ពិធីចុះហត្ថលេខាស្ដីពីការឧបត្ថម្ភកម្មវិធីនេះ មានការចូលរួមជាអធិបតី ពីសំណាក់ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក Satoshi Saito អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ (CPL) និងលោក Phung Van Cuong អគ្គនាយកក្រុមហ៊ុន មិត្តហ្វូន។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខានោះ លោក Phung Van Cuong បានមានប្រសាសន៍ថា ការឧបត្ថម្ភនេះ គឺជាផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនមិត្តហ្វូនក្នុងការអភិវឌ្ឍវិស័យកីឡានៅ កម្ពុជា ជាពិសេសកីឡាបាល់ទាត់ ។ លោកបានបន្ថែមទៀតថា ការវិនិយោគលើវិស័យកីឡា គឺជាការវិនិយោគសម្រាប់អនាគត ។
លោក Phung Van Cuong មានប្រសាសន៍ថា៖ “ការឧបត្ថម្ភ ដល់វិស័យបាល់ទាត់កម្ពុជា គឺជាទំនួលខុសត្រូវមួយរបស់ក្រុមហ៊ុនមិត្តហ្វូន ដែលរួមចំណែកដល់ការអភិវឌ្ឍន៍ និងការលើកកម្ពស់គុណភាពកីឡាបាល់ទាត់ ក៏ដូចជាកីឡាទូទៅ នៅកម្ពុជាផងដែរ” ។
លោកបានបន្ថែមទៀតថា៖ “តាមរយៈការឧបត្ថម្ភនេះ គឺជាការបង្កើតលក្ខខណ្ឌសម្រាប់ឲ្យកីឡាករបានអនុវត្ត និងប្រកួតគ្នាកាន់តែមានវិជ្ជាជីវៈប្រសើរជាងមុន ដែលរួមចំណែកដល់ការលើកកម្ពស់សមត្ថភាពរបស់ក្រុមកីឡាបាល់ទាត់ ក៏ដូចជាជួយលើកកម្ពស់ដល់កេរ្តិ៍ឈ្មោះរបស់លីកកម្ពុជានៅក្នុងតំបន់ និងនៅកម្រិតអន្តរជាតិ” ។
ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្តម សៅ សុខា បានសម្ដែងការអរគុណចំពោះក្រុមហ៊ុន មិត្តហ្វូន ដែលបានបន្តការឧបត្ថម្ភគាំទ្រដល់កីឡាបាល់ទាត់កម្ពុជា ។
ឯកឧត្តម សៅ សុខា មានប្រសាសន៍ថា៖ “យើងពិតជាមានក្ដីសោមនស្សរីករាយ និងអរគុណចំពោះក្រុមហ៊ុនមិត្តហ្វូន ដែលបានគាំទ្រដល់វិស័យបាល់ទាត់កម្ពុជា ចាប់តាំងពីយើងបានចាប់ផ្ដើមដំណើការ លីកពីពេលដំបូងមកម្លេះ ។ មិត្តហ្វូន បានចូលរួម និងជួយគាំទ្រដល់យើងខ្ញុំបើទោះបីជាខ្លួនមិនទាន់បានទទួលប្រាក់ចំណេញនៅឡើយ នៅពេលចាប់ផ្ដើមដំណើរការអាជីវកម្មដំបូង ។ ប្រសិនបើពុំមានមិត្តហ្វូនទេនោះ លីកបាល់ទាត់របស់យើង ក៏ពុំបានឈានដល់កម្រិតនេះដែរ ។ ខ្ញុំសូមលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនវិនិយោគ ទាំងអស់ ក្រឡេកមកមើលក្រុមហ៊ុនមិត្តហ្វូនជាគំរូ” ។លោក Satoshi Saito អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនមិត្តហ្វូនសម្រាប់ការឧបត្ថម្ភគាំទ្រ ដោយលោកបានបន្ថែមទៀតថា តាមរយៈការឧបត្ថម្ភនេះ លីកបាល់ទាត់កម្ពុជា និងបណ្ដាក្លឹបបាល់ទាត់នានា និងមានការលូតលាស់ ហើយកីឡាបាល់ទាត់កម្ពុជា នឹងក្លាយជាឧស្សាហកម្មមួយ ដូចបណ្ដាលីកផ្សេងទៀតនៅក្នុងពិភពលោកផងដែរ ។
លោក Satoshi Saito បានឲ្យដឹងថា៖ “មិត្តហ្វូន និង CPL ជឿថា នឹងជួយអភិវឌ្ឍលីក និងក្លឹបបាល់ទាត់កម្ពុជាឲ្យរីកចម្រើនលូតលាស់ ហើយធ្វើឲ្យក្រុមជម្រើសជាតិរបស់យើងកាន់តែរីកចម្រើនកាន់តែធំ និងរឹងមាំ ជាពិសេស ដើម្បីត្រៀមសម្រាប់កីឡាស៊ីហ្គេមនៅឆ្នាំក្រោយ និងនៅពេលក្រោយៗទៀត”។
យោងតាមលោក Phung Van Cuong ក្រុមហ៊ុនមិត្តហ្វូនបានជួយឧបត្ថម្ភវិស័យកីឡាបាល់ទាត់កម្ពុជាចាប់តាំងពីឆ្នាំ ២០១០ មកម្លេះ ជាមួយនឹងថវិកាចំណាយអស់ប្រមាណ ៦ លានដុល្លារសហរដ្ឋអាមេរិក ។
ចាប់តាំងពីឆ្នាំ ២០០៦ នៅពេលដែលចាប់ផ្ដើមមានវត្តមាននៅកម្ពុជា ក្រុមហ៊ុន មិត្តហ្វូនក៏បានប្រែក្លាយទៅជា ក្រុមហ៊ុនទូរគមនាគមន៍ឌីជីថលធំជាងគេបំផុតនៅកម្ពុជា ដែលមានអ្នកប្រើប្រាស់ចំនួន ៩ លាននាក់ ដែលស្មើនឹង ៥០% នៃចំណែកទីផ្សារ ។
ក្រុមហ៊ុនមិត្តហ្វូនផ្ដល់សេវាបច្ចេកវិទ្យាឌីជីថល និងទូរគមនាគមន៍ ជាច្រើនប្រភេទ ដើម្បីជួយដល់ការអភិវឌ្ឍសង្គមឌីជីថលនៅក្នុងប្រទេសកម្ពុជា៕