តាមការរំពឹងទុក ប្រទេសម៉ាឡេស៊ី ដែលមានប្រជាសរុបប្រមាណជាង៣៤លាននាក់ និងប្រទេសសិង្ហបុរី ក្បែរខាង ដែលមានប្រជាជនសរុបប្រមាណ៦លាននាក់ នឹងចុះកិច្ចព្រមព្រៀងសម្រេចចុងក្រោយនៅចុងឆ្នាំនេះ ដើម្បីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសរួមមួយមានឈ្មោះថា តំបន់សេដ្ឋកិច្ចពិសេសរដ្ឋចូហ័រ-សិង្ហបុរី។ តំបន់សេដ្ឋកិច្ចពិសេសរួមដែលមានទំហំធំជាងផ្ទៃដីប្រទេសសិង្ហបុរី រហូតដល់ទៅ៤ដងនេះ នឹងផ្តោតសំខាន់លើឧស្សាហកម្មរួមមានទាំងភស្តុភារកម្ម សេវាថែទាំសុខភាព និងសេវាកម្មហិរញ្ញវត្ថុជាដើម។
ទន្ទឹមនេះ រដ្ឋាភិបាលម៉ាឡេស៊ី ក៏កំពុងយកចិត្តទុកដាក់លើការស្ដារគម្រោងអភិវឌ្ឍន៍លំនៅឋានខ្នាតយក្ស Forest City តម្លៃ១០០ពាន់លានដុល្លារអាម៉េរិក ដែលបានជាប់គាំងអស់រយៈពេល១០ឆ្នាំក្លាយជាទីក្រុងខ្មោចលាតសន្ធឹងលើកោះចំនួន៤ ស្ថិតក្នុងរដ្ឋចូហ័រ (Johor) ប្រទេសម៉ាឡេស៊ី ទៅជាមជ្ឈមណ្ឌហិរញ្ញវត្ថុផងដែរ។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍លំនៅឋានខ្នាតយក្ស Forest City ដែលបានបើកដំណើរការក្នុងឆ្នាំ២០១៤ ជាការអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុនចិន និងក្រុមហ៊ុនក្នុងស្រុក ដោយក្នុងនោះ ក្រុមហ៊ុនចិន ឈ្មោះ Country Garden កាន់កាប់ភាគហ៊ុន៦០% ហើយក្រុមហ៊ុនក្នុងស្រុកកាន់កាប់ភាគហ៊ុន៤០%។
គម្រោងអភិវឌ្ឍន៍លំនៅឋានខ្នាតយក្ស Forest City ដែលលាតសន្ធឹងលើផ្ទៃដីជិត៣០ហិកតានេះត្រូវបានរចនាឡើងសម្រាប់ឱ្យមនុស្សរស់នៅប្រមាណ៧សែននាក់ ហើយក្រៅពីលំនៅឋាន គម្រោងនេះក៏មានអគារការិយាល័យ ភោជនីយដ្ឋាន និងសាលារៀនផងដែរ។
ទោះជាយ៉ាងណា បច្ចុប្បន្ននេះមានមនុស្សតែ១ម៉ឺននាក់ប៉ុណ្ណោះដែលរស់នៅក្នុងគម្រោងខ្នាតយក្ស Forest City នេះ ដែលភាគច្រើនជាជនជាតិចិន ទើបធ្វើឱ្យគម្រោងនេះមានសភាពស្ងាត់ជ្រងំក្លាយជាទីក្រុងខ្មោច៕
ដោយ: តែម សុខុម