ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, និង ជានាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ", លោក Doan Chinh អគ្គនាយករងក្រុមហ៊ុន Metfone រួមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកជាច្រើនរូបទៀត។
លោក Doan Chinh អគ្គនាយករងក្រុមហ៊ុន Metfone បានបង្ហាញនូវក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានតំណាងឱ្យក្រុមហ៊ុន Metfone ក្នុងការចូលរួមចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដ៏សំខាន់ចំនួនពីរ ក្រោមវត្តមានរបស់ថ្នាក់ដឹកនាំនៃ អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ"។
អនុស្សរណៈទាំងពីរនេះ រួមមាន៖
១) ការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន Metfone និង អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល លើកិច្ចសហប្រតិបត្តិការសន្ធានកម្មប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (E-Invoicing System Cambodia)
២) ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន Metfone និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" លើកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស (Enterprises Go Digital - EGD) ។
លោក Doan Chinh បានគូសបញ្ជាក់ថា «ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការគាំទ្រចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងសេដ្ឋកិច្ចឌីជីថលដ៏ស្វាហាប់ នវានុវត្តន៍ និងប្រកបដោយបរិយាប័ន្ន សម្រាប់ប្រទេសកម្ពុជា»។
តួយ៉ាង ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា លើសន្ធានកម្មប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (E-Invoicing System Cambodia) គឺជាការបោះជំហានដ៏សំខាន់មួយ ក្នុងការធ្វើទំនើបបកម្មរដ្ឋបាលសាធារណៈ និង អភិបាលកិច្ចឌីជីល។ ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា គឺលើសពីឧបករណ៍ឌីជីថលទៅទៀត ដ្បិតថា តំណាងឱ្យជំហានផ្លាស់ប្ដូរទៅរកតម្លាភាព ប្រសិទ្ធភាព និងភាពត្រឹមត្រូវកាន់តែខ្លាំង នៅទូទាំងប្រតិបត្តិការទាំងក្នុងវិស័យរដ្ឋ និងឯកជន។
តាមរយៈកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលនេះ ក្រុមហ៊ុន Metfone ប្តេជ្ញាចូលរួមចំណែក តាមរយៈជំនាញបច្ចេកវិទ្យា វេទិកាសុវត្ថិភាព និងសមត្ថភាពបណ្ដាញទូទាំងប្រទេស ដើម្បីគាំទ្រដល់ការដាក់ឱ្យប្រើប្រាស់ដោយជោគជ័យ នៃគំនិតផ្ដួចផ្ដើមប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកថ្នាក់ជាតិ។
ក្រុមហ៊ុន Metfone ជឿជាក់ថា ប្រព័ន្ធនេះនឹងជួយសម្រួលដល់ដំណើរការអាជីវកម្ម កាត់បន្ថយបន្ទុកអនុលោមភាព កាត់បន្ថយកំហុស និងបង្កើតបរិយាកាសដែលមានការទទួលខុសត្រូវកាន់តែច្រើនសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុ។
ដោយឡែក អនុស្សរណៈនៃការយោគយល់គ្នាជាមួយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ស្ដីពី កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស (Enterprise Go Digital) គឺបង្ហាញពីជំនឿចិត្តរួមគ្នារវាងក្រុមហ៊ុន Metfone និងស្ថាប័នរដ្ឋមួយនេះ លើសារៈសំខាន់នៃការផ្ដល់នូវឥទ្ធិពលដល់អាជីវកម្មនៅកម្ពុជា ជាពិសេសសហគ្រាសខ្នាតមីក្រូ ខ្នាតតូច និងមធ្យម ដើម្បីទទួលយកការផ្លាស់ប្ដូរឌីជីថល ជាមូលដ្ឋានសម្រាប់ការរីកចម្រើន។
កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស (Enterprise Go Digital) មិនត្រឹមតែជាកម្មវិធីមួយប៉ុណ្ណោះទេ វាក៏ជាឱកាសមួយ ដើម្បីលើកកម្ពស់ ការប្រកួតប្រជែងរបស់សហគ្រាសកម្ពុជា។ តាមរយៈការបញ្ចូលគ្នានូវដំណោះស្រាយបច្ចេកវិទ្យារបស់ Metfone ជាមួយនឹងប្រព័ន្ធអេកូឡូស៊ីរបស់ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (TSC) សម្រាប់ការច្នៃប្រឌិត ការណែនាំ និងការអភិវឌ្ឍសហគ្រិនភាព។ ក្នុងន័យនេះ ក្រុមហ៊ុន Metfone មានបំណងជួយឱ្យអាជីវកម្មអាចធ្វើទំនើបកម្មប្រតិបត្តិការរបស់ពួកគេ ទទួលយកបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងអាជីវកម្មបន្ថែមទៀតទាំងនៅទីផ្សារក្នុងស្រុក និងពិភពលោក៕