តែយ៉ាងណាអ្នកជំនាញយល់ថា យន្តការនេះគួរតែត្រូវបានអនុវត្តឱ្យបានទូលំទូលាយទូទាំងប្រទេស ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ ក៏ដូចជាជំរុញការទាក់ទាញភ្ញៀវទេសចរឱ្យចូលមកកម្សាន្តនៅកម្ពុជា។
ធនាគារជាតិនៃកម្ពុជា បានដាក់ចេញយន្តការបន្ទាន់ និងយន្តការបន្តទៀតមួយចំនួន ដើម្បីជួយសម្រួលដល់ការចរាចរក្រដាសប្រាស់ដុល្លារអាម៉េរិក ដែលមានសភាពចាស់ ឬប្រឡាក់ ក៏ដូចជាជួយសម្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរនៅក្នុងខេត្តសៀមរាប។
ការដាក់ចេញយន្តការទាំងនេះធ្វើឡើងដើម្បីឆ្លើយតបនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបញ្ជាឱ្យធនាគារជាតិនៃកម្ពុជា ពិភាក្សាជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ លើការបន្ធូរបន្ថយលក្ខខណ្ឌលើការចាយវាយក្រដាសប្រាក់ដុល្លារ ដែលមានសភាពចាស់ ឬប្រឡាក់កាលពីពេលថ្មីៗនេះ។
តាមរយៈយន្តការបន្ទាន់ទាំងនោះ ធនាគារជាតិនៃកម្ពុជា តម្រូវឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាបទទួលយកប្រាក់ដុល្លារអាម៉េរិកចាស់ ឬប្រឡាក់ដោយគ្មានការទាមទារកម្រៃសេវាពីអតិថិជនរបស់ខ្លួន លើកលែងតែក្រដាសនោះជាប្រាក់ក្លែងក្លាយ ដែលមានន័យថា ប្រជាពលរដ្ឋ ឬអាជីវករលក់ដូរនៅក្នុងខេត្តសៀមរាបទាំងអស់អាចយកក្រដាសប្រាក់ដុល្លារអាម៉េរិកចាស់ៗ ឬប្រឡាក់ទៅដូរនៅគ្រប់សាខាធនាគារពាណិជ្ជនៅខេត្តសៀមរាប ដោយគ្មានកាត់ទឹក។
ប៉ុន្តែក្នុងករណីក្រដាសប្រាក់ដុល្លារចាស់ខ្លាំងដែលគិតថា មិនគួរបន្តឱ្យចរាចរនៅលើទីផ្សារ ធនាគារជាតិ តម្រូវឱ្យសាខាធនាគារពាណិជ្ជនៅក្នុងខេត្តសៀមរាប ត្រូវបញ្ជូនបន្តទៅប្ដូរយកក្រដាសប្រាក់ថ្មីនៅសាខាធនាគារជាតិ ខេត្តសៀមរាប ដោយពុំមានគិតកម្រៃសេវា និងពុំចាំបាច់រង់ចាំផ្ញើទៅទីស្នាក់ការកណ្ដាលរបស់ធនាគារពាណិជ្ជនៅរាជធានីភ្នំពេញនោះទេ។
ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា តម្រូវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់នៅខេត្តសៀមរាបអាចដាក់ក្រដាសប្រាក់ដុល្លារអាម៉េរិក ប្រភេទ២០ដុល្លារ និង៥០ដុល្លារ ជំនួសក្រដាសប្រាក់ដុល្លារអាម៉េរិកប្រភេទ១០០ដុល្លារ នៅក្នុងម៉ាស៊ីនដកប្រាក់ឡើងវិញ ដើម្បីសម្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរផងដែរ ខណៈការដាក់ប្រាក់បញ្ញើតាមម៉ាស៊ីនដាក់ប្រាក់ គឺនៅទទួលគ្រប់ប្រភេទក្រដាសប្រាក់ដុល្លារអាម៉េរិកទាំងអស់។ បន្ថែមលើនេះ ត្រូវរៀបចំផ្សព្វផ្សាយទៅកាន់អាជីវករប្តូរប្រាក់ ម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋាន ដើម្បីឱ្យបានយល់កាន់តែច្បាស់ និងគាំទ្រចំពោះវិធានការដែលបានដាក់ចេញ និងត្រៀមសហការជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការអនុវត្តយន្តការបន្តទៀតផងដែរ។
ជាមួយគ្នានេះ ធនាគារជាតិ ក៏បានដាក់ចេញនូវយន្តការបន្តទៀតរបស់ខ្លួនផងដែរ ដោយលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តជំរុញការប្រើប្រាស់កម្មវិធីទូរសព្ទ Bakong Tourist App ដើម្បីគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅប្រទេសកម្ពុជា។ បន្ថែមលើនេះ ត្រូវសហការជាមួយក្រុមហ៊ុនលក់ម៉ាស៊ីនរាប់ស្រាល់ជ្រើស ឬម៉ាស៊ីនរាប់លុយ ដើម្បីកំណត់លក្ខខណ្ឌស្ដង់ដាមួយ ដែលមានសង្គតិភាពរវាងម៉ាស៊ីនរបស់ធនាគារជាតិ និងធនាគារពាណិជ្ជ ក៏ដូចជារវាងម៉ាស៊ីនរបស់ធនាគារពាណិជ្ជ និងធនាគាពាណិជ្ជ។
ជុំវិញបញ្ហានេះដែរ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈយន្តការខាងលើវានឹងជួយធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការធ្វើប្រតិបត្តិការទេសចរណ៍ ដ្បិតថានឹងផ្តល់ភាពងាយស្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរនៅក្នុងខេត្តសៀមរាប។ តែយ៉ាងណាអ្នកជំនាញរូបនេះយល់ឃើញថា យន្តការនេះគួរតែត្រូវបានអនុវត្តក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យចូលមកកម្សាន្តនៅកម្ពុជា ឱ្យកាន់តែទូលំទូលាយ តាមរយៈការផ្តល់នូវបទពិសោធន៍ផ្លាស់ប្តូររូបិយប័ណ្ណដែលមានភាពងាយស្រួលនេះ។ ហើយវាក៏នឹងធ្វើឱ្យកម្ពុជាអាចបង្កើនកេរ្តិ៍ឈ្មោះរបស់ខ្លួនជាគោលដៅទេសចរណ៍ដែលមានភាពទាក់ទាញនិងងាយស្រួលផងដែរ។
ទន្ទឹមនឹងការដាក់ចេញយន្តការរបស់ធនាគារជាតិនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យបណ្ដាធនាគារឯកជន ក៏ដូចជាអាជីវកម្មឯកជន និងប្រជាពលរដ្ឋអ្នកលក់ដូរទាំងអស់នៅក្នុងខេត្តសៀមរាប ចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិ ឱ្យបានស្រុះគ្នា ដើម្បីកុំឱ្យមានបញ្ហាពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារ ដែលមានសភាពចាស់ ឬប្រឡាក់បន្តទៀត។
សម្តេចធិបតី សង្ឃឹមជឿជាក់ថា ចំណាត់ការរបស់ធនាគារជាតិ ដែលបានដាក់ចេញនេះ នឹងលុបបំបាត់បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារអាម៉េរិក និងជួយសម្រួលដល់ការលក់ដូររបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរដែលមកកម្សាន្តនៅខេត្តសៀមរាបផងដែរ៕