ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលមានសេដ្ឋកិច្ចដ៏ធំមួយនៅតំបន់មជ្ឈិមបូព៌ា មានទំនាក់ទំនងសេដ្ឋកិច្ចយូរមកហើយជាមួយប្រទេសជប៉ុន ដោយបាននាំចេញថាមពល និងនាំចូលរថយន្តត្រលប់មកវិញ។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានពង្រីកយ៉ាងឆាប់រហ័សនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយគ្របដណ្ដប់លើវិស័យជាច្រើនរួមមានទាំងវិស័យអវកាស បន្ទះឈីប បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចូលទៅក្នុងបរិយាកាសផងដែរ។
ជាធម្មតា ប្រទេសផលិតប្រេងទាំងនេះប្រកាន់យកគោលនយោបាយរក្សាទំនាក់ទំនងទូលំទូលាយជាមួយមហាអំណាចជាច្រើនរួមទាំងសហរដ្ឋអាម៉េរិក អឺរ៉ុប មហាយក្សចិន និងរុស្ស៊ី ផងដែរ ដើម្បីផលប្រយោជន៍ទាំងផ្នែកសន្តិសុខជាតិ និងសេដ្ឋកិច្ច ហើយតែងតែជៀសវាងកិច្ចសហប្រតិបត្តិការពេញទំហឹងជាមួយតែភាគីជាក់លាក់ណាមួយ។
តាំងពីយូរមកហើយ ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលសុទ្ធតែមានសេដ្ឋកិច្ចធំៗនៅក្នុងតំបន់ គឺជាអ្នកគាំទ្រក្រុងវ៉ាស៊ីនតោន ប៉ុន្តែទន្ទឹមនេះក៏បានចាប់ដៃគូសហការជាមួយប្រទេសជាច្រើនទៀតផងដែរ បន្ទាប់ពីសហរដ្ឋអាម៉េរិក បានចាប់ផ្តើមកាត់បន្ថយការចូលរួមពាក់ព័ន្ធផ្នែកយោធានៅតំបន់មជ្ឈិមបូព៌ា។ ទន្ទឹមនេះ ប្រទេសចិន ដែលបានពន្លឿនការពង្រីកឥទ្ធិពលរបស់ខ្លួនទៅកាន់មជ្ឈិមបូព៌ា ក្នុងទសវត្សរ៍ឆ្នាំ២០១០ តាមរយៈគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់ និងផ្លូវ (BRI) បានក្លាយជាជម្រើសដ៏ល្អសម្រាប់តំបន់នេះ។
ប្រទេសចិន បានពង្រីកវត្តមាន និងឥទ្ធិពលរបស់ខ្លួនយ៉ាងឆាប់រហ័សនៅក្នុងតំបន់មជ្ឈិមបូព៌ា តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការនាំចេញផ្នែកឧស្សាហកម្ម ដោយវ៉ាដាច់ប្រទេសជប៉ុន ក្លាយជាអ្នកទិញប្រេងឆៅធំបំផុតពីតំបន់នេះ។ ទោះជាយ៉ាងណា គោលនយោបាយរក្សាទំនាក់ទំនងទូលំទូលាយជាមួយមហាអំណាចជាច្រើនរបស់មជ្ឈិមបូព៌ា បានចាប់ផ្ដើមប្រែប្រួលហើយ ខណៈដែលប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសអេមីរ៉ាតអារ៉ាប់រួម កំពុងស្វះស្វែងអភិវឌ្ឍវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាជឿនលឿនផ្សេងៗទៀត ដោយប្រទេសទាំងនេះកំពុងបោះទុនវិនិយោគក្នុងទឹកប្រាក់រាប់ពាន់លានដុល្លារអាម៉េរិក លើវិស័យទាំងនេះ ដើម្បីធ្វើពិពិធកម្មសដ្ឋកិច្ចឱ្យងាកចេញពីវិស័យប្រេង។
ហើយដោយសារតែវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាជឿនលឿនផ្សេងៗទៀតត្រូវបានគ្របដណ្ដប់លើសលប់ ឬគ្រប់គ្រងដោយសហរដ្ឋអាម៉េរិក បានដាក់សម្ពាធឱ្យប្រទេសអារ៉ាប់ទាំងនេះ កាត់បន្ថយទំនាក់ទំនងជាមួយមហាយក្សចិន ដើម្បីទប់ស្កាត់ការបែកធ្លាយបច្ចេកវិទ្យា។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាម៉េរិក Microsoft គ្រោងបោះទុនវិនិយោគរហូតដល់ទៅ៨០ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៥ នេះដើម្បីសាងសង់មជ្ឈមណ្ឌលរក្សាទុកទិន្នន័យ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ Bloomberg៕
ដោយ: តែម សុខុម