ក្រុមហ៊ុនកូរ៉េ មានបំណងនាំចូលផ្លែស្វាយពីកម្ពុជា

ក្រុមហ៊ុនកូរ៉េ មានបំណងនាំចូលផ្លែស្វាយពីកម្ពុជាយ៉ាងហោចណាស់ ១ម៉ឺនតោន ក្នុងមួយឆ្នាំ


បច្ចុប្បន្ន ផ្លែស្វាយស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឲ្យនាំចេញផ្លូវការទៅកាន់ទីផ្សារប្រទេសចិន និងកូរ៉េខាងត្បូងជាដើម។ ហើយថ្មីៗនេះ មានក្រុមហ៊ុនឯកជនពីកូរ៉េខាងត្បូងបានបង្ហាញពីគោលបំណងក្នុងការនាំចូលផ្លែស្វាយពីកម្ពុជាទៅកូរ៉េខាងត្បូងឲ្យបានយ៉ាងហោចណាស់១ម៉ឺនតោនក្នុងមួយឆ្នាំ ដើម្បីបំពេញតម្រូវការទីផ្សារ។
កម្មករកំពុងជូត និងរៀបចំស្វាយកែវរមៀត

ការកើនឡើងពីគោលបំណងនាំចូលផ្លែស្វាយពីកម្ពុជានេះ ធ្វើឡើងនៅក្នុងជំនួបរវាងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាជាមួយ លោកហ្គីយូវ៉ា ចាង (Gyuhwa JANG) អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ ព្រមទាំងលោកស្រី Yu LIN ប្រធានក្រុមហ៊ុនកូរ៉េ GADOSH នៅថ្ងៃទី ៣ ខែឧសភា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានពីក្រសួងពាណិជ្ជកម្មកម្ពុជា។

នៅក្នុងជំនួបជាមួយនឹងក្រុមហ៊ុនពីកូរ៉េខាងត្បូង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ធុរជន និងវិនិយោគិនដែលមកវិនិយោគនៅកម្ពុជា។ ទន្ទឹមនេះ ក្រសួងពាណិជ្ជកម្មត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងសម្របសម្រួលដល់ធុរជនដែលមកវិនិយោគនៅកម្ពុជា ជាពិសេស ក្រសួងនឹងផ្តល់អនុសាសន៍ណែនាំឱ្យក្រុមហ៊ុនសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញបែបបទតាមនីតិវិធី។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្មសក្តានុពលផ្សេងៗទៀតពីកម្ពុជា ដូចជាមៀន និងចេក ជាដើម បន្ថែមពីលើស្វាយ ព្រមទាំងលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េមកបង្កើតរោងចក្រកែឆ្នៃកសិផល ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិនានាផងដែរ។

ក្នុងឱកាសនោះ លោកស្រី Yu LIN ប្រធានក្រុមហ៊ុនកូរ៉េខាងត្បូង GADOSH បានបញ្ជាក់ប្រាប់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាថា ក្រុមហ៊ុនលោកស្រី មានគោលបំណងក្នុងការនាំចូលស្វាយពីកម្ពុជាយ៉ាងហោចណាស់ ១ម៉ឺនតោន ក្នុងមួយឆ្នាំ ដើម្បីបំពេញតម្រូវការទីផ្សារកូរ៉េ។

យ៉ាងណាក៏ដោយចុះ ទីផ្សារនាំចេញផ្លែស្វាយស្រស់របស់កម្ពុជានៅឆ្នាំនេះ ហាក់មិនសូវមានភាពល្អប្រសើរនោះទេ។ តួយ៉ាង តួលេខពីក្រសួងកសិកម្មបង្ហាញថា ការនាំចេញស្វាយស្រស់នៅរបស់កម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេស នៅ៣ខែឆ្នាំ២០២២ សម្រេចបានត្រឹមតែជាង៨ម៉ឺនតោនប៉ុណ្ណោះ ថយចុះជាង២០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា មូលហេតុដែលធ្វើការការនាំចេញកសិផលសំខាន់ៗរបស់កម្ពុជាធ្លាក់ចុះ រួមទាំងផ្លែស្វាយ និងចេកជាដើមនោះ គឺដោយសារតែ កត្តាខ្វះទូត្រជាក់សម្រាប់ផ្ទុកកសិផល បណ្ដាលឲ្យទូត្រជាក់ឡើងថ្លៃខ្លាំង ពោលគឺកើនខ្ពស់ជាងមុនពេលកូវីដដល់ទៅ៣ដងឯណោះ។ កត្តាមួយទៀតនោះ គឺ ការរឹតបន្ដឹងការត្រួតពិនិត្យទំនិញពីសំណាក់ប្រទេសជិតខាង ដូចជាវៀតណាម និងចិន ក្រោមវិធានការទប់ស្កាត់កូវីដ១៩ បណ្ដាលឲ្យទំនិញមានការរាំងស្ទះ។ មួយវិញទៀត ការនាំចេញកសិផលទៅវៀតណាមក៏មានការដាំក្បាលចុះខ្លាំងដែរ ដោយសារតែប្រទេសវៀតណាមជួបការលំបាកក្នុងការនាំចេញទៅចិន។ បន្ថែមពីនេះ ការរឹតបន្ដឹងលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ ក្រោយរកឃើញមានកូវីដ១៩នៅលើសម្បកវេចខ្ចប់ទំនិញ ក៏ជាការរារាំងដល់ដំណើរការនាំចេញផ្លែស្វាយពីកម្ពុជាទៅចិនផងដែរ៕

អត្ថបទ សោម ស្រីពេជ្រ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋកិច្ចរុស្ស៊ីកំពុងប្រឈមអ្វីខ្លះ ខណៈសហភាពអឺរ៉ុបត្រៀមដាក់ទណ្ឌកម្មថ្មីទី៦?

ព័ត៌មាន
អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃទី៣ ខែឧសភាថា សហភាពអឺរ៉ុបនឹងដាក់ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ីសម្រាប់ការឈ្លានពានលើប្រទេសអ៊ុ…

លោក ពូទីន សច្ចាថាចាត់វិធានការសងសឹកពួកប្រទេសបស្ចិមលោក ជាមួយនឹងការដាក់ទណ្ឌកម្មថ្មីតបតទៅវិញ

ព័ត៌មាន
ប្រធានាធិបតីប្រទេសរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានគំរាមកាត់ផ្ដាច់ការនាំចេញ និងកិច្ចព្រមព្រៀងជាមួយពួកប្រទេសបស្ចិមលោក និងព្រមានទៀតថា នឹងដាក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ