
អាជ្ញាធរម៉ាឡេស៊ី កាលពីថ្ងៃទី២១ ខែតុលា បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះអ្នក ដែលចង់បង្កបញ្ហាកុំឱ្យបង្កការរំខានណាមួយនៅមុន និងក្នុងអំឡុងពេលនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ដែលម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ខាងមុខនេះ។ ស្នងការនគរបាលទីក្រុងកូឡាឡាំពួរ លោក ដាទុក ហ្វាឌីល ម៉ាស៊ូស (Datuk Fadil Marsus) ស្នើឱ្យពលរដ្ឋម៉ាឡេស៊ី កុំធ្វើសកម្មភាពណាមួយ ដែលរំខានដល់ព្រឹត្តិការណ៍ ឬរារាំងផ្លូវចូលទៅកាន់ទីតាំងនៃកិច្ចប្រជុំ និងចៀសវាងធ្វើសកម្មភាពណា ដែលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។
បើតាមការអះអាងរបស់អាជ្ញាធរម៉ាឡេស៊ី ផ្លូវសំខាន់ៗមួយចំនួននៅក្នុងទីក្រុងកូឡាឡាំពួរ នឹងត្រូវបិទជាដំណាក់កាល ដើម្បីសម្រួលដល់ការមកដល់ និងការធ្វើដំណើររបស់ប្រតិភូដែលមកចូលរួមកិច្ចប្រជុំ។ ហើយដើម្បីបញ្ជៀសបញ្ហាកកស្ទះចរាចរណ៍នៅក្នុងអំឡុងពេលនោះ អាជ្ញាធរម៉ាឡេស៊ី ជំរុញឱ្យសាធារណជនប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ ឬរៀបចំផែនការធ្វើដំណើរក្នុងទីក្រុងទុកជាមុន។
ដោយឡែក លោក ដាទុក ហ្វីសូល សាឡេហ្វ (atuk Fisol Salleh) អនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងសណ្តាប់ធ្នាប់សាធារណៈនៃអង្គភាពប៉ូលិសម៉ាឡេស៊ី បាននិយាយថា កម្លាំងសន្តិសុខទាំងជាង១ម៉ឺននាក់ត្រូវបានបែងចែកទៅតាមកាតព្វកិច្ច និងភារកិច្ចផ្សេងៗគ្នា ដើម្បីធានា និងគ្រប់គ្រងឲ្យបាននូវហានិភ័យនានា ដែលអាចកើតមានឡើងក្នុងអំឡុងកិច្ចប្រជុំកំពូលខាងមុខនេះ។ ជាមួយគ្នានេះ សន្តិសុខនៅតាមសណ្ឋាគាប្រមាណ២៤កន្លែង ដែលគណៈប្រតិភូស្នាក់នៅត្រូវបានពង្រឹង និងយកចិត្តទុកដាក់ខ្ពស់បំផុត។
ដោយឡែកលោក ដាទុ សេរី មូស ខាលីឌ អ៊ីស្មាអ៊ីល (Datuk Seri Mohd Khalid Ismail) អគ្គស្នងការនគរបាលម៉ាឡេស៊ី បាននិយាយថា វិធានការសកម្មត្រូវបានដាក់ឲ្យប្រតិបត្តិការ រួមទាំងអង្គភាពស៊ើបការណ៍ អង្គភាពត្រួតពិនិត្យទូទៅ និងអង្គភាពពិសេស ដើម្បីបង្ការ និងការពារឧប្បត្តិហេតុណាមួយកើតឡើង រួមទាំងសន្តិសុខតាមអ៊ីនធឺណិត និងបាតុកម្មផងដែរ។ លើសពីនេះ ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវគោក និងអាកាសត្រូវបានដាក់ឲ្យមានការប្រុងប្រយ័ត្ន រួមទាំងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកឃ្លាំមើល និងលើកកម្ពស់សមត្ថភាពតាមដាន កាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធទំនាក់ទំនងយុទ្ធសាស្ត្រផ្សេងៗ៕
ដោយៈ សរ សុជាតិ