អត្ថបទពាណិជ្ជកម្ម

ធនាគារ មេយប៊ែង ខេមបូឌា និងក្រុមហ៊ុន កម្ពុជា ខេមប៊្រូវ បានពង្រឹងកិច្ចសហការតាមរយៈការតភ្ជាប់ប្រព័ន្ធប្រតិបត្តិការស្នូល Host-to-Host


រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤៖ ធនាគារ មេយប៊ែង ខេមបូឌា និងក្រុមហ៊ុន កម្ពុជា ខេមប៊្រូវ បានប្រកាសពីការបន្តកិច្ចសហការប្រកបដោយភាពជោគជ័យរបស់ខ្លួន តាមរយៈការធ្វើបច្ចុប្បន្នភាព និងការបន្តភ្ជាប់ប្រព័ន្ធគណនេយ្យស្នូលរបស់ក្រុមហ៊ុន កម្ពុជា ខេមប៊្រូវ ទៅនឹងប្រព័ន្ធប្រតិបត្តិការធនាគារស្នូល របស់ធនាគារ មេយប៊ែង (host-to-host integration)។
ធនាគារ មេយប៊ែង ខេមបូឌា និងក្រុមហ៊ុន ខេមប្រ៊ូវ បានពង្រឹងកិច្ចសហការតាមរយៈការតភ្ជាប់ប្រព័ន្ធប្រតិបត្តិការស្នូល Host-to-Host
ដោយ
អំពី Maybank

ការបន្តកិច្ចសហការនេះបានសបញ្ជាក់ពី​ទំនុកចិត្ត និងភាពជឿជាក់របស់ ក្រុមហ៊ុន កម្ពុជា ខេមប៊្រូវ មកលើធនាគារ មេយប៊ែង ក្នុងការបម្រើអតិថិជនសាជីវកម្ម។ ការរួមបញ្ចូលប្រព័ន្ធប្រតិបត្តិការស្នូលនេះផងដែរ ក៏បានគាំទ្រដល់ ក្រុមហ៊ុន កម្ពុជា ខេមប៊្រូវ ក្នុងការបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ការសម្រួលប្រតិបត្តិការហិរញ្ញវត្ថុ និងការពង្រឹងប្រព័ន្ធសុវត្ថិភាពផងដែរ។

ការតភ្ជាប់ប្រព័ន្ធប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរនេះផងដែរ បានជួយសម្រួលដល់ការបញ្ជូនសំណើប្រតិបត្តិការទៅវិញទៅមក រវាងប្រព័ន្ធធនាគារស្នូលរបស់ធនាគារ មេយប៊ែង និង ប្រព័ន្ធ Enterprise Resources Planning System (ERP) របស់ ក្រុមហ៊ុន កម្ពុជា ខេមប៊្រូវ ប្រកបដោយភាពងាយស្រួល និងលឿនរហ័ស តាមរយៈការគ្រប់គ្រងទិន្នន័យដ៏មានសុវត្ថិភាព និងប្រសិទ្ធិភាព។ ប្រព័ន្ធស្វ័យប្រវត្តកម្មនេះ បានកាត់បន្ថយនូវតម្រូវការអន្តរាគមន៍ដោយផ្ទាល់ពីបុគ្គលិក ឬម្ចាស់អាជីវកម្ម ដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការកាត់បន្ថយចំណាយ។ បន្ថែមពីនេះ វាក៏ធានាបាននូវភាពត្រឹមត្រូវ និងបច្ចុប្បន្នភាពនៃកំណត់ត្រាហិរញ្ញវត្ថុ តាមរយៈការទទួលបាននូវរបាយការណ៍ធនាគារដោយផ្ទាល់ និងការទាញយករបាយការណ៍ដើម្បីគ្រប់គ្រង ដែលសុទ្ធសឹងជាធាតុផ្សំដ៏មានសារៈសំខាន់សម្រាប់គោលបំណងសវនកម្ម និងប្រតិបត្តិតាម។

ការរួមបញ្ចូលប្រព័ន្ធប្រតិបត្តិការផ្ទាល់នេះ ក៏បានផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗជាច្រើន សម្រាប់ប្រព័ន្ធគណនេយ្យរបស់ ក្រុមហ៊ុន កម្ពុជា ខេមប៊្រូវ ផងដែរ។ វាធ្វើឱ្យការគ្រប់គ្រងប្រព័ន្ធទូទាត់កាន់តែមានភាពច្បាស់លាស់ ដោយកាត់បន្ថយនូវភាពចាំបាច់ក្នុងការវាយបញ្ចូលទិន្នន័យដោយផ្ទាល់ ដែលអាចមានភាពមិនត្រឹមត្រូវ។ ប្រព័ន្ធស្វ័យប្រវត្តកម្មនេះ ក៏បានពន្លឿនដំណើរការប្រតិបត្តិការ និងលំហូរការងារឱ្យកាន់តែប្រសើរ ដោយសម្រួលបាននូវការទូទាត់ជាច្រើនប្រភេទក្នុងប្រព័ន្ធគណនេយ្យរបស់ ក្រុមហ៊ុន កម្ពុជា ខេមប៊្រូវ ផ្ទាល់ ក្នុងនោះរួមមានការទូទាត់ក្នុងស្រុក និងការធ្វើប្រតិបត្តិការផ្ទេរប្រាក់ឆ្លងប្រទេស ក៏ដូចជាការបង់ពន្ធជាដើម។

លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងជានាយកប្រចាំប្រទេស របស់ធនាគារ មេយប៊ែង បានបង្ហាញពីសុទិដ្ឋិនិយមរបស់លោកចំពោះការពង្រឹងភាពជាដៃគូនេះថា៖ «យើងខ្ញុំពិតជារីករាយ​ ដែលបានរួមសហការជាមួយ ក្រុមហ៊ុន កម្ពុជា ខេមប៊្រូវ ដែលជាក្រុមហ៊ុនសាជីវកម្ម ឈានមុខគេមួយក្នុងប្រទេស និងក៏ជាអតិថិជនសាជីវកម្មយូរអង្វែងរបស់យើង។ ការបន្តកិច្ចសហប្រតិបត្តិការនេះ ឆ្លុះបញ្ចាំងពីការជឿទុកចិត្តពីសំណាក់ក្រុមហ៊ុនធំៗ ដូចជា ក្រុមហ៊ុន ខេមប៊្រូវ មកលើធនាគារ មេយប៊ែង។ សូមអរគុណដល់ ក្រុមហ៊ុន កម្ពុជា ខេមប៊្រូវ ដែលជ្រើសរើសធនាគារយើងខ្ញុំជាដៃគូសាជីវកម្ម និងអនុញ្ញាតឲ្យយើងក្លាយជាផ្នែកមួយដល់ការគាំទ្រលើវឌ្ឍនភាពនៃផលិតផលរបស់ក្រុមហ៊ុន។ កិច្ចសហប្រតិបត្តិការនេះក៏ស្របទៅនឹងផែនការរបស់យើងផងដែរ ក្នុងការគាំទ្រ និងផ្តល់នូវប្រតិបត្តិការហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះ ជូនដល់អតិថិជនរបស់យើង។»

លោកក៏បានបន្តថា «នៅពេលខាងមុខ យើងនឹងបន្តរិះរកមធ្យោបាយ និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីគាំទ្រ ក្រុមហ៊ុន កម្ពុជា ខេមប៊្រូវ និងក្រុមហ៊ុនដៃគូរបស់យើងផ្សេងទៀត ក្នុងការកំណត់គោលដៅសាជីវកម្មរបស់ពួកគេ ដោយបន្តបង្កើនប្រសិទ្ធភាពលើប្រព័ន្ធប្រតិបត្តិការ និងផ្តល់ជូននូវដំណោះស្រាយលើផ្នែកហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះជូនដល់អតិថិជន។»

លោក Stephane Pierron នាយក នៃនាយកដ្ឋានហិរញ្ញវត្ថុ របស់ក្រុមហ៊ុន ខេមប្រ៊ូវ ក៏បានផ្តល់នូវសក្ខីកម្មរបស់លោកលើការបន្តពង្រឹងភាពជាដៃគូនេះថា៖ «យើងពិតជាពេញចិត្តយ៉ាងខ្លាំងចំពោះការពង្រឹងកិច្ចសហការមួយនេះ ជាមួយនឹងធនាគារ មេយប៊ែង។ កិច្ចសហការជាដៃគូយុទ្ធសាស្ត្រនេះ បានជួយបង្កើនប្រសិទ្ធភាព និងភាពត្រឹមត្រូវនៃប្រតិបត្តិការផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនយើង តាមរយៈដំណើរការស្វ័យប្រវត្តិកម្មលើផ្នែកសំខាន់ៗ ក៏ដូចជាការបង្កើនសុវត្ថិភាពទិន្នន័យ របស់ក្រុមហ៊ុនយើង។»

លោកបានបន្ថែមទៀតថា៖ «ការតភ្ជាប់យ៉ាងរលូននៃប្រព័ន្ធ ERP របស់ក្រុមហ៊ុនយើង ជាមួយនឹងប្រព័ន្ធស្នូលរបស់ធនាគារ មេយប៊ែង (Maybank's core banking platform) បានចូលរួមសន្សំពេលវេលា និងកាត់បន្ថយការចំណាយយ៉ាងច្រើន។ ការលុបបំបាត់ការបញ្ចូលទិន្នន័យដោយផ្ទាល់ និងការដោះស្រាយលើបញ្ហានានា ក៏បានចូលរួមធ្វើឱ្យប្រសើរឡើងនូវភាពត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាព ហើយនេះបានអនុញ្ញាតឱ្យក្រុមការងារផ្នែកហិរញ្ញវត្ថុរបស់យើង មានពេលវេលាសម្រាប់ផ្តោតលើយុទ្ធសាស្ត្រថ្មីៗជូនអតិថិជនរបស់យើង។»

ការរួមបញ្ចូលប្រព័ន្ធប្រតិបត្តិការផ្ទាល់ ក៏នឹងគាំទ្រដល់ ផលប័ត្រផលិតផលចម្រុះរបស់ ក្រុមហ៊ុន កម្ពុជា ខេមប៊្រូវ ដែលក្នុងនោះមានផលិតផលល្បីៗជាច្រើនដូចជា ទឹកពិសាបរិសុទ្ធ អង្គរពូរ៉ូ ស្ទីង ប៉ិបស៊ី ស្រាបៀអង្គរ ស្រាបៀរកាស្ប៊ែរ (Carlsberg) ស្រាបៀរ1664 Blanc ស្រាបៀរសិង្ហា (Singha) និង Somersby។ តាមរយៈការបង្កើនប្រសិទ្ធភាពការគ្រប់គ្រងហិរញ្ញវត្ថុ ក្រុមហ៊ុន កម្ពុជា ខេមប៊្រូវ អាចផ្តោតលើការផលិតនូវភេសជ្ជៈ ដែលមានគុណភាពខ្ពស់ ដល់អតិថិជនទូទាំងប្រទេសកម្ពុជា។

***

អំពី ធនាគារ មេយប៊ែង ខេមបូឌា

បង្កើតឡើងក្នុងឆ្នាំ​១៩៦០ ធនាគារ មេយប៊ែង គឺជាសម្ព័ន្ធសេវាហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសម៉ាឡេស៊ី និងមានវត្តមានរឹងមាំទូទាំងតំបន់អាស៊ាន។ ធនាគារ មេយប៊ែង ខេមបូឌា បានបង្កើតឡើងនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ១៩៩៣ និងបានចាប់ផ្តើមរីកចម្រើនតាំងពីមានសាខាតែមួយ រហូតដល់ក្លាយជាធនាគារ ដែលបានចុះបញ្ជីជាធនាគារក្នុងស្រុក ២០១២។ ក្នុងនាមជាធនាគារឈានមុខគេមួយក្នុងប្រទេសកម្ពុជា ធនាគារ មេយប៊ែង​ ផ្តល់នូវសេវាកម្មហិរញ្ញវត្ថុគ្រប់លំដាប់ រួមមាន ធនាគារកិច្ចសាជីវកម្ម ធនាគារកិច្ចពាណិជ្ជកម្ម ធនាគារបុគ្គល ក៏ដូចជាសេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធឺណិត និងកម្មវិធីទូរសព្ទចល័តជាដើម។ ធនាគារ មេយប៊ែង មានប្រតិបត្តិការក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តសំខាន់ៗមួយចំនួនក្នុងប្រទេសកម្ពុជាជាមួយនឹងបណ្តាញសាខាចំនួន២១។

អំពី ក្រុមហ៊ុន កម្ពុជា ខេមប៊្រូវ

ក្រុមហ៊ុន កម្ពុជា ខេមប៊្រូវ (Cambrew Ltd.) គឺជាក្រុមហ៊ុនភេសជ្ជៈឈានមុខគេនៅកម្ពុជា ដែលបង្កើតឡើងនៅដើមទសវត្សរ៍ឆ្នាំ១៩៦០។ ទីតាំងយុទ្ធសាស្រ្តនៅ ខេត្តព្រះសីហនុ ដែលមានភាពល្បីល្បាញដោយសារការផលិតទឹកបរិសុទ្ធ រោងចក្រនេះបានចាប់ផ្តើមដំណើរការ​នៅក្នុងឆ្នាំ១៩៦៥ ដែលត្រូវបានសម្ពោធជាផ្លូវការដោយសម្តេចព្រះនរោត្តម សីហនុ។ នៅឆ្នាំ ២០១៩ ក្រុមហ៊ុន កម្ពុជា ខេមប៊្រូវ បានក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Carlsberg Group (មានទីស្នាក់ការកណ្តាលនៅទីក្រុង កូពែនហាក ប្រទេសដាណឺម៉ាក )។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនបានទទួលយកស្តង់ដារលំដាប់ពិភពលោករបស់ Carlsberg ដោយលើកកម្ពស់ដំណើរការផលិតកម្មរបស់ខ្លួន និងរក្សាកេរ្តិ៍ដំណែលនៃគុណភាព និងឧត្តមភាព។ ផលប័ត្រផលិតផលចម្រុះរបស់ក្រុមហ៊ុន កម្ពុជា ខេមប្រ៊ូវ រួមមានម៉ាកល្បីៗដូចជា ទឹកពិសាបរិសុទ្ធ អង្គរពូរ៉ូ ស្ទីង ប៉ិបស៊ី ស្រាបៀអង្គរ ស្រាបៀរកាស្ប៊ែរ (Carlsberg) ស្រាបៀរ1664 Blanc ស្រាបៀរសិង្ហា (Singha) និង Somersby។

None



អត្ថបទបន្ទាប់


រោងចក្រដំឡើងរថយន្ត Ford ទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ កម្រិត ISO 9001:2015 និង ISO 14001:2015 ដំបូងគេបង្អស់នៅប្រទេសកម្ពុជា!

កាលថ្មីៗនេះ រោងចក្រដំឡើងរថយន្ត Ford ដែលជាបុត្រសម្ព័ន្តមួយរបស់ក្រុមហ៊ុន RMA Cambodia ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិត…

គម្រោងវិនិយោគចំនួន២៧ជាមួយទុនវិនិយោគ៣០៦លានដុល្លារ ក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេសពីរដ្ឋ

គម្រោងវិនិយោគចំនួន២៧ជាមួយទុនវិនិយោគ៣០៦លានដុល្លារ ក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាលកម្ពុជា ដែលជាផ្នែកមួយជំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ