Advertisement
លិខិតពីប្រិយមិត្ត

លិខិតពីប្រិយមិត្ត៖ បញ្ហា​អគ្គិសនី មិនគួរប្រៀបធៀបទៅនឹង​របបខ្មែរក្រហមទេ!


កាលពី​ប៉ុន្មានថ្ងៃ​មុន លោក ទិត សុធា ដែលជា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានចោទសួរលើហ្វេសប៊ុករបស់គាត់ ហើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយយកមកចុះផ្សាយថា៖ ហេតុអ្វីបានជាយើងអាចរស់បាន នៅក្នុងសម័យ ប៉ុល ពត ទាំងត្រូវបានគេបង្ខំឱ្យធ្វើការក្រោមថ្ងៃក្តៅហែង ហើយបែរជាស្រែកថ្ងូរគ្រាន់តែដាច់ភ្លើងមួយរយៈ?
ពលរដ្ឋជាង២លាននាក់ បានប្រើប្រាស់អគ្គិសនីតខ្សែពីបណ្តាញជាតិ (រូបភាព៖​ អគ្គិសនីកម្ពុជា)
ដោយ
Advertisement

លោក ទិត សុធា ថា សម័យ ប៉ុល ពត គ្មានម៉ាស៊ីនត្រជាក់ គ្មានកង្ហារ គ្មានភ្លើងប្រើប្រាស់ គ្មានចំណីអាហារគ្រប់គ្រាន់ ម៉េចក៏ចេះតស៊ូរស់បាន ចុះពេលនេះ គ្រាន់តែខកខានប្រើប្រាស់ភ្លើងមួយរយៈ ហេតុអ្វីក៏ស្រែកថ្ងូរយ៉ាងនេះ? គាត់បន្តទៀតថា អាចមកពីយើងធ្លាប់បានរស់នៅសុខស្រួល ទើបពិបាកទ្រាំនឹងការលំបាក។ 

សំដីរបស់គាត់ដែលជា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី គឺមិនអាចទទួលយកបានទេ។ហេតុអ្វីគាត់ប្រៀបធៀប កម្ពុជាសព្វថ្ងៃ ទៅនឹងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ កាលពី ៤០ឆ្នាំមុន? តើគាត់មិនចង់ឲ្យ ប្រទេសកម្ពុជាឈានទៅមុខទេមែនទេ? ការដាច់ភ្លើង ព្រឹក ល្ងាច និង ពេលខ្លះដាច់ពេលយប់ទៀត មិនមែនជាការដែល​ប្រជាពលរដ្ឋត្រូវអបអរសាទរនោះទេ។ ប្រជាពលរដ្ឋប្រើប្រាស់​ភ្លើងដោយបង់ថ្លៃត្រឹមត្រូវ ដូច្នេះនៅពេលដែលរដ្ឋមិនអាចផ្តល់សេវាអគ្គិសនី បានល្អ និងគ្រប់គ្រាន់ ប្រជាពលរដ្ឋមានសិទ្ធិរិះគន់ ដើម្បីស្ថាបនា និង​បង្ហាញពីការលំបាករបស់ពួកគាត់។ រដ្ឋនិងថ្នាក់ដឹកនាំរដ្ឋគួរតែស្តាប់យោបល់ និងការរិះគន់ខ្លះពីប្រជាពលរដ្ឋ និងខិតខំរកដំណោះស្រាយ ព្រមទាំងទទួលយកការពិត មិនមែនគិតតែពីការនិយាយដោះសារ រកលេសលាបពណ៌ ថាប្រជាពលរដ្ឋនិយាយញុះញង់ និងមិនចេះតស៊ូអត់ធ្មត់នោះទេ ។ល។

ការប្រៀបធៀប ប្រទេសកម្ពុជាសព្វថ្ងៃ ទៅនឹងសម័យ ប៉ុល ពត ជារឿងដែលគួរឱ្យអស់សំណើចបំផុត។ ប្រទេសកម្ពុជា ក៏ដូចប្រជាពលរដ្ឋកម្ពុជា ចង់បានណាស់ការរីកចំរើន សន្តិភាព និងការការអភិវឌ្ឍ។ យើងត្រូវនាំគ្នាសំឡឹងឆ្ពោះទៅមុខ និងខិតខំប្រឹងប្រែង រួបរួមគ្នា រកវិធីសាស្ត្រ និងយុទ្ធសាស្ត្រ ដោះស្រាយបញ្ហា។ ការដែលប្រជាពលរដ្ឋរិះគន់បន្តិចបន្តូច ព្រោះពួកគាត់រងផលប៉ះពាល់ពីការដាច់ចរន្តអគ្គិសនី មិនមែនពួកគាត់អត់ការងារធ្វើ ហើយទៅរិះគន់រាជរដ្ឋាភិបាល និងការធ្វើការរបស់រដ្ឋនោះទេ។ បើសិនមានរឿងអ្វីបន្តិច ប្រៀបធៀប ទៅសម័យ ប៉ុល ពត អ្វីបន្តិចប្រៀបធៀប ទៅសម័យ ប៉ុល ពត តើឲ្យប្រទេសកម្ពុជា រីកចំរើនទៅមុខដោយរបៀបណា? វាដល់ពេលដែលយើងត្រូវសំឡឹងទៅមុខ និងក្រលេកមើលថាខ្លួនយើងឈរនៅទីណា ចង់ទៅណា ហើយធ្វើដូចម្តេចទើបយើងអាចឈានដល់គោលដៅដែលយើងចង់ទៅដល់ មិនមែនគិតតែពីសំឡឹងទៅក្រោយ ហើយអួតក្តែងៗ ថាខ្លួនអ៊ីចេះ ខ្លួនអ៊ីចុះ ដោយមិនមើលពីអ្នកដទៃ ក៏ដូចជាប្រទេសជិតខាងនោះទេ។

ប្រសិនបើប្រជាពលរដ្ឋគ្រប់រូបនៅស្ងៀមស្ងាត់ និងមិនបញ្ចេញមតិខ្លះ តើឲ្យពួកគាត់ទៅពឹងអ្នកណា បើអស់លោកជាអ្នកបម្រើរាស្រ្ត និយាយចេញមករកតែទស្សនៈអបរំ និងអត្ថន័យស្ទើរគ្មាន។

សរុបមកយើងគួរនាំគ្នា សំឡឹងទៅមុខ និងខិតខំជ្រោមជ្រែងរុញច្រាន នាវាកម្ពុជាឲ្យទៅមុខប្រកបដោយសន្តិភាព ការការអភិវឌ្ឍ និងការទទួលខុសត្រូវ មិនមែនយកគំនិតដើរថយក្រោយ មកដាក់ខ្លួននោះទេ។

លោក ហេង សំណាង ជាពលរដ្ឋនៅភ្នំពេញ និងនិស្សិត​អាហារូបករណ៍ថ្នាក់​បណ្ឌិត។

Advertisement



អត្ថបទបន្ទាប់


គម្រោងផ្សារទំនើបជីប ម៉ុង ទី៦ សាងសង់តាមបណ្ដោយផ្លូវជាសុផារ៉ា

ព័ត៌មាន
ក្រុមហ៊ុន ជីប ម៉ុង រីថេល បានបើកការដ្ឋានសាងសង់ផ្សារទំនើប ជីប ម៉ុង ៥៩៨ ដែលជាផ្សារទំនើបបែបសហគមន៍ក្នុងគម្រោងលំនៅដ្ឋាន ផាក លែន ៥៩៨ របស...

សមាគមរោងចក្រកាត់ដេរ រំពឹងកំណើនរោងចក្រកាបូប ទ្វេដង នៅពីរឆ្នាំខាងមុខ

ព័ត៌មាន
ទោះបីជាវិស័យកាត់ដេររបស់កម្ពុជា កំពុងស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ទាក់ទងនឹងការព្យួរ ប្រព័ន្ធ អនុគ្រោះពន្ធ EBA ក៏ពិតមែន ប៉ុន្ដែ ប្រធ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ