្រុមហ៊ុនជាច្រើនមកពីប្រទេសចំនួន៥ រួមមានកាណាដា ថៃ កាហ្សាក់ស្តង់ ម៉ាឡេស៊ី និងចិន បានបង្ហាញពីការចាប់អារម្មណ៍លើការសិក្សាស្រាវជ្រាវរកប្រេង និងឧស្ម័ននៅកម្ពុជា។ ប៉ុន្តែ ឯកឧត្តមមិនបានបញ្ជាក់លម្អិតពីឈ្មោះក្រុមហ៊ុនទាំងនេះនោះទេ ព្រោះការចាប់អារម្មណ៍របស់ក្រុមហ៊ុនទាំងនេះស្ថិតក្នុងជំហានដំបូងតែប៉ុណ្ណោះ។
គួររំលឹកផងថា ក្នុងជំនួបជាមួយឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកាលពីពេលកន្លងទៅថ្មីៗ ឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា ក៏បានបង្ហាញជំហរចង់ចូលរួមអភិវឌ្ឍន៍លើវិស័យថាមពល និងប្រេងរបស់កម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ ឯកអគ្គរដ្ឋទូតរូបនេះ ប្តេជ្ញាថា ឯកឧត្តម នឹងខិតខំទាក់ទាញ និងកៀរគរវិនិយោគិនអ៊ីរ៉ង់ឲ្យមកសម្លឹងមើលឱកាសវិនិយោគលើវិស័យទាំងនេះនៅកម្ពុជា។
ដោយឡែក ពាក់ព័ន្ធនឹងប្រេងឆៅរបស់កម្ពុជាជិត៣០ម៉ឺនបារ៉ែល ដែលត្រូវបាននាវា MT Strovolos លួចដឹករត់ចេញពីដែនសមុទ្រកម្ពុជាកាលពីអំឡុងខែមិថុនា ឆ្នាំ២០២១ ហើយត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ីចាប់ឃាត់ទុក មកទល់ពេលនេះមិនទាន់មានតម្រុយថា អាចយកមកវិញបាននៅពេលណានៅឡើយទេ។ នេះបើតាម ការគូសបញ្ជាក់ពីឯកឧត្តម ជៀប សួរ ដោយឯកឧត្តមបន្ថែមថា បច្ចុប្បន្នមេធាវីរបស់កម្ពុជានៅបន្តធ្វើការលើបញ្ហានេះមិនទាន់ចប់នៅឡើយទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរជើងទឹករបស់ឥណ្ឌូនេស៊ីបានឃាត់មនុស្សជិត២០នាក់ ជាមួយនាវា MT Strovolos ដែលផ្ទុកប្រេងឆៅជិត៣០ម៉ឺនបារ៉ែល ដែលបានលួចដឹករត់ចេញពីដែនទឹកកម្ពុជា។ ការលួចដឹកប្រេងរត់នេះត្រូវបានតំណាងនាវានេះអះអាងថា គឺដោយសារក្រុមហ៊ុនបូមប្រេង KrisEnergy ជំពាក់បំណុលរបស់ខ្លួន ដែលក្រុមហ៊ុនបូមប្រេងនេះ បានជួលមកផ្ទុកប្រេងរបស់កម្ពុជា ដែលបូមបានពីប្លុក A នៃអណ្តូងអប្សរាក្នុងឈូងសមុទ្រកម្ពុជា៕