អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីនបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនកាលពីថ្ងៃទី៦ ខែធ្នូ ថា រដ្ឋភាគីអនុសញ្ញាអូតាវ៉ាបានអនុម័តជាផ្លូវការលើសំណើសុំពន្យារពេលរបស់កម្ពុជាលើកទី៣ (២០២៦-២០៣០) ដើម្បីបញ្ចប់ការបោសសម្អាត និងកំទេចចោលគ្រាប់មីនប្រឆាំងមនុស្សរហូតដល់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០៣០។ ការសម្រេចនេះធ្វើឡើងក្នុងកិច្ចប្រជុំលើកទី២២ នៃរដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ចម្លោះពីថ្ងៃទី១-៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
អាជ្ញាធរមីនកម្ពុជាបានចាត់ទុកការសម្រេចខាងលើបានបង្ហាញពីភាពជាអ្នកដឹកនាំ ការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តពេញលេញទៅតាមកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជារដ្ឋភាគីអនុសញ្ញា។ លើសពីនេះ វាក៏បានឆ្លុះបញ្ចាំងពីការជឿទុកចិត្ត និងការបន្តគាំទ្រពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធសកម្មភាពមីនផងដែរ។ យ៉ាងណាមិញ គិតមកទល់ពេលនេះកម្ពុជាបានកាត់បន្ថយការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង៣ពាន់៣រយគីឡូម៉ែត្រការ៉េ ដោយបានរកឃើញ និងកំទេចចោលគ្រាប់មីនបានជាង៤លានគ្រាប់ ដែលជាសមិទ្ធផលដ៏សំខាន់ក្នុងការរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខសុវត្ថិភាពសហគមន៍ ការលើកកម្ពស់ជីវភាពរស់នៅ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅទូទាំងប្រទេស។
រដ្ឋភាគីអនុសញ្ញាអូតាវ៉ាទទួលស្គាល់ថា មីននៅតែបន្តជាបញ្ហាប្រឈមធ្ងន់ធ្ងរសម្រាប់កម្ពុជា ជាពិសេសនៅតាមតំបន់ព្រំដែន ដែលការបោសសម្អាតមានការលំបាកខ្លាំង ផ្លូវពិបាកចូលទៅដល់ និងមានហានិភ័យខ្ពស់ដល់សហគមន៍ និងបង្កគ្រោះថ្នាក់ដល់ប្រជាជន ដែលទាមទារឱ្យកម្ពុជាបន្តបង្កើនកិច្ចខិតខំប្រឹងប្រែង ពង្រឹងភាពជាដៃគូ និងធនធានបន្ថែមទៀត។ នេះបើតាមការអះអាងរបស់អាជ្ញាមីនកម្ពុជា។
ជាមួយគ្នានេះតាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរមីនកម្ពុជា បានអំពាវនាវដល់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីន វិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ បន្តឈរជាមួយការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញឱ្យសម្រេចបាននូវចក្ខុវិស័យ«កម្ពុជាគ្មានម៉ឺនឆ្នាំ២០៣០» និងបានអរគុណដល់ប្រទេសម្ចាស់ជំនួយដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ ចំពោះការគាំទ្រ និងរួមចំណែកដ៏មានតម្លៃនាពេលកន្លងមក៕