អត្រាភាពក្រីក្រ​ក្នុងប្រទេសថៃ

ឥទ្ធិពលកូវីដ-១៩ កំពុងទាញពលរដ្ឋថៃជាង១១លានគ្រួសារធ្លាក់ចូលហានិភ័យនៃភាពក្រីក្រ


យ៉ាងហោចណាស់ មានពលរដ្ឋថៃប្រមាណ ជាង ១១លានគ្រួសារ នៅក្នុងប្រទេសថៃ កំពុងស្ថិតនៅក្នុងហានិភ័យធ្លាក់ចូលទៅក្នុងភាពក្រីក្រ ដោយសារតែវិបត្តិសេដ្ឋកិច្ច បណ្ដាលមកពីមេរោគរាតត្បាតកូវដី-១៩ ស្របពេលដែលអត្រាអ្នកគ្មានការងារធ្វើក្នុងប្រទេសកំពុងកើនឡើងជិត២% នៅក្នុងត្រីមាសទី៣ នៅឆ្នាំនេះ។ នេះបើតាមតួលេខពីភ្នាក់ងារផែនការរដ្ឋរបស់ថៃ។
ឥទ្ធិពលកូវីដ-១៩ កំពុងទាញពលរដ្ឋថៃជាង១១លានគ្រួសារធ្លាក់ចូលហានិភ័យនៃភាពក្រីក្រ (រូបភាព៖ Bloomberg)
ដោយ

អគ្គលេខាធិការរង​នៃក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និងសង្គម​របស់ថៃ គឺលោកស្រី ជីនណាងហ្គូន រូចាណាណាន់ បាន​បញ្ជាក់​នៅក្នុង​សារព័ត៌មាន​​បាងកក​ប៉ុស្ដិ៍​ថា មាន​ពលរដ្ឋ​ប្រហែល​ជិត​៦៤ម៉ឺនគ្រួសារ កំពុង​ពឹងផ្អែក​ខ្លាំង​លើ​ជំនួយ​ហិរញ្ញវត្ថុ​សាធារណៈ និង​ឯកជន។ ក្នុងចំណោមគ្រួសារ​ទាំងនោះ គឺជា​គ្រួសារ​ដែលមាន​មនុស្ស​វ័យចំណាស់ ពោលគឺ​ជាគ្រួសារ​មិនសូវ​មាន​សកម្មភាព​សេដ្ឋកិច្ច​នោះឡើយ។

ក្នុងចំណោម​គ្រួសារជិត​៦២ម៉ឺនគ្រួសារ គឺមាន​ជិត​៤៧ម៉ឺនគ្រួសារ គឺជាគ្រួសារ​មាន​ប្រាក់ចំណូល​ទាប ហើយ​ពួកគេ​ធ្វើការ​នៅក្នុង​វិស័យ​ដែល​ងាយ​នឹង​បាត់បង់​ការងារ ដូចជា​វិស័យទេសចរណ៍ ឬការប្រកប​អាជីវកម្ម​ខ្លួនឯង។ ក្នុងនោះដែរ មាន​ជិត​៥ម៉ឺនគ្រួសារ គឺមិនមាន​ដីធ្លី​ជាកម្មសិទ្ធិ​ផ្ទាល់ខ្លួនទេ ឬក៏មានដែរ តែតិចតួច​បំផុត។

មន្ត្រី​រាជរដ្ឋាភិបាលថៃ បាន​បញ្ជាក់ថា អត្រា​ភាពក្រីក្រ​បាន​ធ្លាក់ចុះ ពីជាង ៦៥% នៅក្នុងឆ្នាំ១៩៨៨ មកនៅ​ជាង ៦% នៅឆ្នាំ២០១៩ ពោលគឺ​បានជួយ​ឲ្យ​​ពលរដ្ឋ​ប្រមាណ ជាង​៤លាន​៣សែននាក់​ចាកចេញ​ពី​ភាពក្រីក្រ។ នៅឆ្នាំ២០១៩ ចំនួន​គ្រួសារ​ក្រីក្រ​នៅក្នុង​ប្រទេសថៃ មាន​ជាង​១លាន​៣សែនគ្រួសារ ឬស្មើនឹង​ជាង៥% នៃចំនួន​គ្រួសារ​សរុប​ ពោលគឺ​ចំនួននេះ​មានការធ្លាក់ចុះ​ពី ជាង​១លាន​៨សែននាក់ កាលពីឆ្នាំ២០១៨។

តាមការស្រាវជ្រាវ​របស់​ការិយាល័យ​ស្ថិតជាតិ​របស់ថៃ បាន​ឲ្យដឹងថា តាំងពីដើម​ឆ្នាំ២០២០ បន្ទាប់ពីមាន​ការរាតត្បាត​នៃជំងឺឆ្លង មាន​ពលរដ្ឋ​ដែលត្រូវបាន​ស្ទង់មតិ​ប្រហែល ៥៤% បាន​លើកឡើងថា ពួកគេ​មាន​ប្រាក់ចំណូល​ធ្លាក់ចុះ និងមាន​៣៣% បាន​បញ្ជាក់ថា ពួកគេ​មានការ​បង្កើន​ការចំណាយច្រើន​ ជាពិសេស​ចំណាយ​ទាក់ទង​នឹង​ការថែទាំសុខភាព។ ដោយឡែក មាន​១៤%ទៀត បាន​លើកឡើងថា ពួកគេ​មានបំណុល​ផ្លូវការ​កើនឡើង ខណៈ​មាន៩% ឆ្លើយថា មាន​ជំពាក់​បំណុល​ក្រៅផ្លូវការ។

របាយការណ៍ពី​រាជរដ្ឋាភិបាលថៃ បានឲ្យដឹងទៀតថា បំណុលគ្រួសារ​នៅក្នុងប្រទេសថៃ នៅត្រីមាស​ទី៣ មានប្រមាណជាង​១៣ទ្រីលានបាត ឬស្មើនឹង​ប្រមាណ ៤៥០ ពាន់លាន​ដុល្លារអាមេរិក ឬស្មើនឹង​ជិត​៨៤% នៃ​ទំហំ GDP របស់ថៃ។​នៅត្រីមាសទី ៣ ឆ្នាំនេះ កម្លាំងពលកម្ម​សរុប​នៅក្នុង​ប្រទេសថៃ មាន​ជិត ៣៨​លាន​នាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសបិទបញ្ចប់ការធ្វើចត្តាឡីស័កនៃព្រឹត្តិការណ៍ ៣វិច្ឆិកា សម្រាប់អ្នកនៅភ្នំពេញ និងខេត្តមួយចំនួននៅថ្ងៃស្អែកនេះ

ព័ត៌មាន
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់នៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថា លទ្ធផលនៃការធ្វើតេស្ដលើកទី ៤ ដែលជាលើកចុងក្រោ…

ធនាគារសិង្ហបុរី DBS ព្យាករថា សេដ្ឋកិច្ចវៀតណាម នឹងមានធំជាងប្រទេសសិង្ហបុរី នៅឆ្នាំ២០២៩

ព័ត៌មាន
សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ត្រូវបានព្យាករថា នឹងមានទំហំធំជាងសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី នៅត្រឹមឆ្នាំ២០២៩ខាងមុខនេះ ដោយការព្យាករនេះ គឺផ្អែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ