នាយករដ្ឋមន្ត្រីជិតខ្ទាតចេញពីតំណែង អនុទីន ឆានវីរៈគុល បានសរសេរសារបង្ហោះលើបណ្តាញសង្គមហ្វេសបុកទាំងកណ្តាលអធ្រាត្រយប់ថ្ងៃទី១៦ ខែតុលា ក្រោយភ័យខ្លាចការលើកឡើងដោយគ្មានការពិចារណារបស់លោក ធ្វើឱ្យប៉ះពាល់ដល់ការដោះដូរពាណិជ្ជកម្មរវាងថៃ និងអាម៉េរិក ដែលមានទំហំរហូតដល់៥០ពាន់លានដុល្លារ។ នៅក្នុងសារនោះ លោក បានព្យាយាមពន្យល់ពលរដ្ឋរបស់ខ្លួនពីបច្ចុប្បន្នភាព នៃទំនាក់ទំនងរវាងថៃ និងសហរដ្ឋអាម៉េរិក ក្រោយលោកបានជួបសន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក។
ក្រោយត្រូវបានសារព័ត៌មានដកស្រង់សម្តីរបស់លោក ដែលនិយាយធ្ងន់ៗធ្វើឱ្យប៉ះពាល់ដល់ជំហរទីក្រុងវ៉ាស៊ីនតោនចំពោះកិច្ចព្រមព្រៀងសន្តិភាព ឬសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ ដែលត្រូវបានចុះហត្ថលេខាថ្នាក់ដឹកនាំថៃ និងកម្ពុជា ក្រោមការចូលរួមធ្វើជាសាក្សីពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អនុទីន បានអះអាងថា លោក ត្រាំ បានធានាថា សហរដ្ឋអាម៉េរិកនឹងមិនភ្ជាប់ការចរចាពន្ធគយ ដែលកំពុងដំណើរការទៅនឹងការផ្អាករបស់ប្រទេសថៃ លើកិច្ចព្រមព្រៀងសន្តិភាពជាមួយប្រទេសកម្ពុជា នោះទេ។
ការរូតរះសរសេរសារទាំងកណ្តាលអាធ្រាត្ររបស់លោក អនុទីន ធ្វើឡើងចំពេលមានសម្ពាធកាន់តែខ្លាំងឡើងលើទីក្រុងបាងកក ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងដោះសា្រយបញ្ហាព្រំដែនដ៏ច្របូកច្របល់ជាមួយកម្ពុជា ទោះថៃ ប្រកាសផ្អាកការអនុវត្តសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ កាលពីថ្ងៃទី១០ ខែវិច្ឆិកា កាលពីពេលថ្មីៗនេះក៏ដោយ។ សម្ពាធលើទីក្រុងបាងកក បានកើតឡើងក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកព្រមានផ្អាកការចរចាពន្ធបដិការជាមួយថៃ ដើម្បីឆ្លើយតបនឹងការលើកឡើងទាំងគឃ្លើនរបស់នាយករដ្ឋមន្ត្រីថៃ ជិតខ្ទាតចេញពីតំណែងលោក អនុទីន ដែលប្រកាសក្តែងៗថា ខ្លួននឹងមិនចរចាជាមួយកម្ពុជាដាច់ខាតលើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ និងអួតថា ទោះបីសហរដ្ឋអាម៉េរិកដំឡើងពន្ធ១០០% លើទំនិញថៃ ក៏លោកមិនមិនខ្លាចដែរ។
ការលើកឡើងទាំងព្រហើន និងខ្វះការពិចារណាដើម្បីទាក់ទាញការគាំទ្រពីអ្នកបោះឆ្នោតរបស់នាយករដ្ឋមន្ត្រីអាណត្តិ៤ខែរូបនេះបានទាក់ទាញការប្រតិកម្ម និងរិះគន់យ៉ាងខ្លាំងពីបក្សប្រឆាំង និងប្រជាពលរដ្ឋថៃ និងបានបង្កឱ្យផ្ទុះការព្រួយបារម្ភជុំវិញហានិភ័យសេដ្ឋកិច្ច ដោយសារនៅក្នុងមួយឆ្នាំៗទំនាក់ទំនងពាណិជ្ជកម្មរវាងថៃ និងសហរដ្ឋអាម៉េរិកមានទំហំរហូតដល់៥០ពាន់លានដុល្លារ៕
ដោយៈ សរ សុជាតិ