វិស័យបច្ចេកវិទ្យា

ម៉ាឡេស៊ី គ្រោងដាក់បម្រាមហាមក្មេងអាយុក្រោម១៦ឆ្នាំមិនឱ្យប្រើបណ្តាញសង្គម ដើម្បីបង្ការការឆបោក និងការរំលោភបំពាន


ប្រទេសម៉ាឡេស៊ី គ្រោងដាក់បម្រាមហាមក្មេងមានអាយុក្រោម១៦ឆ្នាំ មិនឱ្យប្រើប្រាស់បណ្តាញសង្គមចាប់ពីឆ្នាំ២០២៦ ដើម្បីបង្ការករណីឆបោក និងការរំលោភបំពាននានា។ ប្រសិនបើវិធានការនេះត្រូវបានអនុវត្តមែន នោះម៉ាឡេស៊ីនឹងក្លាយជាប្រទេសដំបូងគេនៅតំបន់អាស៊ាន ដែលជាតំបន់សម្បូរដោយក្រុមមនុស្សជំនាន់ Gen Z។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យបច្ចេកវិទ្យា
ដោយ

រដ្ឋមន្ត្រីក្រសួងប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី លោក ហ្វាមីល ហ្វេតហ្សិល (Fahmi Fadzil) បានលើកឡើងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ថា រដ្ឋាភិបាលម៉ាឡេស៊ី កំពុងពិនិត្យឡើងវិញនូវយន្តការដាក់កម្រិតអាយុសម្រាប់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសអូស្ត្រាលី និងប្រទេសដទៃទៀត ដោយលើកឡើងពីតម្រូវការក្នុងការការពារយុវជនពីគ្រោះថ្នាក់តាមអ៊ីនធឺណិតដូចជាការឆបោកផ្នែកហិរញ្ញវត្ថុ និងការរំលោភបំពានផ្លូវភេទលើកុមារជាដើម។ រដ្ឋាភិបាលម៉ាឡេស៊ី សង្ឃឹមថា នៅឆ្នាំក្រោយ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនឹងគោរពតាមការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការហាមឃាត់ក្មេងមានអាយុក្រោម១៦ឆ្នាំមិនឱ្យប្រើប្រាស់បណ្តាលសង្គម។

ផលប៉ះពាល់នៃប្រព័ន្ធផ្សព្វផ្សាយសង្គមទៅលើសុខភាព និងសុវត្ថិភាពរបស់កុមារ និងពលរដ្ឋវ័យ​ជំទង់បានក្លាយជាក្តីកង្វល់ទូទាំងពិភពលោកកាន់តែខ្លាំងឡើងៗ។ បណ្តាញសង្គមទាំងនោះរួមមាន TikTok, Snapchat, Google និង Meta Platforms ដែលកំពុងគ្រប់គ្រង និងធ្វើប្រតិបត្តិការលើបណ្តាញសង្គម Facebook, Instagram និង Whatsapp។ បច្ចុប្បន្ននេះ ក្រុមហ៊ុនប្រតិបត្តិការបណ្តាញសង្គមទាំងនេះខ្លះកំពុងប្រឈមមុខនឹងបណ្តឹងនៅអាម៉េរិក និងប្រទេសមួយចំនួនចំពោះតួនាទីរបស់ពួកគេក្នុងការជំរុញវិបត្តិសុខភាពផ្លូវចិត្ត។

នៅប្រទេសអូស្ត្រាលី វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបិទគណនីដែលបានចុះឈ្មោះសម្រាប់អ្នកប្រើប្រាស់អាយុក្រោម១៦ឆ្នាំនៅខែក្រោយ ក្រោមការហាមឃាត់យ៉ាងទូលំទូលាយសម្រាប់ក្មេងជំទង់ ដែលកំពុងត្រូវបានតាមដានយ៉ាងដិតដល់ដោយនិយ័តករនៅជុំវិញពិភពលោក។ ប្រទេសបារាំង អេស្ប៉ាញ អ៊ីតាលី ដាណឺម៉ាក និងក្រិក ក៏កំពុងសាកល្បងគំរូសម្រាប់កម្មវិធីផ្ទៀងផ្ទាត់អាយុរួមគ្នាផងដែរ។

ក្រៅពីម៉ាឡេស៊ី ឥណ្ឌូនេស៊ី ក៏មានគម្រោងកំណត់អាយុអប្បបរមាសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ប៉ុន្តែក្រោយមកបានចេញបទប្បញ្ញត្តិ ដែលមិនសូវតឹងរ៉ឹង ដោយតម្រូវឱ្យក្រុមហ៊ុនគ្រប់គ្រងវេទិកាបច្ចេកវិទ្យានានា ឲ្យគ្រប់គ្រងមាតិកាអវិជ្ជមាន និងដាក់វិធានការផ្ទៀងផ្ទាត់ឱ្យកាន់តែសកម្មជាងមុនប៉ុណ្ណោះ៕

ដោយៈ សរ សុជាតិ




More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ