រូបិយប័ណ្ណម៉ាឡេស៊ី

លុយរីងហ្គីតរបស់ម៉ាឡេស៊ីធ្លាក់ថ្លៃខ្លាំង មិនធ្លាប់មានក្នុងរយៈពេល២៦ឆ្នាំកន្លងមកនេះ


រីងហ្គីតដែលជារូបិយប័ណ្ណជាតិរបស់ម៉ាឡេស៊ី និងជាលុយដែលថ្លៃបំផុតមួយនៅតំបន់អាស៊ាន នៅពេលនេះកំពុងប្រឈមនឹងការធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាននៅក្នុងរយៈពេល២៦ឆ្នាំកន្លងមកនេះ។ កាលពីខែកុម្ភៈតម្លៃលុយនេះ ធ្លាក់ដល់១ដុល្លារស្មើនឹងជិត៥រីងហ្គីត ប៉ុន្តែវាបានប្រសើរឡើងបន្តិចវិញ ក្រោយមានការអន្តរាគមន៍ពីធានាគារកណ្តាលនៃប្រទេសនេះ។
រូបិយប័ណ្ណម៉ាឡេស៊ី
ដោយ

រដ្ឋាភិបាលម៉ាឡេស៊ី និងធនាគារកណ្តាលរបស់ប្រទេសនេះ កំពុងតែបន្តតាមដានយ៉ាងដិតដល់ចំពោះស្ថានភាពនៃការប្រែប្រូលតម្លៃរបស់លុយរីងហ្គីត ដែលជារូបិយប័ណ្ណជាតិរបស់ប្រទេស ដែលមានតម្លៃថ្លៃបំផុតទាំង៥នៅអាស៊ាន។ បច្ចុប្បន្នរដ្ឋាភិបាល និងធនាគារកណ្តាលរបស់ប្រទេសនេះ កំពុងត្រៀមខ្លួនដើម្បីធ្វើអន្តរាគមន៍ បន្ទាប់ពីរូបិយប័ណ្ណរបស់ខ្លួនបានធ្លាក់ដល់កម្រិតទាបបំផុតចាប់តាំងពីវិបត្តិសេដ្ឋកិច្ចអាស៊ី។

តម្លៃលុយរីងហ្គីតរបស់ម៉ាឡេស៊ី បានហើមឡើងដល់កម្រិតទាបបំផុតនៅក្នុងរយៈពេល២៦ឆ្នាំ ពោលគឺ១ដុល្លារស្មើនឹងជិត៥រីងហ្គីត កាលពីចុងខែកុម្ភៈ ហើយកាលពីពេលថ្មីៗ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានចេញមកទទួលស្គាល់ពីការធ្លាក់ចុះនេះ តែលោកអះអាងថា វាស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន។

យ៉ាងណាក៏ដោយលុយរីងហ្គីត បានបន្តធ្លាក់ចុះបន្ថែមទៀតរហូតជំរុញធនាគារកណ្តាលនៃប្រទេសនេះ បានដាក់ចេញនូវវិធានការការពារប្រាក់រីងហ្គីត តាមរយៈការបញ្ចេញទុនបម្រុងប្រាក់ដុល្លារមួយចំនួនទៅក្នុងទីផ្សារ ទើបនៅសប្តាហ៍មុននេះ លុយរីងហ្គីតបានស្ទុះងើបឡើងវិញបន្តិចដល់១ដុល្លារ ស្មើនឹង៤,៦៨រីងហ្គីត។

ធនាគារកណ្តាលម៉ាឡេស៊ីម្ដងហើយម្ដងទៀត តែងតែចាត់ទុកការធ្លាក់ថ្លៃនៃរូបិយប័ណ្ណរីងហ្គីត ថាបណ្ដាលមកពីកត្តាខាងក្រៅ រួមមាន ទាំងអត្រាការប្រាក់របស់សហរដ្ឋអាម៉េរិក និងទស្សនវិស័យសេដ្ឋកិច្ចមិនប្រាកដប្រជារបស់មហាយក្សចិនផងដែរ។ រដ្ឋាភិបាលម៉ាឡេស៊ី និយាយថា ការធ្លាក់ថ្លៃនៃរូបិយប័ណ្ណរីងហ្គីត មិនឆ្លុះបញ្ចាំងពីទស្សនវិស័យសេដ្ឋកិច្ចជាវិជ្ជមានរបស់ប្រទេសម៉ាឡេស៊ីនោះទេ។

លោក រីឆាត ប៊ុលឡុក ( Richard Bullock) អ្នកគ្រប់គ្រងផលប័ត្រនៃក្រុមហ៊ុន Newton Investment Management បាននិយាយថា ប្រសិនបើលុយរីងហ្គីតបន្តធ្លាក់ចុះ នោះវាអាចបង្កឱ្យមានសម្ពាធអតិផរណាកើនឡើង ដែលធនាគារកណ្តាលម៉ាឡេស៊ីមិនចង់ជួប។

គួររំលឹកថា កាលពីឆ្នាំ១៩៩៨ លុយរីងហ្គីត បានធ្លាក់ចុះដល់តម្លៃ១ដុល្លារ ស្មើនឹង៤,៨៨រីងហ្គីត ដោយនៅពេលនោះ ម៉ាឡេស៊ី បានចាត់វិធានការនានា រួមទាំងការដាក់ការគ្រប់គ្រងមូលធន ដើម្បីការពារខ្លួនពីភាពចលាចលផ្នែកហិរញ្ញវត្ថុនៅក្នុងតំបន់ ស្របពេលដែលលុយរបស់ថៃ និងឥណ្ឌូនេស៊ីកំពុងក្រឡាប់ចាក់៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


នៅ៥ឆ្នាំចុងក្រោយវិនិយោគិនចិនសម្រុកលក់ទ្រព្យចេញពីអាម៉េរិក ដល់ទៅជិត៣២ពាន់លានដុល្លារ

ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ពោលគឺចាប់ពីឆ្នាំ២០១៩ មក វិនិយោគិនចិន ដែលបានបណ្តាក់ទុនវិនិយោគនៅសហរដ្ឋអាម៉េរិក បានសម្រេចដកខ្លួនចេញពីទីផ្សាររប…

ជប៉ុនគេចផុតពីការធ្លាក់ចូលវិបត្តិសេដ្ឋកិច្ច ក្រោយមានការកែប្រែកំណើនសេដ្ឋកិច្ចប្រចាំត្រីមាសឡើងវិញ

កាលពីដើមឡើយមានការប៉ាន់ប្រមាណថា ប្រទេសជប៉ុននឹងមានការធ្លាក់ចុះសេដ្ឋកិច្ច០.៤% ប៉ុន្តែផ្ទុយទៅវិញ ទិន្នន័យរបស់រដ្ឋាភិបាលប្រទេសជប៉ុន បានបង្ហា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ