ធនាគារជាតិនៃកម្ពុជា

តើការបញ្ចេញប្រាក់៥០លានដុល្លារឲ្យដេញថ្លៃរបស់ធនាគារជាតិ មានសារសំខាន់យ៉ាងណាក្នុងការរក្សាស្ថិរភាពតម្លៃប្រាក់រៀល និងសេដ្ឋកិច្ច?


ធនាគារជាតិនៃកម្ពុជា បានបញ្ចេញទឹកប្រាក់ចំនួន៥០លានដុល្លារដាក់ឲ្យគ្រឹះស្ថានហិរញ្ញវត្ថនានាដេញថ្លៃ ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ បន្ទាប់ពីខ្លួនសង្កេតឃើញអត្រាប្តូរប្រាក់ជាលុយរៀលធៀបនឹងលុយដុល្លារអាមេរិកមានការកើនឡើងជាបន្តបន្ទាប់ នៅរយៈពេលចុងក្រោយនេះ។ ការកើនឡើងអត្រាប្តូរប្រាក់ជាលុយរៀលធៀបនឹងដុល្លារនេះ ត្រូវបានធនាគារជាតិនៃកម្ពុជា អះអាងថា គឺដោយសារកត្តារដូវកាល និងសម្ពាធនៃការឡើងថ្លៃរបស់លុយដុល្លារ នៅលើទីផ្សារអន្តរជាតិ បន្ទាប់ពីធនាគារកណ្តាលអាមេរិកបានដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់អតិផរណា។
ធនាគារជាតិបញ្ចេញប្រាក់៥០លានដុល្លារ ដើម្បីរក្សាស្ថិរភាពតម្លៃប្រាក់រៀល

ក្រុមអ្នកជំនាញអះអាងថា ស្ថិតក្នុងបរិបទដែល សេដ្ឋកិច្ចពិភពលោករងការរង្គោះរង្គើរ អតិផរណាកើន ក៏ដូចជា អត្រាប្ដូរប្រាក់ខ្ពស់ ការរក្សាបាននូវស្ថិរភាពអត្រាប្ដូរប្រាក់ក្នុងស្រុក គឺជាកត្តាដ៏សំខាន់បំផុតសម្រាប់សេដ្ឋកិច្ចកម្ពុជា។ អ្នកជំនាញយល់ថា ការបញ្ចេញប្រាក់៥០លានដុល្លារនាពេលនេះមិនបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងការនាំចេញរបស់កម្ពុជានោះទេ។

ធនាគារជាតិនៃកម្ពុជាបានបញ្ចេញលុយដុល្លារចំនួន៥០លានដុល្លារ ដើម្បីដាក់ឲ្យគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ និងអាជីវករប្ដូរប្រាក់ទាំងអស់ដេញថ្លៃ ក្នុងគោលបំណងរក្សាតុល្យភាពនៃអត្រាប្ដូរប្រាក់នៅកម្ពុជា។ តាមពិតទៅវិធានការនេះ មិនមែនជារឿងថ្មីឡើយសម្រាប់កម្ពុជា ពោលគឺធនាគារជាតិនៃកម្ពុជា ធ្លាប់ចាត់វិធានការបែបនេះជាច្រើនលើកច្រើនសាររួចហើយ នៅពេលដែល ពិភពលោកជួបនូវវិបត្តិសេដ្ឋកិច្ច និងធ្វើឲ្យប៉ះពាល់ដល់អត្រាប្ដូរប្រាក់ជាដើម។ អ្នកជំនាញសេដ្ឋកិច្ច និងអ្នករកស៊ីក្នុងវិស័យ SME យល់ឃើញថា ការដាក់ចេញនូវវិធានការរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ជាលុយរៀលធៀបនឹងលុយដុល្លារនេះ មិនធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាជួបនូវបញ្ហាប្រឈមឡើយ ផ្ទុយទៅវិញមានតែផ្ដល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាយល់ឃើញថា ការបញ្ចេញប្រាក់៥០លានដុល្លារទៅក្នុងទីផ្សារ គឺជាយន្តការមួយក្នុងចំណោមយន្តការជាច្រើនក្នុងការទប់ស្កាត់នៃការឡើងចុះថ្លៃនៃអត្រាប្ដូរប្រាក់ក្នុងទីផ្សារនាពេលបច្ចុប្បន្ន។ សម្រាប់អ្នកជំនាញរូបនេះ ស្របពេលដែលសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួល និងអត្រាប្ដូរប្រាក់សាកលកំពុងការប្រែប្រួល ការដាក់ឲ្យដេញថ្លៃប្រាក់ចំនួន៥០លានដុល្លារ របស់ធនាគារជាតិនៃកម្ពុជានាពេលនេះ គឺជាមធ្យាបាយដោះស្រាយយ៉ាងមានប្រសិទ្ធិភាពសម្រាប់រយៈពេលខ្លី។ ហើយការបញ្ចេញទឹកប្រាក់ដុល្លារចូលទៅក្នុងទីផ្សារបានផ្ដល់ផលវិជ្ជមានជាច្រើនចំពោះសេដ្ឋកិច្ច ជាពិសេសជួយទប់ស្កាត់ការកើនឡើងអត្រាប្តូរប្រាក់ជាលុយរៀលធៀបនឹងដុល្លារ សំដៅធ្វើយ៉ាងណាកុំឲ្យជនខិលខូចមួយចំនួនឆ្លៀតឱកាសដំឡើងអត្រាដ្ដូរប្រាក់ដុល្លារលើទីផ្សារ។ ម្យ៉ាងវិញទៀត ប្រទេសកម្ពុជា មានការពេញនិយមប្រើប្រាស់ប្រាក់ដុល្លារសម្រាប់ទូទាត់ក្នុងការធ្វើពាណិជ្ជកម្ម ជាមួយដៃគូពាណិជ្ជកម្មនានា ដូច្នេះការប្រែប្រួលអត្រាប្ដូរប្រាក់នេះ ហាក់មិនសូវជះឥទ្ធិពលអវិជ្ជមានឡើយ សម្រាប់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា។ ប៉ុន្តែក្នុងករណីអត្រាប្ដូរប្រាក់មានការប្រែប្រួលរយៈពេលវែងនោះ វាក៏អាចប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មផងដែរ។

ដោយឡែក សម្រាប់អ្នកឧកញ៉ា កែវ មុំ ប្រធានសមាគមសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជាយល់ឃើញថា តាមរយៈការបញ្ចេញទឹកប្រាក់៥០លានដុល្លារ ដើម្បីរក្សាស្ថិរភាពអត្រាប្ដូរប្រាក់ គឺជាវិធានការដ៏ល្អប្រសើរ និងផ្ដល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ច។ ប្រធានសមាគមរូបនេះជឿជាក់ថា មុននឹងធនាគារជាតិនៃកម្ពុជាបញ្ចេញទឹកប្រាក់ចំនួន៥០លានដុល្លារនេះ គឺធនាគារពិតជាមានការសិក្សាវិភាគបានល្អិតល្អន់ ដើម្បីរក្សាស្ថិរភាពអត្រាប្ដូរប្រាក់។ សម្រាប់អ្នកឧកញ៉ា កែវ មុំ នៅពេលដែលប្រទេសមួយមានលំនឹងស្ថិរភាពនៃអត្រាប្ដូរប្រាក់ នឹងធ្វើឱ្យប្រទេសមានការរីកចម្រើនលឿន ថែមទាំងអាចអូសទាញអ្នកវិនិយោគចូលបានដោយងាយស្រួលទៀតផង។ ដូច្នេះការបញ្ចេញប្រាក់៥០លានដុល្លារនេះ មិនត្រឹមតែមិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងបង្កើនឱកាសសម្រាប់អ្នកវិនិយោគពីខាងក្រៅឲ្យសម្លឹងមកប្រទេសកម្ពុជាកាន់តែច្រើន។ កត្តានេះ នឹងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ ជួយឱ្យវិស័យ SME កាន់តែរឹងមាំ និងអាចពង្រីកខ្លួនបានយ៉ាងងាយស្រួល ថែមទៀតផង។

សូមបញ្ជាក់ថា ការឡើងថ្លៃលុយដុល្លារអាមេរិកម មិនមែនកើនឡើងសម្រាប់តែលុយរៀលនោះទេ ពោលគឺវាក៏បានកើនឡើងផងដែរ បើធៀបនឹងរូបិយបណ្ណផ្សេងៗ នៅលើពិភពលោក បន្ទាប់ពីធនាគារកណ្តាលអាមេរិកបន្តដំឡើងអត្រាការប្រាក់គោល ដើម្បីទាក់ទាញមូលធនឲ្យហូរចូលសហរដ្ឋអាមេរិក និងបង្កើនតម្រូវការប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារអន្តរជាតិ។ ការដំឡើងអត្រាការប្រាក់គោលរបស់អាមេរិកនេះ ក៏ដើម្បីទប់ទល់នឹងការកើនឡើងអត្រាអតិផរណាផងដែរ។ យ៉ាងណាមិញ សម្រាប់កម្ពុជា ដើម្បីទប់ស្កាត់ការប្រែប្រួលអត្រាប្ដូរប្រាក់នេះ ធនាគារជាតិនៃកម្ពុជា បន្តប្រកាន់យករបបអត្រាប្តូរប្រាក់អណ្ដែតមានការគ្រប់គ្រង ដែលអនុញ្ញាតឱ្យអត្រាប្ដូរប្រាក់រៀលប្រែប្រួលក្នុងកម្រិតសមស្រប ជាពិសេសការបញ្ចេញសាច់ប្រាក់នេះ គឺជាវិធានការមួយក្នុងចំណោមវិធានការឯទៀតរបស់ធនាគារជាតិ ដើម្បីរក្សាតម្លៃប្រាក់រៀល សំដៅរក្សាអំណាចទិញនៃចំណូលប្រជាជនកម្ពុជាឱ្យមានស្ថិរភាព៕




អត្ថបទបន្ទាប់


អាជ្ញាធររឹបអូសសាច់ខូចគុណភាពបានជាង១១តោនៅខែសីហា ខណៈអ្នកជំនាញបារម្ភរំហូរសាច់បង្កកធ្វើឲ្យប៉ះពាល់ទីផ្សារក្នុងស្រុក

ព័ត៌មាន
មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប)ក្រោមកិច្ចសហការជាមួយភាគីពាក់ព័ន្ធបង្ក្រាបក…

សម្ដេច ហ៊ុន ម៉ាណែត បង្ហាញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងកិច្ចប្រជុំធុរកិច្ច និងវិនិយោគអាស៊ាន

ព័ត៌មាន
យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ