ប្រជាជនវណ្ណៈកណ្តាលរាប់លាននាក់នៅទីក្រុងហាណូយ និងហូជីមិញ កំពុងប្រឈមបញ្ហាខ្វះលទ្ធភាពទិញផ្ទះសម្រាប់រស់នៅក្នុងក្រុងធំៗទាំងពីរនេះ ដែលបង្ខំឱ្យពួកគេរស់នៅក្នុងផ្ទះជួលដ៏តូចចង្អៀតជាមួយសមាជិកគ្រួសារ៤ ទៅ៥នាក់។ បញ្ហានេះបានកើតឡើងក្រោយក្រុមអ្នកអភិវឌ្ឍអចលនទ្រព្យកំពុងផ្ដោតខ្លាំងលើការសាងសង់លំនៅឋានប្រណីតៗ ដែលធ្វើឱ្យពលរដ្ឋធម្មតាមិនអាចមានលទ្ធភាពទិញផ្ទះប្រភេទនេះព្រោះកម្រិតប្រាក់ចំណូលរបស់ពួកគេមានកម្រិតទាប ដែលជាហេតុបង្ខំឱ្យពលរដ្ឋជាច្រើនដែលមានគ្រួសារធំត្រូវរស់នៅក្នុងលំនៅឋានគ្មានស្តង់ដា។
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញឈិញ (Pham Ming Chinh) ក៏បានទទួលស្គាល់ពីបញ្ហានេះ និងបានជំរុញឱ្យក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានផ្តោតលើការបង្កើតលំនៅឋានមានតម្លៃសមរម្យ ដើម្បីផ្តល់លទ្ធភាពដល់ពលរដ្ឋអាចទិញផ្ទះសម្រាប់រស់នៅ។ តម្លៃផ្ទះនៅទីក្រុងធំៗទាំងពីរខាងលើនៅតែបន្តកើនឡើងដោយតម្លៃជាមធ្យមក្នុង១ម៉ែត្រការ៉េបានកើនឡើងជាង៦០% នៅរដ្ឋធានីហាណូយ និងកើនឡើង៦៥% នៅទីក្រុងហូជីមិញ៕
ដោយ៖ សុខ មង្គល