![ក្នុងឆ្នាំ២០២១ វៀតណាមបានចេញឈើ និងផលិតផលធ្វើពីឈើ ដែលមានតម្លៃប្រមាណជិត ៩ពាន់ ៦រយលានដុល្លាអាមេរិក ទៅកាន់ទីផ្សារក្រៅប្រទេស](https://cdn.cambonomist.com/media/images/Vietnam_Wood_export__2.2e16d0ba.fill-960x540.jpg)
ការនាំចេញឈើ និងផលិតផលឈើរបស់វៀតណាមនៅជាងពាក់កណ្ដាលឆ្នាំ២០២១នេះ នៅតែធ្វើបានល្អជាមួយកំណើនជាងពាក់កណ្ដាលបើធៀបនឹងឆ្នាំមុន។ នៅក្នុងចំណោមការនាំចេញឈើនិងផលិតផលឈើសរុបជិត៩ពាន់៦រយលានដុល្លារអាមេរិក នៅ៧ខែឆ្នាំ២០២១ ការនាំចេញឈើ មានតម្លៃដល់ទៅ ជាង៧ពាន់លានដុល្លារ កើន៦៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទន្ទឹមនេះ ក្រុមអ្នកជំនាញក្នុងស្រុក បានលើកឡើងថា ការកើនឡើងគំហុកនៃការនាំចេញឈើទៅកាន់ទីផ្សារក្រៅប្រទេស ដោយសារតែមានតម្រូវការគ្រឿងសង្ហារឹមមានការកើនឡើងក្នុងកំឡុងពេលនៃការរាតត្បាតកូវីដ១៩។
ប្រធានសមាគមគ្រឿងសង្ហារឹមប៊ីញឌឿង លោក ដៀន ខួង ហៀប (Die Quang Hiep) បាននិយាយថា ការនាំចេញផលិតផលឈើទៅកាន់ទីផ្សារអាមេរិកមានប្រមាណ ៦៥% នៃការនាំចេញផលិតផលឈើសរុប ជាមួយនឹងការកើនឡើង ៨១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ខណៈដែលទីផ្សារហុងកុង កើនឡើង៤៧ភាគរយ និង ទីផ្សារនៅកោះតៃវ៉ាន់ បានកើនឡើង ៤៣%។
អគ្គនាយករងរដ្ឋបាលព្រៃឈើវៀតណាម បាននិយាយថា ទន្ទឹមនឹងការនាំចេញទៅកាន់ទីផ្សារអាមេរិក ជប៉ុន និង ហុងកុង ការនាំចេញឈើ និង ផលិតផលឈើរបស់វៀតណាមទៅកាន់ទីផ្សារអ៊ឺរ៉ុបក៏កើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៃឆ្នាំ ២០២១ ក្រោយមានការគ្រប់គ្រងហើយវិធានការត្រូវបានបន្ធូរបន្ថយបន្តិចម្ដងៗ។
ថ្វីត្បិតថា ការនាំចេញឈើ និងផលិតផលឈើរបស់វៀតណាមទទួលបានសន្ទុះឡើងវិញក៏ដោយ តែវៀតណាមក៏បានជួបបញ្ហាប្រឈមដូចគ្នា ពោលគឺ បញ្ហាដែលចោទខ្លាំងក្នុងការនាំចេញ គឺការខ្វះទូរកុងទឺន័រសម្រាប់ការដឹកជញ្ជូន ដែលវាបានជំរុញឱ្យថ្លៃដឹកជញ្ជូនមានការកើនឡើង គុណនឹង២ ឬគុណនឹង៣ និងកើនខ្ពស់ដល់ទៅ ១០ដងឯណោះ បើធៀបនឹងតម្លៃកាលពី ២-៣ឆ្នាំមុន៕
អត្ថបទ៖ ស៊ើង និមល់