![រដ្ឋមន្ត្រីក្រសួងកសិកម្ម](https://cdn.cambonomist.com/media/images/asd123asdasdasdasd.2e16d0ba.fill-960x540.jpg)
ការជំរុញនេះធ្វើឡើងក្នុងពិធីប្រគល់កញ្ចប់កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ដល់សហគ្រាសជលផលក្រោយប្រមូលផល និងការដាក់ឱ្យដំណើរការជាផ្លូវការនៃប្រព័ន្ធអង្កេតតាមដានឌីជីថលកម្ពុជានៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ខណៈមានសហគ្រាសកែច្នៃផលិតផលជលផលចំនួន២៣បានទទួលកញ្ចប់កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគនេះ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជំរុញដល់ម្ចាស់សហគ្រាសទាំងអស់ចាប់យកឱកាសពង្រីកការនាំចេញផលិតផលទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប បើទោះបីជាទីផ្សារនេះមានការរឹតបន្តឹងលើបទបញ្ញត្តិមួយចំនួនក៏ដោយ។ ទោះបីការនាំចូលផលិតផលជលផលរបស់កម្ពុជាចូលទៅទីផ្សារអឺរ៉ុបមានលក្ខខណ្ឌតឹងរ៉ឹងក៏ពិតមែន ប៉ុន្តែថ្នាក់ដឹកនាំក្រសួងកសិកម្មអះអាងថា ទីផ្សារអឺរ៉ុបជាទីផ្សារពិសេស ដូច្នេះម្ចាស់សហគ្រាសទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវសុវត្ថិភាពម្ហូបអាហារ និងស្តង់ដាតម្រូវក្នុងការនាំចូល។
ដោយឡែក លោក ហ្គុនថឺរ ប៊ែរហ្គឺ នាយកគ្រប់គ្រងអគ្គនាយកដ្ឋានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអង្គការ UNIDO បានគូសបញ្ជាក់ថា តាមរយៈកិច្ចសហការជាសារវ័ន្តជាមួយរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុដៃគូ កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគអាចផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សហគ្រាសជលផល ខណៈកម្មវិធីនេះ ក៏មានគោលដៅផ្តល់តម្លៃបន្ថែម និងបង្កើនបរិមាណផ្គត់ផ្គង់ផលិតផលជលផល ដែលមានសុវត្ថិភាព ដើម្បីធ្វើឲ្យកាន់តែមានភាពប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ រួមទាំងសហភាពអឺរ៉ុបផងដែរ។
ជាមួយគ្នានេះលោក ប្រាយអិន ហ្វរណារី ប្រធានកិច្ចសហប្រតិបត្តិការនៃស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាជឿជាក់ថា ការគិតគូលើសុវត្ថិភាពម្ហូបអាហារ គឺជាកត្តាជំរុញដ៏សំខាន់មួយដល់កំណើនសេដ្ឋកិច្ច ហើយនៅពេលដែលសហគ្រាសអាចបំពេញបានតាមលក្ខខណ្ឌតម្រូវនៃស្តង់ដាសុវត្ថិភាពម្ហូបអាហារ រួមទាំងការអនុវត្តប្រព័ន្ធអង្កេតដាន សហគ្រាសទាំងនោះនឹងមិនត្រឹមតែអាចរីកចម្រើនក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអាចពង្រីកទៅកាន់ទីផ្សារអន្តរជាតិផងដែរ បន្ថែមលើការបង្កើតការងារ ជាពិសេសសម្រាប់ស្ត្រី និងលើកកម្ពស់សុខភាពសាធារណៈ។
ពាក់ព័ន្ធកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគនេះដែរ ឧកញ៉ា ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន ខនហ្វីរេល បានគូសបញ្ជាក់ថា កញ្ចប់ហិរញ្ញវត្ថុគាំទ្រការវិនិយោគ ដែលទទួលបានពីគម្រោង CAPFISH-Capture នឹងត្រូវយកទៅប្រើប្រាស់ ដើម្បីបង្កើនការកែច្នៃផលិតផលជលផល។ បើតាមអ្នកជំនាញរូបនេះ បច្ចុប្បន្នក្រុមហ៊ុន ខនហ្វីរេល បានកែច្នៃផលិតផលប្រហុកឱ្យក្លាយជាប្រហុកម្សៅ ដែលអាចរក្សាទុកបានយូរ និងប្រើប្រាស់បានទាំងនៅកម្ពុជា និងលើទីផ្សារអន្តរជាតិ។
សូមបញ្ជាក់ថា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់និរន្តរភាព និងភាពប្រកួតប្រជែងរបស់វិស័យជលផលនៅកម្ពុជាគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានប្រគល់កញ្ចប់គាំទ្រជាផ្លូវការដល់សហគ្រាសជលផលក្រោយប្រមូលផលចំនួន២៣តាមរយៈកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) និងកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូចនិងមធ្យម (VCIS) ដែលមានសហគ្រាសជាងពាក់កណ្តាលគ្រប់គ្រងដោយស្រ្តី។ កម្មវិធី ISF ត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០២៤ ក្នុងគោលដៅគាំទ្រដល់សហគ្រាសជាង ១០០ ក្នុងការសម្រេចបាននូវកំណើនប្រកបដោយចីរភាពនិងគ្រប់គ្រងដោយសាជីវកម្មធានាឥណទានកម្ពុជា (CGCC)៕
អត្ថបទ៖ បូ ដូឡា,រូបភាព សេង វិន