បច្ចុប្បន្នវិស័យរ៉ែ ជាពិសេសរ៉ែកម្របានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រ និងជំរុញឃឿនសេដ្ឋកិច្ចរបស់បណ្តាប្រទេសផ្សេងៗនៅលើសកលលោក។
នាពិធីបើកពិព័រណ៍ផលិតផលរ៉ែឆ្នាំ២០២៦ កាលពីពេលថ្មីៗ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម កែវ រតនៈ បានគូសបញ្ជាក់ថា វិស័យរ៉ែមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជាក់ស្តែងផលិតផលរ៉ែទាំង៣១ស្តង់ ដែលដាក់តាំងបង្ហាញនៅក្នុងកម្មពិធីព័រណ៍ពីថ្ងៃទី១៤-១៥ ខែកុម្ភៈ ត្រូវបានកែច្នៃចេញពីធនធានរ៉ែនៅកម្ពុជា។ គិតត្រឹមឆ្នាំ២០២៦ ទុនវិនិយោគក្នុងវិស័យរ៉ែបានកើនឡើងដល់ជិត៣ពាន់លានដុល្លារអាម៉េរិក។ វិស័យនេះមិនត្រឹមតែបង្កើតការងារជូនពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចាក់បញ្ចូលចំណូលពន្ធ និងមិនមែនពន្ធរាប់រយលានដុល្លារទៅក្នុងថវិកាជាតិជារៀងរាល់ឆ្នាំ។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម កែវ រតនៈ នៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយចំណូលថវិកាជាតិពីវិស័យរ៉ែបានហក់ឡើងយ៉ាងគំហុក។ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២៥ កម្ពុជាប្រមូលចំណូលបានជាង១៣៥លានដុល្លារ ខណៈកាលពី១០ឆ្នាំមុនទទួលបានត្រឹមតែ១៣លានដុល្លារប៉ុណ្ណោះ។ វិស័យនេះបានបង្កើតការងារដោយផ្ទាល់ប្រមាណ ១២,១៣០កន្លែង ដែលក្នុងនោះ៩៥% ប្រមាណ១១,៥៤៧នាក់ជាកម្លាំងពលកម្មក្នុងស្រុក និងត្រឹមតែ៥% ប៉ុណ្ណោះជាអ្នកជំនាញបរទេស។ អ្វីដែលគួរឱ្យកត់សម្គាល់ ចាប់ពីឆ្នាំ២០២៣ កម្ពុជាបានប្រែក្លាយពីប្រទេសនាំចូលស៊ីម៉ង់ត៍១០០% មកជាប្រទេសដែលអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបានទាំងស្រុង និងចាប់ផ្ដើមនាំចេញជាលើកដំបូង តាមរយៈរោងចក្រផលិតស៊ីម៉ង់ត៍ចំនួន៦ក្នុងប្រទេស។
ពិព័រណ៍ផលិតផលរ៉ែលើកទី១ឆ្នាំ២០២៦ ដែលប្រារព្ធធ្វើឡើងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៤-១៥ ខែកុម្ភៈ នៅបរិវេណរូបសំណាកតេជោមាស តេជោយ៉ត រាជធានីភ្នំពេញ មានការចូលរួមពីបណ្តាក្រសួង ស្ថាប័ន និងក្រុមហ៊ុនឯកជនសរុបចំនួន២១ស្ថាប័ន ស្មើនឹង៣១ស្តង់។ ផលិតផលដែលដាក់តាំងបង្ហាញក្នុងពិព័រណ៍នេះរួមមាន ថ្មអារ ថ្មក្រានីត ស៊ីម៉ង់ត៍ រ៉ែមាស ម្សៅបៀកភ្នំ ទឹករ៉ែធម្មជាតិ និងចម្លាក់ថ្មរ៉ែផ្សេងៗ ដែលសុទ្ធសឹងជាផលិតផលកែច្នៃចេញពីធនធានរ៉ែក្នុងស្រុក។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការរៀបចំពិព័រណ៍នេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសក្តានុពលវិស័យរ៉ែ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរគាំទ្រផលិតផលក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល និងទប់ស្កាត់លំហូរចេញនៃរូបិយបណ្ណទៅក្រៅប្រទេស។ ឯកឧត្តមបានបន្តថា ការកែទម្រង់ស៊ីជម្រៅក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងអាណត្តិទី៧នេះកំពុងរុញច្រានឱ្យវិស័យរ៉ែក្លាយជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងពង្រឹងឯករាជ្យភាពនៃផលិតកម្មក្នុងស្រុក៕